ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រោមការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិននៅត្រឹមឆ្នាំ២០២១នេះ ក្រៅពីអាចមានលទ្ធភាពក្នុងការនាំទំនិញចេញទៅកាន់ទីផ្សារដ៏ទូលាយរបស់ប្រទេសចិនដែលមានប្រជាជនជាង១៤០០លាននាក់នោះ កម្ពុជាក៏នឹងក្លាយទៅជាមជ្ឈមណ្ឌលចែកចាយបន្តនូវទំនិញរបស់មហាអំណាចចិនទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានប្រសាសន៍ប្រាប់គេហទំព័រ www.propertyarea.asia នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះថាស្ថិតក្រោមការអនុវត្តនវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-ចិន កម្ពុជាមិនមានការខាតបង់ដូចទស្សនៈមួយចំនួនតូចដែលបានលើកឡើងនោះទេ ផ្ទុយទៅវិញ កម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីប្រទេសមហាអំណាចសេដ្ខកិច្ចមួយនេះ។
លោកឧកញ៉ាបន្តថា “មានការព្រួយបារម្ភថា តាមរយៈកិច្ចព្រមព្រៀងមួយនេះ ចិននឹងនាំយកទំនិញមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើនដែលអាចជះឥទ្ធិពលដល់ផលិតផលក្នុងស្រុកនោះហាក់មិនសមហេតុផលនោះទេ។ បច្ចុប្បន្ន ទំនិញចិនបានចូលមកកាន់ទីផ្សារកម្ពុជារួចទៅហើយ ក្រៅពីនេះក៏មានទំនិញមកពីបណ្តាប្រទេសនានានៅលើពិភពលោកដែរដូចជាទំនិញរបស់ថៃ កូរ៉េ វៀតណាម បារាំង អ៊ីតាលី និងបណ្តាប្រទេសជាច្រើនទៀតនៅប៉ែកអឺរ៉ុប ដូច្នេះនៅពេលដែលមានទំនិញកាន់តែច្រើនការប្រកួតប្រជែងនឹងកើតមាន”។
លោកបន្តថា “បើប្រៀបធៀបទីផ្សារកម្ពុជាជាមួយចិន និងអាស៊ាន គឺមានទំហំតូចណាស់ ដូច្នេះការនាំទំនិញរួចពន្ធពីប្រទេសចិនមកកាន់កម្ពុជាវាមិនមានបញ្ហាដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវមានឱកាសក្នុងការពង្រីកទំហំសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនលទ្ធភាពក្នុងការផលិតដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយតាមរយៈឱកាសមួយនេះកម្ពុជាក៏អាចទាក់ទាញកំណើននៃចំនួនវិនិយោគថ្មីបន្ថែមពីបណ្តាប្រទេសនានាដោយសារតែការនាំទំនិញចេញពីប្រទេសកម្ពុជាទៅទីផ្សារដ៏ធំជាង១៤០០លាននាក់មិនជាប់ពន្ធ”។
លោកឧកញ៉ាលឹម ហេង ក៏បានលើកឡើងផងដែរថា ក្រៅពីផលប្រយោជន៍ខាងលើនេះ កម្ពុជាក៏អាចនឹងក្លាយជាមជ្ឈមណ្ឌលចែកចាយទំនិញរួចពន្ធរបស់ប្រទេសចិនទៅកាន់ទីផ្សារអាស៊ានដែលមានជាង៦០០លាននាក់ផងដែរ ដែលវាជាការបង្កើននូវចំណូលផ្ទៃក្នុងរបស់កម្ពុជា ព្រោះនៅពេលដែលមានការនាំចូលទំនិញច្រើនប្រភេទវានឹងទាមទារឱ្យមានតម្រូវការទីតាំងផ្ទុកទំនិញ មានតម្រូវការកម្លាំងពលកម្ម រួមជាមួយនឹងសេវានៃការដឹកជញ្ជូនផងដែរ ដែលទាំងអស់នេះសុទ្ធតែជាការបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិទាំងអស់តាមរយៈការបង់ពន្ធផ្ទៃក្នុង៕