ឥណ្ឌូនេស៊ី អះអាងថា មូលនិធិ​ថ្មី​មួយ​របស់ខ្លួន​ទាក់ទាញ​បានការ​វិនិយោគ​ដល់​ទៅ ១០ពាន់​លាន​ដុល្លារ

0

ដោយ សុខុម

ហ្សា​ការ​តា៖ សារព័ត៌មាន CNA ចុះផ្សាយ​ថា ប្រទេស​ឥណ្ឌូនេស៊ី ទទួលបាន​ការវិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​ជុំវិញ​ពិភពលោក​រហូតដល់ ១០ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​មូលនិធិ Sovereign Wealth Fund (SWF) របស់ខ្លួន នៅមុន​ការចាប់ផ្ដើម​ដំណើរការ​មូលនិធិ​នេះ​ជា​ផ្លូវ​ការដែល​គេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ២០២១ នេះ។ នេះ​បើ​យោងតាម​ទេសរដ្ឋមន្ត្រី​មួយរូប​ទម្លាយ​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ ទី២៦ មករា។

អាជ្ញាធរ​ឥណ្ឌូនេស៊ី ទទួលបន្ទុក​ផ្នែក​វិនិយោគ (Indonesia Investment Authority (INA)) មានបំណង​ទាក់ទាញ​មូលនិធិ​បរទេស​ឱ្យ​ចូលរួម​ធ្វើជា​សហ​វិនិយោគិន ដែល​ខុសពី​មូលនិធិ SWF ផ្សេងទៀត​ដែល​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ចំណូល​ប្រេង ឬ​រូបិយប័ណ្ណ​បរទេស។

ទេសរដ្ឋមន្ត្រី Airlangga Hartarto និង​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី បាន​ថ្លែងប្រាប់​វេទិកា​ពាណិជ្ជកម្ម​មួយ​ថា INA ត្រូវបាន​លើក​ឱ្យ​ស្ថិត​ក្នុងចំណោម​វិនិយោគិន​ចំនួន​ជាង ៥០ ជុំវិញ​ពិភពលោក។

ជាមួយនឹង​គោលដៅ​គ្រប់គ្រង​មូលនិធិ ២០ ពាន់​លាន​ដុល្លារ​អាមេរិក រដ្ឋាភិបាល​ឥណ្ឌូនេស៊ី នឹងត្រូវ​ផ្ដល់​សាច់ប្រាក់​ចំនួន ៥ ពាន់​លាន​ដុល្លារ​អាមេរិក និង​ទ្រព្យសកម្មផ្សេងៗទៀត​ដល់ INA ជាមុនសិន។

បទ​បង្ហាញ​របស់​ទេសរដ្ឋមន្ត្រី​ខាងលើ​បង្ហាញថា មូលនិធិ​សោធន​កាណាដា Caisse de depot et placement du Quebec (CDPQ) បាន​ចុះហត្ថលេខា​លើ​លិខិត​ក្រៅផ្លូវការ​មួយ​ដោយ​បញ្ជាក់​ពី​បំណង​វិនិយោគ​ដល់​ទៅ ២ ពាន់​លាន​ដុល្លារ​អាមេរិក និង ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក ទៀត​បាន​ពី​មូលនិធិ​សោធន​ហូ​ឡង់ APG។

មូលនិធិ SWF របស់​សិង្ហ​បុរី ដែលមាន​ឈ្មោះថា GIC ក៏បាន​ចុះឈ្មោះ​ដែរ ខណៈ​ធនាគារ​វិនិយោគ​អូស្ត្រាលី Macquarie បាន​សុំ​គ្រប់គ្រង​មូលនិធិ​ផ្លូវ​បង់ប្រាក់ ហើយ​អាច​នឹង​ចូលរួមចំណែក ៣០០ លាន​ដុល្លារ​អាមេរិក បន្ថែមទៀត។

ទោះជា​យ៉ាងណា ពេល​ទីភ្នាក់ងារ​ព័ត៌មាន Reuters ព្យាយាម​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺដោយឡែកៗពីគ្នា​ជុំវិញ​បញ្ហា​នេះ មូលនិធិ​សោធន​ហូ​ឡង់ APG ធនាគារ​វិនិយោគ​អូស្ត្រាលី Macquarie មូលនិធិ​សោធន​កាណាដា CDPQ និង​មូលនិធិ​សិង្ហ​បុរី GIC មិនបាន​ឆ្លើយតប​នោះទេ។

តើ​មូលនិធិ SWF ជា​អ្វី?

SWF ជា​មូលនិធិ​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​ដែលមាន​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ដូចជា​ភាគហ៊ុន សញ្ញាប័ណ្ណ ទ្រព្យសម្បត្តិ និង​ឧបករណ៍​ហិរញ្ញវត្ថុ (Financial Instrument) ផ្សេងៗទៀត។ មូលនិធិ​ប្រភេទ​នេះ​គឺជា​ស្ថាប័ន​ដែល​គ្រប់គ្រង​លុយ​សន្សំ​របស់​ជាតិ​សម្រាប់​គោលបំណង​វិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here