ខេត្តកំពត​ទទួលបាន​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ជាង ៣៧លាន​ដុល្លារ

0

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ ពេញ​មួយឆ្នាំ២០២០កន្លងទៅនេះ ខេត្តកំពត​ដែលជា​គោលដៅ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​ទីផ្សារ​ទេសចរណ៍​ដ៏​ទាក់ទាញ ទទួលបាន​កំណើន​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​សរុប​ចំនួន ៣៧លាន​ដុល្លារ ទៅលើ​គម្រោង​សំណង់៣០១គម្រោង មាន​ផ្ទៃក្រឡា​សរុប​ចំនួន ១០២២៨៥ម៉ែត្រការ៉េ។

លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា បច្ចុប្បន្ននេះ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ទូទាំង​ខេត្ត​កំពុងមាន​ការរីកចម្រើន​យ៉ាងខ្លាំង ដែល​បាន​ជម្រុញ​ការរីកលូតលាស់ នៃ​សេដ្ឋកិច្ច​ខេត្តកំពត។

យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តកំពត​នៅក្នុង​ឆ្នាំ២០២០ វិស័យ​សំណង់​មាន​ចំនួន៣០១គម្រោង មាន​ផ្ទៃក្រឡា​សរុប​ស្មើនឹង១០២,២៨៥ម៉ែត្រការ៉េ ដែល​គិត​ជា​តម្លៃ​ទុនវិនិយោគ​ស្មើនឹង​ប្រមាណ៣៧លាន​ដុល្លា​អាមេរិក កើន២,៧ភាគរយ និង​ចំនួន​គម្រោង​កើនឡើង៣៩ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៩ ។

ជាមួយនឹង​ភាព​រីកចម្រើន និង​កំណើន​នៃ​គម្រោង​អភិវឌ្ឍន៍ នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ទូទាំង​ខេត្ត​នៅពេលនេះ លោក​អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​គណៈកម្មកា​រ​ខេត្ត ត្រួតពិនិត្យ​សំណង់​គ្រប់​ប្រភេទ ទាំង​នៅតាម​បណ្តា​ក្រុង ស្រុក ក៏ដូចជា​ទូទាំង​ខេត្ត ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​ពង្រឹង និង​តាមដាន​សកម្មភាព​សំណង់ និង​ក្រុម​ជាងសំណង់​ទាំងអស់​ដើម្បី​ពង្រឹងគុណភាព និង​សុវត្ថិភាព​សំណង់ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​គោរព​ច្បាប់ ដោយ​ដាក់​ពាក្យសុំ​លិខិតអនុញ្ញាត​សាងសង់ និង​ជួសជុល​បណ្តា​សំណង់​គ្រប់​ប្រភេទ។

ភ្ជាប់​ជាមួយនឹង​ការទទួលបាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​នៅ​ទូទាំង​ខេត្តកំពត លោក​បណ្ឌិត តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ R Investment Group បានបង្ហាញ​ពី​ក្ដី​សាទរ ទៅនឹង​អ្វីដែល​ខេត្តកំពត​ទទួលបាន​នៅពេលនេះ ជាមួយនឹង​ការបញ្ជា​ក់ថា គម្រោង​បណ្តាក់​ទុនវិនិយោគ ដែលមាន​ទំហំ​ជាច្រើន​លាន​ដុល្លារ​ខាងលើនេះ ដែល​ភាគច្រើន ជាការ​វិនិយោគ​ទៅលើ​ការបង្កើត​តំបន់​កម្សាន្ត​ទ្រង់ទ្រាយ​ធំ រួម​ជាមួយនឹង​ការសាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ។

លោក​បណ្ឌិត​បាន​បន្តទៀត​ថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ” ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុង​បន្ត​អភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​បណ្ឌិត តេង រិទ្ធី ក៏បាន​បញ្ជាក់ថា សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣ទៅ ៤ម៉ឺន​ដុល្លារ​ឡើងទៅ​សម្រាប់​លំនៅដ្ឋាន​បែប​លំហែរ​មួយ​ខ្នង៕

LEAVE A REPLY

Please enter your comment!
Please enter your name here