ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា-បណ្តា​ប្រទេស​សមាជិក​អាស៊ាន​សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង ១១ពាន់​លាន​ដុល្លារ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង១១ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ២០២០ ខណៈ​ទំហំ​ពាណិជ្ជ​កម្មនេះ​នៅតែមាន​ការកើនឡើង ធៀប​នឹង​ឆ្នាំ២០១៩ បើទោះបី​ជាមាន​វិបត្តិ​កូ​វីដ១៩ ដែល​ធ្វើឱ្យ​មានការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​តាម​ច្រកព្រំដែន​ក៏ដោយ។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មាន​ទំហំ​ទឹ​ចំនួន ១១,៣៣ពាន់​លាន​ដុល្លារ កើនឡើង ២២,៤២ភាគរយ ធៀប​នឹង ៩,២៥ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៩។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុងក្រោយ​បាន​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

យោងតាម​របាយការណ៍​បានឱ្យដឹងថា ការនាំចេញ​សរុប​របស់​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ សម្រេចបាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣,៧២ពាន់​លាន​ដុល្លារ កើនឡើង ១៨៦ភាគរយ ខណៈដែល​ការនាំ​ចូល​របស់​ពី​កម្ពុជា មាន​ទំហំ​ទឹកប្រាក់ ៧,៦០ពាន់​លាន​ដុល្លារ ធ្លាក់ចុះ៤,៣៣ភាគរយ។

បើទោះបីជា​ទិន្នន័យ​បង្ហាញថា ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ាន​នៅតែមាន​កំណើន ប៉ុន្តែ​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ មានការ​ថមថយ ដោយសារ​វិបត្តិ​កូ​វីដ១៩ ដែល​បណ្តាលឱ្យ​សេដ្ឋកិច្ចពិភពលោក មានការ​ធ្លាក់ចុះ។

អាស៊ាន កាលពី​ចុង​ឆ្នាំមុន បង្ហាញ​គោលដៅ​រួមគ្នា ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ ការស្តារ និង​ងើប​ឡើងវិញ​នៃ​សង្គម-សេដ្ឋកិច្ច។

ការបង្ហាញ​គោលដៅ​រួមគ្នា​នេះ ត្រូវបាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​បានចាប់ផ្តើម​ដំណើរការ​កិច្ចប្រជុំ កាល​ចុង​ឆ្នាំមុន តាមរយៈ​ប្រព័ន្ធ​វីដេអូ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្តោត​ការពិភាក្សា ទៅលើ​ផលប៉ះពាល់​ទៅលើ​វិស័យ​សុខភាព​សាធារណៈ និង​សង្គម-សេដ្ឋកិច្ច​របស់​ប្រទេស​នៅក្នុង​តំបន់ ដែល​បណ្តាលមកពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ការកំណត់​ទិសដៅ​បន្ទាប់​ក្នុងការ​ស្តារ និង​រក្សា​ស្ថិរភាព​សង្គម-សេដ្ឋកិច្ច​របស់​ប្រទេស​ជា​សមាជិក និង​តំបន់ នៅពេលដែល​វិបត្តិ​នេះ​ត្រូវ​បញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here