ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន FedEx ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសពីគម្រោងហោះហើរដឹកទំនិញចេញ-ចូលកម្ពុជា នៅក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខ។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
គម្រោងនេះ ត្រូវបានលើកឡើង ក្នុងកិច្ចពិភាក្សាការងាររវាង លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នស្ថានពាណិជ្ជកម្ម កាលពីម្សិលម៉ិញ។
លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រាប់ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា កម្ពុជាគាំទ្រដល់ សំណើរបស់ក្រុមហ៊ុន FedEx ដែលមានគម្រោងហោះហើរដឹកទំនិញចេញ-ចូលកម្ពុជា(Cargo/Freight) នៅក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខ។
លោក W.Patrick Murphy បានលើកឡើងពីគោលបំណង ដើម្បីឈ្វេងយល់ពីការ វិវត្តនៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា និងការវិវត្តនៃការត្រៀមខ្លួនសម្រាប់ការចូល ជាសមាជិកអនុសញ្ញាខេបថោន(ស៊ីធីស៊ី)(Cape Town Convention) ព្រមទាំងការទទួលបាន ការគាំទ្រដល់សំណើររបស់ក្រុមហ៊ុន FedEx ដែលមានគម្រោងហោះហើរដឹកទំនិញចេញ-ចូលកម្ពុជា។
ជាការឆ្លើយតប លោកម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា កម្ពុជានឹងពិនិត្យឡើងវិញលើអនុសញ្ញាខេបថោន(Cape Town Convention)ដោយពិនិត្យលើក្រុមការងារត្រូវខិតខំបង្កើនល្បឿន ដើម្បីឱ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានស្នើសុំឱ្យភាគីសហរដ្ឋអាមេរិកជួយផ្តល់ជំនួយបច្ចេកទេស និងអ្នកជំនាញការជួយតម្រង់ទិសដល់ក្រុមការងារអាកាសចរស៊ីវិលឱ្យសម្រេចបានលទ្ធផលទៅតាមផែនការរបស់ខ្លួន។
លោករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះក្រុមហ៊ុន FedEx យើងបានពិនិត្យនិងគាំទ្រឱ្យមានការហោះហើរមកកម្ពុជាហើយ ប៉ុន្តែដោយសារមានការខ្វះខាតនូវឯកសារមួយចំនួនដែលត្រូវបំពេញបន្ថែម ហើយខាងភាគីសហរដ្ឋអាមេរិកក៏បានយកទៅពិនិត្យពិចារណាហើយយើងនឹងគាំទ្រ និងជួយសម្រួលដល់ក្រុមហ៊ុន FedEx៕