ដោយៈម៉ាណេត
សឹង្ហបុរីៈ ក្រុមហ៊ុនCapitaLand Retail ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Capital Land មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានដំណើរការផ្សារទំនើបជាច្រើននៅតំបន់ផ្សេងៗទៀត នៅអាស៊ី ដូចជាប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌា។
ក្រុមហ៊ុន CapitaLand Limited (CapitaLand) គឺជាក្រុមអចលនទ្រព្យចម្រុះដ៏ធំបំផុតមួយនៅអាស៊ី។ ដោយមានការិយាល័យកណ្តាល និងបានចុះបញ្ជីនៅប្រទេសសិង្ហបុរី ក្រុមហ៊ុនជាម្ចាស់ និងគ្រប់គ្រងផលប័ត្រសកលតម្លៃ ប្រមាណ១៣៣,៣ពាន់លានដុល្លារសិង្ហបុរី គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ផលប័ត្ររបស់ក្រុមហ៊ុន CapitaLand មានអចលនទ្រព្យចម្រុះ ដូចជា អចលនទ្រព្យបែបពាណិជ្ជកម្ម ផ្សារទំនើប ឧស្សាហកម្ម និងភស្តុភារ ការអភិវឌ្ឍចំរុះ ការអភិវឌ្ឍទីក្រុង ក៏ដូចជាកន្លែងស្នាក់នៅ និងលំនៅដ្ឋាន។
ដោយមានវត្តមាននៅទូទាំងទីក្រុងចំនួន២២០ ក្នុងប្រទេសជាង៣០ ក្រុមហ៊ុននេះផ្តោតសំខាន់លើសិង្ហបុរី និងចិន ដែលជាទីផ្សារស្នូលរបស់ខ្លួន ខណៈក្រុមហ៊ុនេះនៅតែបន្តពង្រីកទីផ្សារដូចជាប្រទេសឥណ្ឌា វៀតណាម អូស្ត្រាលី អឺរ៉ុប និងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនCapitaLand មានអាជីវកម្មគ្រប់គ្រងអចលនទ្រព្យធំជាងគេបំផុតមួយនៅទូទាំងពិភពលោក។ ក្រុមហ៊ុន គ្រប់គ្រងការវិនិយោគលើអចលនទ្រព្យចំនួន៦ (REITs) ដែលបានចុះបញ្ជី និងអាជីវកម្មជាច្រើនទៀត របស់មូលនិធិឯកជនជាង២០ផងដែរ។
ក្រុមហ៊ុន CapitaLand បានបើកដំណើរការ REIT ដំបូងនៅសិង្ហបុរីក្នុងឆ្នាំ២០០២ ហើយបច្ចុប្បន្ន ក្រុមហ៊ុនCapitaLand មានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចក្រុមហ៊ុនCommercialTrust ក្រុមហ៊ុន Ascendas Real Estate Investment Trust ក្រុមហ៊ុន Ascott Residence Trust ក្រុមហ៊ុន CapitaLand Retail China Trust ក្រុមហ៊ុន Ascendas India Trust និងក្រុមហ៊ុន CapitaLand Malaysia Mall Trust។
ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យ ប្រកបដោយការទទួលខុសត្រូវ ក្រុមហ៊ុនCapitaLand ចូលរួមចំណែកដល់ការជួយបរិស្ថាន និងសុខុមាលភាពសង្គមរបស់សហគមន៍ ដែលខ្លួនធ្វើប្រតិបត្តិការ ព្រោះវាផ្តល់តម្លៃសេដ្ឋកិច្ចរយៈពេលវែងដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។
កន្លងមកនេះ CapitaLand Retail ក៏ធ្លាប់ជាក្រុមហ៊ុនទទួលបានការតែងតាំងជាអ្នកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុនសម្ព័ន្ធ ដែលមានទីតាំងស្ថិតនៅអគារ The Peak នៃរាជធានីភ្នំពេញ។
ប៉ុន្តែក្រុមហ៊ុន Oxley Gem (Cambodia) Co. , Ltd និងក្រុមហ៊ុន CapitaLand Retail បានបញ្ចប់ជាស្ថាពរ តាមរយៈការព្រមព្រៀងទ្វេរភាគីនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ៕






