រដ្ឋមន្រ្តីក្រសួងរ៉ែ៖ ក្រុមហ៊ុនបីកំពុងសិក្សាសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម

0

ដោយ វុត្ថា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួនបី កំពុងសិក្សាលទ្ឋភាពសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលអាចឲ្យកម្ពុជានឹងមានគម្រោងលក់ថាមពលអគ្គិសនីទៅកាន់ប្រទេសថៃ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងក្នុងជំនួបពិភាក្សាជាមួ​យលោក Panyarak Poolthup ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះថា បន្ទាប់ពីកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅក្នុងប្រទេស ព្រោះ​បច្ចុ​ប្បន្នមានក្រុមហ៊ុនចំនួន៣ ដែលទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា កំពុ​ងសិក្សាលទ្ធភាពរបស់ខ្លួន ដើម្បីសាងសង់រោងចក្រដើរដោយធ្យូងថ្ម នៅក្នុងទឹកដីខេត្តកោះកុង។

ក្រុមហ៊ុនទាំងបីនោះ រួមមាន ក្រុមហ៊ុន Smart Coppertion ប្រទេសថៃ គ្រោងសាងសង់រោងចក្រមានកំលាំង២ពាន់មេហ្គាវ៉ាត់។ ក្រុមហ៊ុន Samphon Thavy road and bridge Contruction ប្រទេសឡាវ គ្រោងសាងសង់រោងចក្រមានកំលាំង១២០០ មេហ្គាវ៉ាត់ និងក្រុមហ៊ុន Koh Kong Octility Co.Ltd., គ្រោងសាងសង់រោងចក្រមានកំលាំង៤ពាន់មេហ្គាវ៉ាត់ ដើម្បីលក់ថាមពលអគ្គិសនីទៅកាន់ប្រទេសថៃ បន្ទាប់ពីមានការប្រើប្រាស់នៅក្នុងស្រុកគ្រប់គ្រាន់។

លោកស៊ុយ សែមបានបន្តថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងថៃ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងការចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសកិច្ចសហប្រតិបត្តិការចែកចាយថាមពលអគ្គិសនី នៅក្នុង អនុស្សារណៈយោគយល់គ្នារវាងប្រទេសទាំងពីរ ដោយបានធ្វើប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែនទទួលបានប្រភពថាមពល សម្រាប់បម្រើតាមសេចក្តីត្រូវការរបស់ពួកគេ។

លោក Panyarak Poolthup ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជាបានកោតសរសើរចំ ពោះ ការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ខណៈប្រទេសយើងទាំងពីរកម្ពុជា-ថៃគឺជាមិត្តដ៏ជិតស្និទ្ធជាយូរលង់ណាស់មកហើយ និងមានទំនាក់ទំនងកិច្ចសហប្រតិ​បត្តិការជាមួយគ្នាសឹងតែគ្រប់វិស័យ ដោយបានពង្រីកកិច្ចសហប្រតិបត្តិការនៅលើផ្នែកសេដ្ឋ​កិច្ច ជាពិសេសការជំរុញតបណ្តាញចែកចាយអគ្គិសនី តាមរយៈកិច្ចសន្យារវាងប្រទេសទាំងពីរ ដើម្បីឲ្យប្រជាជនកម្ពុជានៅតាមព្រំដែន ទទួលបានថាមពលសម្រាប់ការរស់នៅ និងការប្រកបមុខរបរក្នុងអាជីវកម្មផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here