ដោយៈ គង់ សូរិយា
ភ្នំពេញៈ រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង១៨០ដឺក្រេ អាគារកំពស់ពី៥ជាន់ដល់៦០ជាន់ មានជិត២០០០អាគារ។
ជាមួយនឹងទិដ្ឋភាព នៃការរះឡើងនៃអាគារកប់ពពកនេះ អ្នកជំនាញ និងជាអ្នកវិភាគលើវិស័យអចលនទ្រព្យ លោកបណ្ឌិតតេង រិទ្ឋី អគ្គនាយកក្រុមហ៊ុនR_Investment Groupបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីដើមសប្តាហ៍នេះថា “ភ្នំពេញកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីរបស់តំបន់អាស៊ាន”។
លោកបានបន្តដោយសុទិដ្ឋិនិយមថា ពីបណ្ដោយទន្លេមេគង្គរហូតដល់អគារកំពស់ ខាងក្រោយគឺជាអនាគត ដែលពោរពេញដោយឱកាស។ កម្ពុជាកំពុងវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កសិកម្ម និងឧស្សាហកម្មដើម្បីទាក់ទាញវិនិយោគជាតិ និងអន្តរជាតិ។
លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា “អនាគតនៃសេដ្ឋកិច្ចកម្ពុជា មិនមែនត្រឹមតែជាគោលដៅទេសចរណ៍ទេ ប៉ុន្តែជាមជ្ឈមណ្ឌលអាជីវកម្ម និងការផលិតសម្រាប់ទាំងតំបន់”។ លោកបន្ថែមថា “ទីក្រុងភ្នំពេញជាភស្តុតាងថា ប្រទេសតូចមួយអាចមានចក្ខុវិស័យធំ”៕