ដោយគង់ សូរិយា
ភ្នំពេញ: ជាការបោះជំហ៊ានថ្មីមួយទៀត ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃគម្រោងមូលនិធិរួមគ្នាដំបូងបង្អស់ ក្នុងគោលដៅគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសុវត្ថិភាព និងនិរន្តរភាពនៃចរាចរណ៍ក្នុងទីក្រុងភ្នំពេញ។
កិច្ចសហការនេះធ្វើឡើងរវាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងក្រុមហ៊ុនដឹកជញ្ជូនGrab ដែលបានប្រកាសជាផ្លូវការនាពេលថ្មីៗនេះ អំពីកិច្ចសហការរវាងស្ថាប័នទាំងពីរ លើការកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលខ្យល់អាកាសក្នុងទីក្រុង។ការចុះហត្ថលេខាបានចាប់ផ្តើមនៅថ្ងៃទី៥ មិថុនាកន្លងមកនេះ។
-->
យោងតាមសេចក្តីប្រកាសព៌តមានរួម បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា មធ្យោបាយដឹកជញ្ជូនជាមូលដ្ឋាន នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលចាំបាច់ត្រូវរៀបចំឲ្យបានដើម្បីឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើន ដូចជា គោលដៅទី៧ (ថាមពល ស្អាតមានតម្លៃសមរម្យ) គោលដៅទី៩ (ការកសាងហេដ្ឋារចនាសម្ព័ន្ធ) និងគោលដៅទី១១ (ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព)ជាដើម។ ជាពិសេស ការធ្វើឲ្យប្រសើរឡើងនូវមធ្យោបាយដឹក ជញ្ជូននឹងរួមចំណែកដល់ជោគជ័យនៃចំនុចដៅទី២ ក្នុងគោលដៅទី១១ ដែលធានាថាគ្រប់គ្នាទាំង ស្ត្រី កុមារ ជនពិការ និងជនចាស់ជរា អាចប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យបានគ្រប់ពេលត្រឹមឆ្នាំ២០៣០។

ស្ថានភាពនៃនគរូបនីយកម្មនៅកម្ពុជា បានជម្រុញឲ្យមានកំណើនប្រជាជនខ្ពស់នៅក្នុងទីក្រុង ហើយវាក៏ជាមូលហេតុនាំឲ្យមានតម្រូវការកាន់តែខ្ពស់នៃការធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូនដែរ។
ជាឧទាហរណ៍ ក្នុងទីក្រុងភ្នំពេញចំនួនរថយន្ត និងទោចក្រយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ ជាមធ្យមមានកំណើនប្រមាណជា២០ភាគរយរៀងរាល់ឆ្នាំ ហើយបច្ចុប្បន្នយានយន្តសរុប ចំនួនរហូតដល់៤,៥លានគ្រឿងត្រូវបានចុះបញ្ជី (យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន)។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា ដំណើរការនគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុជាបញ្ហាពីរ ដែលមិនអាចផ្តាច់ចេញពីគ្នាបាន ពីព្រោះ៨០ភាគរយ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឲ្យកើនឡើងកំដៅលើភពផែនដី គឺចេញមកពីទីក្រុង។ បិរមាណប្រមាណជាពាក់កណ្តាល នៃការបំភាយឧស្ម័នផ្ទះកញ្ចក់នេះ កើតចេញពីការប្រើប្រាស់ប្រេងឥន្ធនៈផ្សេងៗក្នុងការដឹកជញ្ជូន និងការធ្វើដំណើរក្នុងទីក្រុង។
សម័យ(ឈ្មោះជាភាសាខ្មែរ) ឬគម្រោងនិរន្តរភាពចរាចរណ៍ក្នុងទីក្រុង សម្រាប់គ្រប់គ្នា មានរយៈពេលបីឆ្នាំ ក្រោមការឧបត្ថម្ភមូលនិធិរួមគ្នារវាងUNDP និងក្រុមហ៊ុន Grab មានគោលបំណងធ្វើឲ្យប្រសើរឡើងទាំងគុណភាព និងការចងក្រងនៃទិន្ន័យចរាចរណ៍ដែលចាំបាច់ សម្រាប់ការបង្កើតនូវគោលនយោបាយ និងការវិនិយោគនានាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ក្នុង ទីក្រុងប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព។
លោកNick Beresford នាយកប្រចាំប្រទេសកម្ពុជារបស់UNDP មានប្រសាសន៍ ថា“សម័យ ឬគម្រោងនិរន្តរភាពចរាចរណ៍ ក្នុងទីក្រុងសម្រាប់គ្រប់គ្នានេះ មានតួនាទី លើសពីអ្វីដែលយើងហៅថាជាទំនួលខុសត្រូវសង្គម (Corporate Social Responsibility) ទៅទៀត ហើយវាផ្តល់នូវម៉ូដែលថ្មីមួយសម្រាប់ភាពជាដៃគូនៃវិស័យឯកជន និងសាធារណៈ ក្នុងការងារអភិវឌ្ឍន៍សង្គម”។លោកបន្តថា “គម្រោងនេះ ក៏ជាវេទិការមួយជួយគាំទ្រដល់ការបង្កើតគោលនយោបាយនានាដែល ជម្រុញឲ្យមានការវិនិយោគកាន់តែច្រើនលើការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព”។
ចំណែកលោក Russell Cohen នាយកប្រចាំតំបន់ផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Grab បានមានប្រសាសន៍ថា “Grab មានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តកិច្ចសហការជាមួយUNDP ដើម្បីសម្រេចនូវទស្សនវិស័យ និងឆន្ទៈរួមក្នុងការកាត់បន្ថយការបំពុលខ្យល់អាកាស ក៏ដូចជាការបង្កើនសុវត្ថិភាព និងប្រសិទ្ធិភាពនៃចរាចរណ៍តាមដងផ្លូវ”។លោកបន្តថា “យើងនឹងបន្តភាពជាដៃគូជាមួយUNDP ដើម្បីរួមចំណែក ធ្វើឲ្យទីក្រុងនានាក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែមានបរិស្ថានស្អាត និងភាពរស់រវើក”។
លោក Cohenបានបន្ថែមថា ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ Grab ក៏បានប្តេជ្ញាផ្តល់នូវការគាំទ្រផ្សេងៗទៀតដូចជា ការចែករំលែកទិន្ន័យ ការផ្តល់ជាបច្ចេកវិទ្យាធនធានមនុស្ស ព្រមទាំងការលើកកម្ពស់ការប្រើយានយន្តបែបបរិស្ថានក្នុងចំណោមអ្នកបើកបរដៃគូ និងអ្នកដំណើរ។
ដើម្បីចូលរួមសម្រេចបាននូវគោលដៅនេះ ការអនុវត្តគម្រោង សម័យ ផ្តោតការគាំទ្រលើ ទី១ ការធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាព នៃចរាចរណ៍ក្នុងទីក្រុងសព្វថ្ងៃ និងប្រព័ន្ធដឹកជញ្ជូន តាមរយៈការប្រមូលចងក្រងទិន្ន័យចរាចរណ៍ និងគុណភាពខ្យល់ក្នុងទីក្រុងភ្នំពេញ ទី២ ការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីចរាចរណ៍ក្នុងទីក្រុង តាមរយៈវិធានការពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងការប្រើប្រាស់យានយន្តបែបបរិស្ថាន និងទី៣ ការលើកកម្ពស់ភាពច្នៃប្រឌិតក្នុងការដោះស្រាយ បញ្ហាចរាចរណ៍ដោយភាពឆ្លាតវៃក្នុងគោលបំណងពន្លឿនវឌ្ឍនភាពផ្នែកសុវត្ថិភាព និងចរាចរណ៍សម្រាប់គ្រប់គ្នា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា “ថ្ងៃនេះជាទិវាបរិស្ថានអន្តរជាតិ ហើយក៏ជាពេលដ៏ប្រសើរបំផុតក្នុងការលើកកម្ពស់ការយល់ដឹង និងសកម្មភាពការការពារបរិស្ថានរបស់យើងទាំងអស់គ្នា។ នគរូបនីយកម្មនៅកម្ពុជា បាននាំមកជាមួយនូវកាលានុវត្តភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមថ្មីៗ ដូចដែលទីក្រុងនានាក្នុងពិភពលោកកំពុងបានជួបប្រទះ។
លោកបន្តថា គម្រោង សម័យជាគម្រោងទី១ នៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ រវាងUNDP និងក្រុមហ៊ុនGrab ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរឈានមុខគេ រួមជាមួយនិងក្រសួងសាធារណការ និងដឹកជញ្ជូន។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនប្តេជ្ញាលើកកម្ពស់ឲ្យកាន់តែមានប្រសិទ្ធិភាព និងនិរន្តរភាពនៃប្រព័ន្ធដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរសម្រាប់ទីក្រុងរបស់យើង៕