ដោយ : ដែន ចែងចាំង
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ក្នុងមួយឆ្នាំនៅកម្ពុជាមានយុវជនចំនួន៣០ម៉ឺននាក់ ដល់អាយុចូលធ្វើការងារ ហើយនិន្នាការបែបនេះនឹងបន្តក្នុងរង្វង់៣ទសវត្សរ៍ទៀត។
លោកបណ្ឌិតអ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពី តម្រូវការជំនាញរបស់និយោជិតឆ្នាំ២០១៧ និងរបាយការណ៍ស្តីពីទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ នារសៀលថ្ងៃទី៧ ខែមិថុនាម្សិលម៉ិញនេះថា នៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋភាគច្រើន កម្លាំងពលកម្មគឺជាទ្រព្យ ដែលបង្កើតចំណូលដ៏ចម្បងបំផុត។ លោកបន្តថា ចំណែកផ្នែកម្ខាងទៀតនៃសេដ្ឋកិច្ចជាតិ កម្លាំងពលកម្ម គឺជាកត្តាផលិតកម្មដ៏សំខាន់នៅក្នុងគ្រប់វិស័យ។
លោកបន្តថា “ទីផ្សារការងារដើរតួនាទីសម្របសម្រួល ទាំងការវិភោជន៍នៃចំណូល និងទាំងការវិភាគជន៍នៃកម្លាំងពលកម្មជាធនធានផលិតកម្ម”។
យោងតាមរបាយការណ៍របស់ក្រសួងការងារបានបង្ហាញថា ក្នុងរយៈពេល២ទសវ ត្សរ៍កន្លងមកនេះ កម្ពុជាអាចរក្សាបាននូវការងារដែលមានស្រាប់ និងបង្កើតការងារបន្ថែមសរុបចំនួន៣,៦លាន នៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម និងចំនួន៧០ម៉ឺននាក់នៅក្នុងវិស័យកសិកម្ម។ កត្តានេះ នាំឲ្យកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ មានអត្រាមានការងារធ្វើខ្ពស់រហូតដល់កម្រិត៩៩.៣ភាគរយ ស្មើនឹងប្រមាណជិត១០លាននាក់ ហើយអត្រាគ្មានការងារធ្វើត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាប០.៧ភាគរយ។
ឯកអគ្គរាជទូតស៊ុយអែតប្រចាំនៅកម្ពុជា លោកជំទាវMaria Sargrenបានមានប្រសាសន៍ថា ទីផ្សារកម្ពុជានៅពិតជាមានកំណើន និងមានការវិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ។ យុវជនវ័យក្មេងគ្រប់អាយុ ដែលស្វែងរកការងារធ្វើ កំពុងតែធ្វើការជ្រើសរើសជំនាញ ក៏ដូចជាដើម្បីក្លាយជាអាជីពការងារ និងជាគ្រូបង្រៀន ក៏ដូចជាធ្វើការប្រកួតប្រជែង ដើម្បីចាប់យកឱកាសការងារផ្សេងៗទៀត។
លោកជំទាវបន្ថែមថា “កម្លាំងការងារ ក៏ដូចជាអប់រំល្អប្រសើរ អាចជួយឲ្យប្រទេសអាចចល័តពីប្រទេសមួយទៅប្រទេសមួយ និងពីជនបទទៅទីក្រុង ដើម្បីស្វែងរកការងារជ្រើសរើសចាប់យកអាជីពការងារ ជាពិសេសអាចជួយឲ្យយុវជនស្វែងរកការងារកាន់តែល្អប្រសើរ”។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមអ្នកមានការងារធ្វើសរុបទាំងអស់ មានចំនួនជិត១,៥លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួនជាង២.៤លាននាក់។ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនូនជាង៤លាននាក់ នៅក្នុងវិស័យកសិកម្មចំនួន១,២លាននាក់ ធ្វើការក្រៅប្រទេស និងចំនួនជាង៥សែននាក់ជាមន្រ្តីសាធារណៈ៕