ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចុះសិក្សាពីសក្ដានុពលខេត្តបាត់ដំបង

0

ដោយៈ រ៉ាណេត

បាត់ដំបងៈជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងផ្នែកកសិកម្ម និងផ្នែកអប់រំ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចុះពិនិត្យមើល និងសិក្សាបន្ថែមពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដោយផ្តោតសំខាន់ទៅលើការបង្កើនលទ្ធភាពក្នុងការផលិតកសិកម្មសម្រាប់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W.Patric Murphy បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះថា សហរដ្ឋអាមេរិកនឹងបន្តរឹតចំណ​ងមិត្តភាពទ្វេភាគីជាមួយកម្ពុជា ក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក នឹងនៅតែសហការធ្វើការបន្តនូវកម្មវិធីរបស់អង្គការ Peace Corp ជាថ្មីម្ដងទៀត ក្នុងការបញ្ជូនអ្នកស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក ចុះជួយផ្នែកវិស័យអប់រំជាថ្មីនៅក្នុងខេត្តបាត់ដំបង។

លោកបានបន្តថា “ការបញ្ជូនអ្នកស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ចុះជួយផ្នែកអប់រំសាជាថ្មី នៅមកកាន់ខេត្តបាត់ដំបង ដែលកម្ពុជាជាដំបូងគេក្នុងពិភពលោក ដោយសារប្រទេសកម្ពុជា បានធ្វើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩បានល្អជាងគេ ស្របពេលដែលបណ្ដាប្រទេសដទៃទៀត មិនទាន់អាចបន្តកម្មវិធីរបស់អង្គការPeace Corp ដូចកម្ពុជាបាននៅឡើយ”។

នៅក្នុងឱកាសនោះផងដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានសិក្សាបន្ថែមពីសក្ដានុពល និងសន្ទុះនៃការអភិវឌ្ឍន៍របស់ខេត្តបាត់ដំបងផងដែរ ដើម្បីអាចផ្សព្វផ្សាយបន្តកៀងគរបណ្តាអ្នកវិនិយោគមកពីសហរដ្ឋអាមេរិក ចូលមកកាន់ខេត្តបាត់ដំបងផងដែរ។

អភិបាលខេត្តបាត់ដំបង លោកងួន រតនៈបានមានប្រសាសន៍ថា តាមរយៈអង្គការនានាក្រោមជំនួយរបស់សហរដ្ឋអាមេរិក បានជួយប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងផ្នែកកសិកម្ម និងផ្នែកអប់រំជាដើម ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ។

លោកបន្តទៀតថា ខេត្តបាត់ដំបង មិនខុសពីបណ្ដាខេត្តនានានៅប្រទេសកម្ពុជា ដែលបានជួបនូវវិបត្តិគ្រោះធម្មជាតិនានា មានដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ហើយចំពោះគ្រោះទឹកជំនន់កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានសហការគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងនានា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋភ្លាមៗឲ្យបានទាន់ពេលវេលា ជៀសវាងប្រជាពលរដ្ឋជួបប្រទះនូវហានិភ័យមួយចំនួន អាចប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋ។

លោកបន្តថា “រដ្ឋបាលខេត្តបានធ្វើការជួយសង្រ្គោះ ជាបន្តបន្ទាប់ដោយការចែកជាអំណោយជាស្បៀងសង្រ្គោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចក្រឡាហោម សខេង ព្រមទាំងពីសំណាក់សប្បុរសជននានា បានចុះចែកជូនប្រជាពលរដ្ឋភ្លាមៗ សម្រាប់ប្រជាពលរដ្ឋ អាចធ្វើការដោះស្រាយការហូបចុកបានបណ្ដោះអាសន្នមួយគ្រាដែរ”។ លោកបន្តថា “រាជរដ្ឋាភិបាលបានបញ្ចេញវិធានការណ៍ថ្មីមួយទៀតក្រោយទឹកជំនន់សម្រកទៅវិញ គឺករស្ដារជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយបានបញ្ចេញគ្រាប់ពូជស្រូវ គ្រាប់ពូជដំណាំនានា ដើម្បីឲ្យប្រជាពលរដ្ឋយកទៅធ្វើការដាំដុះបង្កើនជីវភាពឲ្យបានឆាប់រហ័ស ក្រោយរងផលប៉ះពាល់ដោយសារទឹកជំនន់កន្លងមកនេះ”។

លោកអភិបាលខេត្តបានបន្តទៀតថា បញ្ហាកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ជីវភាព និងសិស្សានុសិស្សមិនអាចចូលរៀនបាន ជាក់ស្ដែងដូចជាសាលារៀននានាដែលជាប់ភារកិច្ច ធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ ពលករមកពីប្រទេសថៃ បានរាំងស្ទះដំណើរការនៃការចូលរៀនរបស់សិស្សានុសិស្ស នៅតាមព្រំដែនមិនអាចដំណើរការបាន​។ទន្ទឹមនឹងនេះ លោកក៏បានធ្វើការថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់ជាជំនួយនានា ក្នុងនោះមានអង្គការPeace Corp ដែលជាអង្គការមួយជួយដល់វិស័យអប់រំនៅក្នុងខេត្តបាត់ដំបង នៅតាមសាលារៀនផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here