ដោយ: គង់ សូរិយា
ភ្នំពេញ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ចាប់ពីពេលនេះតទៅដោយមិនគិតថ្លៃសេវា។
យោងតាមសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព ចុះថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើការជម្រាបដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មនៅទូទាំងប្រទេសកម្ពុជាថា ដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយះការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអតិថជន។
សេចក្តីប្រកាសដដែលបានបន្តថា ពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ ចូលតែមួយរបស់ក្រសួងឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហើយការស្នើសុំបញ្ជាក់ផលិតផលកម្ពុជា មានគុណភាព និងសុវត្ថិភាព ជាសេវាស្ម័គ្រចិត្ត។
ក្រសួងឧស្សាហកម្ម បានស្នើរម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់មេត្តារួសរាន់មកដាក់ពាក្យសុំ សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីក្រសួងពិនិត្យសម្រេចផ្តល់និមិត្តសញ្ញានិតិវិធី ដូចបានជូនភ្ជាប់មកជាមួយ សម្រាប់យកទៅបោះពុម្ពលើសំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅលើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់៕