កម្ពុជាស្វាគមន៍គម្រោងហោះហើរលើការដឹកទំនិញពីអាមេរិកមកកម្ពុជានៅដើមឆមាសទី២ឆ្នាំ២០២១

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោមការរៀបចំ និងសម្របសម្រួលឱ្យមានភាពងាយស្រួល ពីសំណាក់   រដ្ឋាភិបាលនៃប្រទេសទាំង២ នៅត្រឹមដើមឆមាសទី២ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដំណើរការលើការដឹកជញ្ជូនទំនិញច្រើនប្រភេទ មកកាន់កម្ពុជាតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនFedEx ដើម្បីគាំទ្រដល់វិស័យពាណិជ្ជកម្ម និងពង្រឹងសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅថា កម្ពុជា គឺជាប្រទេសដែលមានការទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ ជាងបណ្តាប្រទេសជិតខាងមួយចំនួន ហើយអាចទ្រទ្រង់បាននូវកំណើនសេដ្ឋកិច្ច ខណៈដែលបណ្តាប្រទេសជាច្រើនជួបបញ្ហានៃការធ្លាក់ចុះ។

លោកបានបន្តថា ចាប់ពីដើមខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិFedEx សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដំណើរការលើការដឹកជញ្ជូ​នទំនិញ និងផលិតផលជាច្រើនប្រភេទមកកាន់កម្ពុជា ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មឡើងវិញ ហើយក៏ជាការគាំទ្រដល់ការពង្រឹង នូវកំណើនសេដ្ឋកិច្ចឡើងវិញក្រោយភាពស្ងប់ស្ងាត់នៃវិបត្តិជំងឺកូវីដ១៩ផងដែរ។

លោកម៉ៅ ហាវណ្ណ៉ាល់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា បានគាំទ្រទៅនឹងគម្រោងនៃការដឹកជញ្ជូនឡើងវិញ របស់ក្រុមហ៊ុន FedEx ដែលជាគម្រោងមួយដ៏ល្អប្រសើរក្នុងការពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង២ឡើងវិញ។ លោកបានបន្តថា ក្នុងនាមតំណាងរដ្ឋាភិបាលកម្ពុជានឹងព្យាយាមជួលសម្របសម្រួល និងបង្កភាពងាយស្រួលដល់គម្រោង នៃការដឹកជញ្ជូនរបស់ក្រុមហ៊ុនអន្តរជាតិមួយនេះ ក៏ដូចជាការអភិវឌ្ឍនូវវិស័យអាកាសចរណ៍ ឱ្យកាន់តែល្អប្រ​សើរថែមទៀត។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ពីផែនការនៃការសិក្សាលម្អិត ទៅលើគម្រោង នៃការចុះអនុសញ្ញារវាងទីក្រុងនៅកម្ពុជា និងទីក្រុង Cape Town សហរដ្ឋអាមេរិកផងដែរ។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅរក្សាបានកំណើន១៧ភាគរយ សម្រាប់រយៈពេលជិតមួយឆ្នាំ២០២០ ទោះបីជាប្រទេសទាំងពីរជួបនឹងវិបត្តិកូវីដ១៩ក្តី។ នេះបើតាមទិន្នន័យពីការិយាល័យជំរឿន របស់សហរដ្ឋអាមេរិក ចេញផ្សាយនៅដើមសប្តាហ៍នេះ។

សម្រាប់រយៈពេល១១ខែ រាប់ចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានប្រមាណ៦.៣ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណ១៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលមានតែប្រមាណ៥.៤ពាន់លានដុល្លារប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះទិន្នន័យដដែលនេះ បង្ហាញការនាំចូលទំនិញពីសហរដ្ឋអាមេរិកមកកម្ពុជាវិញបែរ ជាមានការថយចុះប្រមាណ៣៥.៦២ភាគរយ ក្នុងរយៈពេល១១ខែ ពោលគឺការនាំចូលមកកម្ពុជា កាលពីឆ្នាំ២០១៩ មានជាង៤៨៤លានដុល្លារ មកនៅ៣១២លានដុល្លារ ក្នុងឆ្នាំ២០២០កន្លងទៅ។

ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ គឺដោយសារតែមានតម្រូវការនៃទីផ្សារអាមេរិក លើផលិតផលមួយចំនួន ដូចជាសម្លៀកបំពាក់ ស្បែកជើង ការបូប កង់ជាដើម។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លង កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(Generalized System of Preferences -GSP) បានផុតរលត់សុពលភាពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនិងដែនដី១១៩ទៀត។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានលើកឡើងថាការប៉ះពាល់ដោយផ្ទាល់ ពីការផុតសុពលភាព GSP គឺកើតទៅលើអ្នកនាំចូលទំនិញទៅសហរដ្ឋអាមេរិក ដែលត្រូវបង់ពន្ធនាំចូលសិននៅក្នុងពេលអន្តរកាល ពោលគឺនៅមុនពេលកម្មវិធីនេះ ត្រូវសភាអាមេរិកផ្តល់សុពលភាពជាថ្មីឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here