កម្ពុជាជាប់ជាប្រទេសដែលមានគោលដៅវិនិយោគបើកចំហរបំផុតមួយនៅតំបន់អាស៊ាន

0
កម្ពុជាជាប់ជាប្រទេសដែលមានគោលដៅវិនិយោគបើកចំហរបំផុតមួយនៅតំបន់អាស៊ាន
កម្ពុជាជាប់ជាប្រទេសដែលមានគោលដៅវិនិយោគបើកចំហរបំផុតមួយនៅតំបន់អាស៊ាន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រទេសកម្ពុជា កំពុងឈានទៅពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាគោលដៅបើកចំហបំផុតមួយ របស់អាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគ ជាមួយនឹងទិន្នន័យថ្មីបង្ហាញពីកំណើនសេដ្ឋកិច្ច កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកំណែទម្រង់ដែលផ្តល់ភាពងាយស្រួល សម្រាប់ការវិនិយោគ។

សេចក្តីថ្លែងការណ៍ស្តីពី បរិយាកាសវិនិយោគឆ្នាំ២០២៥ សម្រាប់ប្រទេសកម្ពុជា ដែលចេញផ្សាយដោយក្រសួងការបរទេស សហរដ្ឋអាមេរិកក្នុងខែនេះ បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា បានកើនឡើង៥.៣ភាគរយនៅឆ្នាំ២០២៤ ហើយត្រូវបានព្យាករថា នឹងកើនឡើងដល់៥.៥ភាគរយនៅឆ្នាំនេះ។ វិស័យទេ​សចរណ៍ បដិសណ្ឋារកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស ត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ ខណៈដែលអតិផរណានៅតែមានកម្រិតមធ្យមក្នុងអត្រា២.៦ ភាគរយសម្រាប់ឆ្នាំ២០២៥។

យោងតាមច្បាប់ស្តីពីការវិនិយោគឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាផ្តល់កម្មសិទ្ធិពេញលេញ ដល់ជនបរទេសនៅក្នុងវិស័យភាគច្រើន ព្រមទាំងការលើកលែងពន្ធសាជីវកម្មមានកាលកំណត់ ការនាំចូលទំនិញដើមទុនដោយមិនជាប់ពន្ធ និងគ្មានការរឹតត្បិតលើការផ្ទេរប្រាក់ចំណេញ។

រាជរដ្ឋាភិបាលរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើនការពិគ្រោះយោបល់ជាមួយវិស័យឯកជន ដោយបង្កើតកិច្ចសន្ទនារដ្ឋ និងឯកជនប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក-កម្ពុជា ដើម្បីបង្កើនតម្លាភាព និងការដឹងទុកជាមុនសម្រាប់អ្នកវិនិយោគ។

តំបន់សេដ្ឋកិច្ចពិសេស (SEZs) នៅតែជាចំណុចស្នូលនៃយុទ្ធសាស្ត្រនាំចេញរបស់ប្រទេស។ បច្ចុប្បន្ននេះ មានតំបន់សេដ្ឋកិច្ចពិសេ​ស ដែលកំពុងដំណើរការចំនួន៣២ នៅក្នុងខេត្តចំនួន៩ ដែលផ្តល់ដី ហេដ្ឋារចនាសម្ព័ន្ធ និងសេវាច្រកចេញចូលតែមួយ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្ម។ ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅក្នុងតំបន់ទាំងនេះ ទទួលបានអត្ថប្រយោជន៍ ពីការលើកលែងពន្ធមានកាលកំណត់ គ្មានពន្ធអាករលើតម្លៃបន្ថែម និងការលើកលែងពន្ធលើវត្ថុធាតុដើម និងឧបករណ៍នានា។

តំបន់សេដ្ឋកិច្ចពិសេសធំជាងគេគឺនៅក្រុងព្រះសីហនុ ដែលមានក្រុមហ៊ុនចិនច្រើន ហើយថ្មីៗនេះប្រទេសជប៉ុន បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននៅជិតកំពង់ផែ ដែលបង្ហាញពីភាពចម្រុះនៃអ្នកវិនិយោគនៅកម្ពុជា។

បណ្តាញពាណិជ្ជកម្មខាងក្រៅរបស់កម្ពុជា ក៏កំពុងពង្រីកផងដែរ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ចំនួនបួន ជាមួយប្រទេសចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយកំពុងសិក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងជាមួ​យសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ កិច្ចព្រមព្រៀងទាំងនេះ ផ្តល់ឱ្យអ្នកផលិត និងអ្នកនាំចេញនៅកម្ពុជា មានសិទ្ធិទទួលបានសិទ្ធិអាទិភាពទៅកាន់ទីផ្សារធំៗមួយចំនួនរបស់ពិភពលោក។

វិស័យ​ធនាគារ ​និង​ហិរញ្ញវត្ថុ​ក៏​ត្រូវបានពង្រឹងផង​ដែរ​។ ទ្រព្យសកម្ម សរុបបានកើនឡើងដល់៩១.១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ ប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា ដែលបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យាប្លុកឆេនកំពុងទទួលបានការចាប់អារម្មណ៍ ពីអន្តរជាតិជាគំរូសម្រាប់ប្រតិ​បត្តិការដែលមានសុវត្ថិភាព និងមានតម្លៃទាប ដែលអាចធ្វើឡើងដោយគ្មានគណនីធនាគារបែបប្រពៃណី។

ការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងគោលការណ៍នវានុវត្តន៍កំពុងត្រូវបានធ្វើទំនើបកម្ម។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការប្រព័ន្ធឯកសារ  អនឡាញថ្មីមួយសម្រាប់ប៉ាតង់នៅក្នុងខែមករា ឆ្នាំ២០២៥ ដោយតម្រឹមក្របខ័ណ្ឌ IP ជាមួយនឹងស្តង់ដារអន្តរជាតិ។

យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ដែលត្រូវបានព្រាងឡើងដោយមានការគាំទ្រ ផ្នែកបច្ចេកទេសរបស់អង្គការសហប្រជាជាតិ នឹងត្រូវរៀបចំរួចរាល់នៅខែឧសភា ឆ្នាំ២០២៥ ដែលបង្ហាញពីចេតនារបស់រដ្ឋាភិបាល ក្នុងការកំណត់ទីតាំងប្រទេសកម្ពុជា នៅក្នុងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

ការចុះឈ្មោះអាជីវកម្មក៏ត្រូវបានសម្រួលផងដែរ។ វិបផតថលអនឡាញឥឡូវនេះ បង្កើនល្បឿនការចុះឈ្មោះក្រុមហ៊ុន និងអនុញ្ញាតឱ្យគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ត្រូវបានអនុម័តក្នុងរយៈពេល២០ ថ្ងៃនៃម៉ោងធ្វើការ។ ការវិនិយោគខាងក្រៅ ក៏ត្រូវបានលើកទឹកចិត្តផងដែរ ដោយសភាពាណិជ្ជកម្មកម្ពុជាបានបើកការិយាល័យតំណាងនៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ប្រភពដដែលបានកត់សម្គាល់ថា ការដកប្រទេសកម្ពុជាចេញពី “បញ្ជីពណ៌ប្រផេះ” របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ បានឆ្លុះបញ្ចាំងពីភាពប្រសើរឡើង ជាក់ស្តែងក្នុងការប្រឆាំងការលាងលុយកខ្វក់ និងការគ្រប់គ្រងហិរញ្ញប្បទានប្រឆាំងភេរវកម្ម។ ខណៈដែលការអនុវត្តច្បាប់ និងអំពើពុករលួយនៅតែជាផ្នែកមួយសម្រាប់កំណែទម្រង់ ការវាយតម្លៃរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចង្អុលបង្ហាញពីបរិយាកាសអាជីវកម្ម ដែលកាន់តែបើកចំហ និងប្រកួតប្រជែង។

ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ការរីកលូតលាស់នៃការភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងគោលនយោបាយដែលងាយស្រួលសម្រាប់វិនិយោគិន កម្ពុជាកំពុងក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ការផលិត សេវាកម្ម និងនវានុវត្តន៍។ របាយការណ៍ឆ្នាំ២០២៥ បង្ហាញថាបរិយាកាសវិនិយោគរបស់កម្ពុជា កំពុងវិវត្តឆ្ពោះទៅរកការបើកចំហរ និងឱកាសកាន់តែច្រើន ដោយពង្រឹងភាពទាក់ទាញរបស់ខ្លួន ចំពោះអ្នកចូលទីផ្សារ។

លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management Holdings និងជាអនុប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia​) បានគូសបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជា កាន់តែច្រើនឡើង ចំពោះវិនិយោគិនអាមេរិកក្រោមកំណែទម្រង់ និងគោលនយោបាយវិនិយោគនាពេលបច្ចុប្បន្ន។

លោកបានបន្តថា មាន “ការយល់ឃើញកាន់តែច្រើនឡើងដែលថា អ្នកវិនិយោគកំពុងចាត់ទុកកម្ពុជា ជាតារាកំពុងរះនៅក្នុងតំបន់អាស៊ាន ហើយមិនត្រឹមតែជាទីផ្សារព្រំដែនជាប់គ្នាប៉ុណ្ណោះទេ”។

លោកបន្ថែមថា វិស័យសំខាន់ៗដែលទាក់ទាញចំណាប់អារម្មណ៍ រួមមាន ការផលិតជំនាញទាប ឧស្សាហកម្មធុនស្រាល សម្លៀកបំពាក់ និងវាយនភណ្ឌ ការអប់រំ និងបណ្តុះបណ្តាល កសិពាណិជ្ជកម្ម ថាម​ពលស្អាត និងកកើតឡើងវិញ។

លោកបានបញ្ជាក់ថា “សហរដ្ឋអាមេរិកនៅតែជាប្រភពដ៏ធំបំផុតមួយនៃការវិនិយោគផ្ទាល់ពីបរទេសនៅអាស៊ាន។ លំហូរថ្មីៗបន្ថែមទៀ​ត​កំពុងបង្ហាញពីការរីកចម្រើនទៅជាការផលិត semiconductors អេឡិចត្រូនិក សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាបពពក សេវាកម្មឌីជីថល មជ្ឈមណ្ឌលទិន្នន័យ ឱសថ ជីវវេជ្ជសាស្ត្រ សារធាតុរ៉ែសំខាន់ៗ និងផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់”។

លោកបន្ថែមថា ខណៈដែលមានការផ្លាស់ប្តូរជាសាកល ពីការផលិត និងហិរញ្ញវត្ថុបែបប្រពៃណី ឆ្ពោះទៅរកវិស័យបច្ចេកវិទ្យា មានតម្លៃខ្ពស់ និងជាយុទ្ធសាស្ត្រនោះ កម្ពុជា “មិនទាន់បានរៀបចំរចនាសម្ព័ន្ធសម្រាប់វិស័យបច្ចេកវិទ្យា ដែលកំពុងវិវត្តទាំងនេះទេ ហើយនៅតែត្រូវធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និងធនធានមនុស្សដើម្បីទាក់ទាញពួកគេ”។

លោកបានបន្ថែមថា “ពេលវេលាគឺត្រឹមត្រូវ ក្នុងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលនឹងមាននិរន្តរភាព និងអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ”។

ទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល និងការផ្តួចផ្តើមនវានុវត្តន៍របស់កម្ពុជា ដូចជាប្រព័ន្ធបាគង និងយុទ្ធសាស្ត្រជាតិស្តីពី បញ្ញាសិប្បនិម្មិតនោះ លោកបានលើកឡើងថា “រហូតទាល់តែទីផ្សារហិរញ្ញវត្ថុ និងមូលធនត្រូវបានអភិវឌ្ឍ ខ្ញុំឃើញឱកាសតិចតួចណាស់នៅក្នុងវិស័យនេះ”។ លោកបន្ថែមថា “និយាយដោយត្រង់ទៅ មិនមានធនាគារអាមេរិក ក្រុមហ៊ុនធានារ៉ាប់រង ឬអ្នកគ្រប់គ្រងការវិនិយោគនៅក្នុងប្រទេសទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here