ពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានទំហំទឹកប្រាក់ជាង២០ពាន់លានដុល្លារក្នុងរយៈពេល៦ឆ្នាំចុងក្រោយ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាមេរិក សម្រេចបានសរុបប្រមាណ២០,៩២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២០។ នេះបើយោងតាមទិន្ន័យ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

យោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលចេញផ្សាយកាលថ្មីៗនេះបានឱ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២ ៣៦៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ២២៨លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ហាក់ថមថយបន្តិច មានទឹកប្រាក់២ ៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅអាមេរិក នៅតែបន្តកើនឡើង ដោយនាំចេញបាន២ ១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៧៣លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន២ ៤០៨លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៩៦លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់៣ ៤៣៨លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន៣ ០៥១លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញមានតែ៣៨៦លានដុល្លារប៉ុណ្ណោះ។

ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៤ ៧១៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញ បាន៤ ៤០២លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញមានតែជាង៣១១លានដុល្លារប៉ុណ្ណោះ។

សម្រាប់រយៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក សម្រេចបានសរុបចំនួនជាង៥ ៥០៩លានដុល្លារអាមេរិក កើនឡើង១៦.៨៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង៤ ៧១៣លានដុល្លារអាមេរិក។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនីអេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here