ដោយ: គង់់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានស្នើឲ្យប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ជួយសម្រួលដល់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា។
ក្នុងជំនួបជាមួយ លោកប្រធាន Tassilo Brinzerប្រធានសភាពាណិជ្ជកម្មអឺរ៉ុបថ្មីប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៦ កុម្ភៈនេះ លោកវេង សាខុនបានជម្រាបជូនប្រតិភូអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់វិស័យកសិកម្មក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាធានាបាននូវសន្តិសុខស្បៀង ហើយបាននិងកំពុងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប មានជាអាទិ៍៖ អង្ករ ម្រេច ចំណិតដំឡូងក្រៀម គ្រាប់ស្វាយចន្ទីកែច្នៃរួច ចេកអំបូងលឿង ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ល។
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ទីផ្សារអឺរ៉ុប ក្រៅពីអង្ករ បរិមាណកសិផលនាំចេញដទៃទៀត ហាក់ដូចជានៅមានកម្រិតទាប ហេតុនេះ លោករដ្ឋមន្រ្តីបានស្នើសុំលោកប្រធានថ្មីជួយពិនិត្យ ពិចារណាលើកសិផលកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាអាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ ជួយផ្តល់កិច្ចសហការលើការងារបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាពផលិតកម្ម មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផល ចំណីសត្វ និងចំណីត្រី ការវិនិយោគលើវិស័យធុរកិច្ច និងកែច្នៃកសិកម្ម ដើម្បីប្រមូលកសិផល បែងចែក ត្រួតពិនិត្យ និងវាយតម្លៃគុណភាព ទីណាត់ជួបរវាងអ្នកផលិត និងអ្នកបញ្ជាទិញ បង្កើតការងារ បង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ល។
លោកវេង សាខុនក៏បានជម្រាបជូន លោកBrinzer និងសហការីបន្ថែមទៀតថា ក្រសួងនឹងរង់ចាំផ្តល់កិច្ច សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីរួមគ្នារក្សាបរិយាកាសវិនិយោគលើវិស័យកសិកម្ម និងការធ្វើធុរកិច្ចកសិកម្មនៅកម្ពុជាឲ្យមានលក្ខណកាន់តែល្អប្រសើរ។
លោកBrinzerបានថ្លែងថា គោលបំណងសំខាន់នៃជំនួបនាព្រឹកនេះគឺដើម្បី ពង្រឹង និងពង្រីកកិច្ចសហការរវាង The EuroCham ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាង ណារួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកបានសម្តែងសុទិដ្ឋិថា “បើទោះបីកម្ពុជាបាន និងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនដូចប្រក្រតី មិនតែប៉ុណ្ណោះវាកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ធានាបានសន្តិសុខស្បៀង និងជំរុញការនាំចេញ ក្នុងខណ:វិស័យមួយកំពុងមានវិបត្តិ”។ លោកបន្តថា “សហភាពអឺរ៉ុបនឹងនៅតែជាដៃគូសហការជាមួយរាជរដ្ឋសភិបាលកម្ពុជា ពិសេសក្រសួង ក្នុងការជំរុញកំណើនផលិតកម្មកសិកម្មតាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្របតាមតម្រូវការទីផ្សារ ពង្រីកការកែច្នៃកសិផល ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាដល់ការប្រកួតប្រជែង ស្របការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន”៕