រដ្ឋាភិបាលកំពុងរៀបចំបង្កើតប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែនានា

0

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងរៀបចំបង្កើតប្រព័ន្ឋផ្លាស់ប្តូរទិន្នន័យអេឡិកត្រូនិកតាមកំពង់ផែនានា ដើម្បីរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាតិ ជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ។

ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ(Port EDI)នឹងចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងការប្រមូល ចំណូលជាតិប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែនិងកាត់ បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រផងដែរ។

លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានបានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលរបាយការណ៍វឌ្ឍនភាព នៃការរៀបចំគម្រោងដំណើរការ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែក្រោមកិច្ចសហការប្រកបយ៉ាងជិតស្និទ្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ក៏ដូចជា ដើម្បីជំរុញលើកទឹកចិត្តឱ្យក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់ខិតខំប្រឹងបំពេញការងាររបស់ខ្លួន ឱ្យទទួលបានលទ្ធផលផ្លែផ្កាតាមការគ្រោងទុក។

បច្ចុប្បន្ននេះ ក្រសួងកំពុងរៀបចំបង្កើតប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ អេឡិចត្រូនិកនៅកំពង់ផែ (Electronic Data Interchange)  ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវការនៃកប៉ាល់ចេញ-ចូលកំពង់ផែកម្ពុជា ក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។

លោកបន្តថា “ឧត្ដមភាពនៃការប្រកួតប្រជែង នៅក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម មិនមែនអាស្រ័យតែទៅលើហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែដ៏ល្អប្រសើរតែមួយមុខប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើប្រព័ន្ធគ្រប់គ្រងតាមប្រព័ន្ធឌីជីថលផងដែរ”។

លោកបន្តថា នៅពេលដាក់ឲ្យដំណើរការប្រព័ន្ធនេះ ត្រូវជំរុញលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសិក្សាស្វែងយល់ប្រព័ន្ធនេះឲ្យបានស៊ីជម្រៅ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ និងចៀសវាងនូវភាពមិនច្បាស់លាស់ធា នាដល់ការគ្រប់គ្រងការប្រមូលចំណូលជាតិ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងជាប្រយោជន៍ជូនសង្គមជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here