សម្ដេចតេជោហ៊ុន សែនជំរុញការអនុវត្តគម្រោងសាងសង់ព្រលានយន្ដហោះខេត្តមណ្ឌលគីរីឱ្យបានឆាប់

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះថ្មី ខ្នាតតំបន់នៅក្នុងខេត្តមណ្ឌលគីរី ដែលត្រូវបានទទួលសិទ្ធិអភិវឌ្ឍ និងវិនិយោគដោយក្រុមហ៊ុន Power China International Group ។

គណៈកម្មការដែលត្រូវបានបង្កើត ដើម្បីជំរុញការអនុវត្តគម្រោងសាងសង់ព្រលានយន្ដហោះថ្មីខ្នាតតំបន់ ដែលស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរីនេះ មានសមាសភាពសំខាន់ៗចំនួន១៣រូប ដោយមានលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាប្រធានដឹកនាំ។

នៅក្នុងសេចក្ដីសម្រេច ដែលត្រូវបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ គណៈកម្មការខាងលើនេះនឹងត្រូវដឹកនាំ និងចរចាលើការរៀបកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ជាមួយក្រុមហ៊ុនPower China International Group ដើម្បីអនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខេត្តមណ្ឌលគីរី ព្រមទាំងដឹកនាំ ត្រួតពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍លើការសិក្សាទាំងឡាយណា ដែលពាក់ព័ន្ធដល់គម្រោ​ងហេដ្ឋារចនាសម្ព័ន្ធ ដោយសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

បន្ថែមពីនេះ គណៈកម្មការក៏ត្រូវដឹកនាំ និងចរចាលើការរៀបចំកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រួតពិនិត្យ វាយតម្លៃ ជំរុញ និងតាមដានកាតព្វកិច្ច សមិទ្ធកម្ម និងវឌ្ឍនភាពនៃការអនុវត្តន៍ គម្រោងការសាងសងហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានរបស់ក្រុមហ៊ុន Power China International Group រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធរហូតគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរ។

ជាមួយគ្នានេះ ត្រូវពិនិត្យវាយតម្លៃ និងសម្រេចដាក់ចេញអនុសាសន៍ណែនាំចាំបា​ច់នានាដើម្បីដោះស្រាយបញ្ហាប្រឈម។ ក្នុងករណីមានវេទយិតភាព ត្រូវស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធ្វើរបាយការណ៍ និងលើកយោបល់ជូនរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយាន   ដ្ឋានថ្មីខ្នាតតំបន់ ខេត្តមណ្ឌលគីរីឱ្យបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here