ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសស្ដីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ នេះបើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ប្រកាសនេះមានគោលបំណងកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដើម្បីឲ្យមានសង្គតិភាពក្នុងការគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព តម្លាភាព និងសមធ៌ម ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា។
ប្រកាសនេះមានវិសាលភាពអនុវត្តន៍ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីពន្ធដារចាប់ពីឆ្នាំ២០២១តទៅ។
ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្មនិងពាណិជ្ជកម្ម។ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានចាត់ថ្នាក់ជាបីប្រភេទដូចខាងក្រោម៖
១ អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិ ដែល៖
ក- មានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀលដល់១០០០លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ ខ- មានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀល ដល់១ ៦០០លានរៀលសម្រាប់វិស័យឧស្សាហកម្ម។ គ- មានផលរបរក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី៦០លានរៀលឡើងទៅ។ ឃ- រំពឹងថាមានផលរបរក្នុងរយៈពេលបីខែជាប់គ្នាខាងមុខចាប់ពី៦០លានរៀលឡើងទៅ។ ង- ចូលរួមដេញថ្លៃពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវា រួមទាំងភាស៊ី។
២- អ្នកជាប់ពន្ធមធ្យមគឺជាបុគ្គល ដែលស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖ ក- មានផលរបរប្រចាំឆ្នាំលើសពី១០០០លានរៀល ដល់៤០០០លានរៀល សម្រាប់វិស័យកសិកម្ម។ ខ- មានផលរបរប្រចាំឆ្នាំលើសពី១០០០លានរៀល ដល់៦០០០លានរៀល សម្រាប់វិស័យ សេវាកម្ម និងពាណិជ្ជកម្ម។ គ- មានផលរបរប្រចាំឆ្នាំលើសពី១៦០០លានរៀល ដល់៨០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ។ ឃ- ជាសហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង។ ង- ជាស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។ ច- ជាបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា ឬតម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។
៣- អ្នកជាប់ពន្ធធំ គឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖ ក- មានផលរបរប្រចាំឆ្នាំលើសពី៤០០០លានរៀល សម្រាប់វិស័យកសិកម្ម ឬមានផលរបរប្រចាំឆ្នាំលើសពី ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្មនិងពាណិជ្ជកម្ម។ ខ- មានផលរបរប្រចាំឆ្នាំលើសពី៨០០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ។ គ- ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស។ ង- ជាសហគ្រាសដែលបាន ចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់៕