ដោយ : គង់ សូរិយា
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានហៅដំណើរការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ថាា ហ៊ុន សែន NOMIC ដែលសំដៅដល់សេដ្ឋកិច្ចទីផ្សារប្រជាជនជារបៀបនៃការដឹកនាំឆ្លងកាត់ដំណាក់កាលជាច្រើន នៅក្នុងរយៈពេលវែង សំដៅកសាងខឿនសេដ្ឋកិច្ចទំនើបមួយរបស់កម្ពុជា គឺការឈរលើគោលការណ៍និងយន្តការសេដ្ឋកិច្ចទីផ្សារបើកចំហរ។
ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងក្នុងសិក្ខាសាលាស្តីពីបុព្វហេតុសមិទ្ធផល និងទស្សនវិស័យនៃការងារកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលម៉ិញនេះថា សេដ្ឋកិច្ចទីផ្សារប្រជាជននៅក្នុងបរិការណ៍កម្ពុជា គឺជាសំណុំនៃល្បាយគោលនយោបាយ និងការដឹកនាំគោលនយោបាយខឿនសេដ្ឋកិច្ចមួយប្រកបដោយបិរយាប័ន្ន មានលក្ខណៈបើកចំហរ សមាហរណកម្មជាមួយសេដ្ឋតំបន់ និងសកលលោកឆ្លើយតបយ៉ាងរស់រវើក ទៅនឹងនិន្នាការនានាទាំងក្នុង និងក្រៅប្រទេស ដោយឈរលើគោលការណ៍ និងយន្តការទីផ្សារពិសេសការគោរព និងការការពារឯកសិទ្ធិឯកជន ព្រមទាំងការប្រកួតប្រជែងដោយយុត្តិធម៌។
លោកបន្តថា “វិស័យឯកជនដើរតួនាទីជាកំលាំងចលករនៃកំណើនសេដ្ឋកិច្ច ដោយរដ្ឋមានតួនាទីជាទស្សនៈវិទូ ជាយុទ្ធសាស្រ្តវិទូ និងជាអ្នកគ្រប់គ្រងកិច្ចអភិវឌ្ឍន៍ គឺតាមរយៈនៃការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ និងការសម្របសម្រួលចំបាច់នានា ព្រមទាំងបង្កើតនូវបរិយាកាសអនុគ្រោះអំណោយផល ដល់សេដ្ឋកិច្ចទីផ្សារក៏ដូចជា ការធ្វើអន្តរគមន៍នៅពេលចាំបាច់ ដើម្បីតម្រង់ទិសយន្តការទីផ្សារសំដៅធានា ឲ្យប្រជាជនគ្រប់ស្រទាប់ជនថ្នាក់ គ្រប់រូបអាចចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ ជាមួយការចែករំលែកប្រកបដោយសមធម៌ និងផលផ្លៃផ្កានៃការអភិវឌ្ឍន៍ ដោយមិនបោះបង់ចោលអ្នកណាម្នាក់នោះឡើយ”។
លោករដ្ឋមន្រ្តីបានបន្តថា សេដ្ឋកិច្ចទីផ្សារប្រជាជន ឬហ៊ុន សែន Nomic គឺជារបៀបនៃការដឹកនាំឆ្លងកាត់ ដំណាក់កាលជាច្រើន ពោលគឺរបៀបដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ផ្ទាល់ ដោយបានឆ្លងកាត់ដំណាក់់កាលជាច្រើន ជាលទ្ធផលនៃការដឹកនាំ ដែលបានឆ្លងកាត់គ្រប់ដំណាក់កាលដ៏លំបាកស្មុគ្រស្មាញជាបន្តបន្ទាប់ គឺបានធ្វើឲ្យកម្ពុជា សម្រេចបានការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោនៈបំផុត។
សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសនេះបានជាប់ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេទាំង១០ក្នុងពិភពលោក។
ធនាគារអភិវឌ្ឈន៍អាស៊ីកាលពីឆ្នាំ២០១៦ បានហៅកម្ពុជា “ជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី” ដោយសារប្រទេសនេះសម្រេចបានកំណើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈ ពេលជាងពីរទសវត្សរ៍៕