មន្រ្តីជាន់ខ្ពស់ៈស្ពានតភ្ជាប់តំបន់អរិយក្សត្រនឹងសាងសង់ចេញពីទីក្រុងកោះនរា

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី  នគរូបនីយកម្ម និងសំណង់បានបង្ហើបឲ្យដឹងថា ស្ពានតភ្ជាប់ទៅតំបន់អរិយក្សត្រ នឹងសាងសង់ចេញពីទីក្រុងកោះនរានាពេលអនាគត។

មន្រ្តីដដែលបាននិយាយឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការរៀបចំផែន​ការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះ បានធ្វើរួចហើយ ប៉ុន្តែរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន មិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ព្រោះវាពាក់ព័ន្ឋនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ នគរូបនីយកម្ម និងកំនើនតម្លៃដីធ្លី។

មន្រ្តីជាន់ខ្ពស់រូបនោះបានបញ្ជាក់ថា “បច្ចុប្បន្នធនាគារកាណាឌីយ៉ា ដែលជាសម្ព័ន្ឋធនាគារជាមួយក្រុមហ៊ុនOCIC បានទិញដីប្រមាណ១០០ហិកតា នៅប្របមាត់ទន្លេនាតំបន់អរិយក្សត្ររួចហើយ ដើម្បីសាងសង់ជាបុរីនិងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា”។លោកបន្តថា “ការកសាងស្ពានចេញពីតំបន់ទីក្រុងកោះនរា ទៅកាន់អរិយក្សត្រ វាជួយលើកកំពស់សោភ័ណភាពក្រុងផង និងជួយកាត់បន្ថយការចំណាយផង ដោយសារស្ពានមានចម្ងាយខ្លី”។

ប្រភពព៌តមានពីមន្រ្តី ដែលជាអាជ្ញាធរមូលដ្ឋានក៏បានបង្ហើបឲ្យដឹងផងដែរថា បច្ចុ​ប្បន្នក្រុមហ៊ុនបុរីប៉េង ហួត បុរីកាណាឌីយ៉ា បុរីពិភពថ្មី និងបុរីធំៗជាច្រើនទៀតបានប្រមូលទិញដីនៅតំបន់នោះ ក្នុងទំហំរាប់រយហិកតារួចហើយ ប៉ុន្តែការសាងសង់នាពេលណា វាអាស្រ័យលើស្ពានតភ្ជាប់ទៅអរិយក្សត្រ នឹងសាងសង់នៅពេលណាប៉ុណ្ណោះ។

មន្រ្តីជាន់ខ្ពស់ដដែលមិនបានបង្ហើបថា ស្ពាននឹងត្រូវសាងសង់នាពេលណានោះទេ ប៉ុន្តែវាអាចនឹងប្រកាសសាងសង់ដោយប្រមុខរដ្ឋាភិបាល នៅពេលស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាសាងសង់រួច។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ថា ក្រុមហ៊ុនមិនទាន់មានផែនការ ឬបញ្ចេញផែនការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះនរា ទៅកាន់តំបន់អរិយក្សត្រឬយ៉ាងណានោះទេ។

ទោះជាយ៉ាងណាលោកបានបង្ហើបឲ្យដឹងថា “យ៉ាងណាអ្វីៗក៏អាចកើតឡើងបានដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here