ដោយគង់ ម៉ាលីនណា
ភ្នំពេញ: រដ្ឋាភិបាលនិងដៃគូអភិវឌ្ឈន័បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីរៀបចំផែនការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
កិច្ចប្រជុំ ដែលដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានចូលរួមពីសំណាក់តំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជា ដែលរួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារពិភពលោក (World Bank) និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។
កិច្ចប្រជុំនេះមានគគោលដៅ ដើម្បីពិភាក្សាពិគ្រោះយោបល់លើការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ និងទស្សនវិស័យសេដ្ឋកិច្ចក្នុងរយៈមធ្យម និងប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធ នឹងការរៀបចំក្របខណ្ឌផែនការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ ។
លោកវង្សី វិស្សុតបានមានប្រសាសន៍ថា “វិបត្តិនៃជំងឺកូវីដ-១៩ នៅមិនទាន់ចប់ទេ ទោះបីជាយើងបានឃើញថា មានពន្លឺនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក្តី” ។ លោកបន្តថា “ទន្ទឹមនឹងនេះ រលកថ្មីនៃការងើបឡើងវិញនៃជំងឺនេះ ពិសេសការរីករាលដាលនៃជំងឺកូវីដ ប្រភេទថ្មីនៅតាមបណ្តា ប្រទេសមួយចំនួន បាននិងកំពុងបង្កើតឱ្យមានក្តីបារម្ភថ្មី ចំពោះពិភពលោក ដែលប្រការនេះនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភព លោកបន្តស្ថិតក្នុង ភាពមិនច្បាស់លាស់តទៅទៀត” ។
លោកវង្សី វិស្សុតបានបន្តថា ពិតណាស់ថា វ៉ាក់សាំងនឹងជួយធ្វើឱ្យយើងអាចយកឈ្នះ លើជំងឺកូវីដក្តី តែចំណោទអំពីប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពនៃវ៉ាក់សាំង នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ជាងនេះទៅទៀត បណ្តាប្រទេសនានា ដោយរួមទាំងកម្ពុជាផងដែរ បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមាន បណ្តាលមកពី៖ (១).ភាពតានតឹងនៃភូមិសាស្ត្រនយោបាយនៃពិភពលោក និងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដែលកាន់តែស្រួចស្រាល់ (២).ប្រទេសជាច្រើននៅក្នុងពិភពលោក ពិសេសបណ្តាប្រទេសអភិវឌ្ឍន៍ បានប្រើប្រាស់ស្ទើរតែអស់លទ្ធភាពទៅហើយនូវឧបករណ៍គោលនយោបាយនានា ទាំងផ្នែកសារពើពន្ធ និងរូបិយវត្ថុ ពិសេសការ បោះ ពុម្ភក្រដាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។
លោកថ្លែងថា “កម្ពុជាដែលជាផ្នែកមួយនៃពិភពលោក មិនអាចជៀសផុតពីជំងឺនេះទ តែរហូតមកដល់នឹងពេលនេះ ក្រោមការដឹកនាំដ៏ ប៉ិនប្រសព្វ វ័យឆ្លាត និងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខ នៃរាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជាយើងមានសមត្ថភាព និងលទ្ធភាពអាចគ្រប់គ្រងសភាពការណ៍ វិបត្តិនៃជំងឺកូវីដ-១៩ ទាំងលើសមរភូមិសេដ្ឋកិច្ច និងសមរភូមិសុខមាលភាពប្រជាជន” ។
ទោះបីយ៉ាងណាលោកវង្សី វិស្សុត មានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ នឹងផ្តោតលើអភិក្រមចំនួន៣ ដូចជា ទី១.យុទ្ធសាស្ត្រ ដើម្បីរស់ (Survival) ដើម្បីជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចផង និងដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផង ព្រមទាំងដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម និងធុរកិច្ច ពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងក្នុងវិស័យថ្មីៗដែលមានសក្តានុពល ព្រមទាំងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងការជំរុញការប្រើប្រាស់ និងការចំណាយក្នុងស្រុក។
ទី២ ការកែទម្រង់ (Reform) សំដៅពន្លឿនការធ្វើពិពិធកម្ម ទាំងផ្នែកផលិតកម្ម សេវាកម្ម និងទីផ្សារ ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង ដោយផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឱ្យក្លាយទៅជាឱកាស។
ទី៣. ការកសាងភាពធន់ (Resilience) ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យគន្លឹះ ការបង្កើនការអភិវឌ្ឍធនធានមនុស្ស, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសុខាភិបាល, ការធានាធនធានក្នុងស្រុកគ្រប់គ្រាន់ ដោយការបង្កើនលំហរថវិកា ការធានាភាពធន់ក្នុងវិស័យហិរញ្ញវត្ថុ តាមការអភិវឌ្ឍយន្តការឆ្លើយតបទៅនឹងវិបត្តិ និងការបង្កើនប្រភពហិរញ្ញប្បទានក្នុងស្រុក (ដូចជា ការបោះផ្សាយមូលបត្ររដ្ឋ) ការកាត់បន្ថយភាពពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ ដោយការជំរុញការធ្វើពិពិធកម្ម និងការពង្រឹងភាពប្រកួតប្រជែង និងការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍបៃតង (Green Growth) ដែលធានាតុល្យភាពរវាងតម្រូវការអភិវឌ្ឍន៍ និងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុជាដើម។
សេដ្ឋកិច្ចសកល ក្នុងឆ្នាំ២០២០ ត្រូវបានវាយតម្លៃថាអាចនឹងធ្លាក់មកក្នុងអត្រា -៤,៤% ដោយសារការដាក់ចេញនូវវិធានការនានាសំដៅ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំង ដល់ដំណើរការសេដ្ឋកិច្ចសកល ទាំងលើសកម្មភាពផលិតកម្ម ការប្រើប្រាស់ និងការវិនិយោគ។
យ៉ាងណាមិញ កំណើនត្រូវបានរំពឹងថា នឹងងើបឡើងវិញមកក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ ២០២១ ក្រោមការរំពឹងទុកថាវ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើមចែកចាយក្នុងឆ្នាំ ២០២១ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ច បន្តងើបឡើងវិញជាបណ្តើរ។
ទោះជាយ៉ាងនេះក្តី ការព្យាករថាកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២១ នឹងងើបឡើងវិញនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ព្រមទាំងអាស្រ័យស្ទើរតែទាំងស្រុងលើប្រសិទ្ធភាព និងលទ្ធភាពក្នុងការចែកចាយវ៉ាក់សាំងកូវីដ-១៩ ៕