កំនើនវិនិយោគធ្វើឲ្យទំហំផ្សារទំនើបនៅកម្ពុជានឹងកើនដល់ ៣៧ម៉ឺនម៉ែត្រការ៉េ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបានធ្វើឲ្យទំហំផ្សារទំនើបនៅកម្ពុជាកើនដល់៣៧ម៉ឺនម៉ែត្រការ៉េនៅដំណាច់ឆ្នាំនេះ ខណៈចំនួនផ្សារទំនើបថ្មីៗចំនួន១៣បាននិងដាក់ចូលនិងត្រៀមចូលទីផ្សារនេះនៅឆ្នាំនេះ។

គិតត្រឹមដំណាច់ឆ្នាំមុនផ្សារទំនើប២២ម៉ឺនម៉ែត្រការ៉េបានបញ្ចប់ ហើយទំហំផ្សារចំនួន១៤៧,៧៧៨ម៉ែត្រការ៉េរំពឹងនឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ។

នាយិកា​ប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតា បាន​មានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៨ មិថុនានេះថា បច្ចុប្បន្ន​នេះ​ការវិនិយោគ​ទៅ​លើ​ទីតាំង ​លក់​រាយ​នៅ​កម្ពុជា ​បាន​កើនឡើង​ជា​បន្តបន្ទាប់​ដោយ​ក្នុង​ឆ្នាំ​នេះ ​និង​មាន​ទីតាំង​លក់រាយ​ប្រហែល​១១​នឹង​បើក​ដំណើរការ ក្នុងចំណោមផ្សារទំនើបចំនួន១៣ទីតាំង​។

អ្នកនាងបន្តថា “ ការកើនឡើង​ដ៏ឆាប់​រហ័ស​នាពេល​នេះ ​គឺ​ដោយសារ​ប្រាក់​ចំណូល​របស់​ប្រជាជន​ ខ្មែរ​កើនឡើង​ស្រប​ពេល​ដែល​តម្រូវការ​កន្លែង​កម្សាន្ត និង​សម្ភារ​ប្រើប្រាស់​ទំនើបៗ​កើនឡើង​ផង​ដែរ​”។

ទីតាំង​ផ្សារទំនើប ​ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​នេះ រួម​មាន​ ដូចជា Midtown Community Mall, The Bridge Commercial, Downtown 93, The Park, Noro Mall, Prince Central Plaza, ជាដើម​។

យោងតាមរបាយការណ៍​របស់ CBRE Cambodia ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេលថ្មីៗនេះបានលើកឡើងថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​នេះ នៅកម្ពុជានឹង​មាន​ទីតាំង​លក់រាយ​ប្រហែល​២៩ ​ភាគរយ​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​។ ២៦​ភាគរយ ក្នុង​ខណ្ឌ​ចំការមន​ ១៩ ​ភាគរយ​ក្នុង​ខណ្ឌ​ទួលគោក​។ ១៣​ភាគរយ​ក្នុង​ខណ្ឌ​ច្បារអំពៅ​៦​ភាគរយ ​ក្នុង​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​មានជ័យ និង​១​ភាគរយ​ក្នុង​ខណ្ឌ​៧​មករា​។

បច្ចុប្បន្ន​នេះ ​មាន​គម្រោង​សាងសង់ ទីតាំង​លក់រាយ​ជាច្រើន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​ដែល​មាន​ដូចជា PH Eco Mall និង Diamond Peng Hourt Mall ដែល​វិនិយោគដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​ប៉េងហួតគ្រុប។

ទោះជាវិនិយោគលើគំរោងផ្សារទំនើប The Bridge Commercialខ្លួនឯងក្តី ក៏លោ​កឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Land Group បានថ្លែងថា វត្តមានផ្សារទំនើបកាន់តែច្រើននៅរាជធានីភ្នំពេញ ជារឿងល្អ ប៉ុន្តែផលិតផលដែលមានស្លាកសញ្ញាឬប្រេនល្បីៗ មិនទាន់ជោគជ័យទេនៅកម្ពុជា វាត្រូវការរយៈពេល៥ទៅ១០ឆ្នាំទៀត ប៉ុន្តែដោយសារវាជាម៉ាកសញ្ញាធំៗ ក្រុមហ៊ុនទាំងនោះមិនខ្វល់ពីប្រាក់ចំណេញទេ អ្វីសំ​ខាន់គឺពួកគេពង្រីកេរ្ត៍ឈ្មោះ ឬម៉ាកសញ្ញារបស់ខ្លួន។

លោកបន្តថា “អ្នកមានជីវភាពធូរធារក្នុងស្រុក នៅតែធ្វើដំណើរទៅបរទេស ដើម្បីទិញទំនិញម៉ាកល្បីៗ ដូចគ្នានឹងប្រទេសវៀតណាម ដែលមានម៉ាកទំនិញល្បីៗតែមិនទាន់មានការគាំទ្រពីអ្នកមានក្នុងស្រុកនៅឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here