ដោយៈ រ៉ាណេត
ភ្នំពេញៈ ការបង្កើតក្រុមហ៊ុនមួយវាមិនមែនជារឿង ដែលលំបាកពេកនោះទេ ប៉ុន្តែការគ្រប់គ្រងបុគ្គលិក ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបន្តដំណើរការរបស់ក្រុមហ៊ុនឱ្យមានភាពរីកចម្រើននោះ ទើបជារឿងដែលលំបាក ដែលត្រូវតែមានយុទ្ធសាស្ត្រក្នុងការអនុវត្ត។
ការអនុវត្តជាច្រើន ដែលត្រូវធ្វើប្រសិនបើអ្នកជាម្ចាស់ទុន និងរឹតតែជាប្រធានទីផ្សារនៃការលក់ ដែលតម្រូវឱ្យមានការស្គាល់ នូវសមាសភាពបុគ្គលិកគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានភាពរីកចម្រើន។ គ្រប់អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងអស់ គឺសុទ្ធតែមានយុទ្ធសាស្ត្រផ្សេងៗពីគ្នា ប៉ុន្តែសម្រាប់រូបលោកផ្ទាល់ បានអនុវត្តនូវយុទ្ធសាស្ត្រចំនួន៤ចំណុចនេះ។
ទី១ ទុកបុគ្គលិកដូចជាបងប្អូនបង្កើត
ធម្មតាបុគ្គលិក ដែលចូលមកបម្រើការងារ នៅក្នុងក្រុមហ៊ុនដែលជ្រកនៅក្រោមដំបូលតែមួយ វាប្រៀបបានទៅនឹងក្រុមគ្រួសារ។ ដូច្នេះការយោគយល់ ការផ្តល់ក្ដីអាណិតស្រឡាញ់ ក្នុងនាមជាសមាជិកគ្រួសារ ចាំបាច់ត្រូវតែផ្តល់ដល់ពួកគេស្មើៗគ្នា។ នៅពេលមានបញ្ហាណាមួយកើតឡើង ត្រូវតែការជជែកវែកញ៉ែកពីហេតុបង្ក រួមជាមួយនឹងការស្វែងរកដំណោះស្រាយ ជាជាងការស្ដីបន្ទោសទាំងកម្រោល និងគ្មានហេតុផលនោះទេ។
ទី២ ភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្ត និងក្ដីសង្ឃឹមដល់បុគ្គលិក
លើសពីការចាត់ទុកជាសមាជិក នៅក្នុងក្រុមគ្រួសារតែមួយ ក្នុងនាមជាអ្នកគ្រប់គ្រង និងដឹកនាំ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្តខ្ពស់ ជាពិសេសផ្តល់នូវក្ដីសង្ឃឹមដល់បុគ្គលិកក្រោយឱវាទ។
នៅពេលបុគ្គលិកបំពេញការងារ បានលទ្ធផលល្អប្រសើរគឺប្រាប់ថាល្អ ប្រសិនបើការងារជួបបញ្ហា ឬជួបភាពបរាជ័យ ប្រាប់ថាបរាជ័យនៅចំពោះបុគ្គលិក ដើម្បីកែប្រែកំហុស ដែលវាជាវិធីល្អមួយ ក្នុងការកែតម្រូវបុគ្គលិក ឱ្យកាន់តែមានប្រសិទ្ធភាពការងារ ល្អជាងការគាំទុកក្នុងចិត្ត ដែលប្រៀបបានទៅនឹងការជម្រុញ ឱ្យធ្លាក់ជ្រោះជ្រៅយ៉ាងដូច្នោះដែរ។
ទី៣ បរិយាកាសការងារគឺយកលទ្ធផលជាធំ
ក្រុមហ៊ុន ឬកន្លែងធ្វើការ មិនមែនជាកន្លែងហាត់រៀនច្បាប់ទាហាននោះទេ។ មានន័យថា បរិយាកាសនៃកន្លែងបំពេញការងារ ក៏ត្រូវតែមានភាពរីករាយស្រស់ស្រាយ ដើម្បីជម្រុញអារម្មណ៍ និងស្មារតីរបស់បុគ្គលិក ឱ្យចេះស្រឡាញ់ការងារ ខិតខំបំពេញភារកិច្ចជាប់ជាប្រចាំ។
លទ្ធផលការងារជាធំ ដូច្នេះសំពាធស្មារតី និងអារម្មណ៍ ទៅលើច្បាប់ទម្លាប់ហាក់ត្រូវបានកាត់បន្ថយខ្លះ។ ប៉ុន្តែមិនមែនមានន័យថា មានភាពធូរលុងរហូតបាត់បង់វិន័យនៅក្នុងក្នុងក្រុមហ៊ុននោះទេ។
ទី៤ ការផ្តល់រង្វាន់ និងការដាក់ពិន័យ
នេះជាចំណុចរួមមួយ ដែលស្ទើរតែគ្រប់បុគ្គលិកទាំងអស់ត្រូវការ។នៅពេលបំពេញការងារបានល្អ ទទួលបានលទ្ធផលប្រសើរ គួរតែមានការលើកទឹកចិត្ត តាមរយៈការផ្តល់ជារង្វាន់ ជាប្រាក់ឧបត្ថម្ភបន្ថែមទៅលើមុខងារ ដែលជាការជម្រុញទឹកចិត្តបុគ្គលិកឱ្យកាន់តែបង្កើនភាពខិតខំរបស់ខ្លួន។
ប៉ុន្តែនៅពេលដែលបុគ្គលិកបង្កជាបញ្ហា ដែលលើសពីការគិត ចាំបាច់ត្រូវតែមានការពិន័យ ឬបង្គាប់ឱ្យមានការកែតម្រូវ ទៅលើការអនុវត្តរបស់បុគ្គលិក ដែលអនុវត្តន៍ខុសគោលការណ៍ក្រុមហ៊ុន ដើម្បីជាការព្រមាន និងបង្ហាញទៅដល់បុគ្គលិកដទៃទៀតដែរ៕