រោងចក្រសហគ្រាសនៅរាជធានីភ្នំពេញជិត១០០ទីតាំងផ្អាកដំណើរការក្នុងដំណាក់កាលកូវីដ១៩

0
DCIM100MEDIADJI_0007.JPG

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្នុងគ្រាលំបាកដែលបណ្តាលមកពីបញ្ហានៃជំងឺកូវីដ១៩ គិតរហូតមកដល់ដើមឆ្នាំ២០២១នេះ មានរោងចក្រ សហគ្រាសជិត១០០ទីតាំងបានផ្អាកសកម្មភាពប្រតិបត្តិការរបស់ខ្លួន ដោយក្នុងនោះមានចំនួន៧៦ទីតាំងបានបង្ខំចិត្តបិទទ្វារ ហើយចំនួន២៣ទីតាំងទៀតបានបង្ខំចិត្តព្យួរការងារ។


លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្នុងដំណាក់កាលកូវីដ១៩ នៅក្នុងឆ្នាំ២០២០នេះ បានធ្វើឱ្យរោងចក្រសហគ្រាសចំនួន៧៦ នៅក្នុងរាជធានីភ្នំពេញបានបង្ខំចិត្តបិទទ្វារ និងបានធ្វើឱ្យបងប្អូនកម្មករកម្មការិនីប្រមាណជាង ៣៥ ០០០នាក់ អត់ការងារធ្វើ។ បន្ថែមពីលើនេះទៀត រោងចក្រចំនួន២៣ ក៏បានបង្ខំចិត្តព្យួរការងាររបស់ខ្លួនផងដែរ ដែលបានធ្វើឱ្យកម្មករប្រមាណជាជិត៤ម៉ឺននាក់ទៀតត្រូវព្យួរការងារ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះគណៈ ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាដែលចុះមកជួបពិភាក្សាការងារនេះគឺដើម្បី ពិនិត្យទៅលើ ការងារមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការងារដែលរាជរដ្ឋាភិបាលប្រតិ ភូកម្មពីថ្នាក់ជាតិមកឱ្យថ្នាក់ក្រោមជាតិអនុវត្តន៍។ ចង់ដឹងពីវឌ្ឍនភាពការងារ ចង់ដឹងពីបញ្ហា ប្រឈម និងតម្រូវការមួយចំនួនរបស់ថ្នាក់ក្រោមជាតិសំដៅធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋ អាចទទួលយកបាននូវសេវាដែលអាជ្ញាធរថ្នាក់ក្រោមជាតិប្រគល់ទៅឱ្យ ប្រជាពលរដ្ឋ

លោកជួន វុឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា រោងចក្រសហគ្រាសនៅក្នុងរាជធានី ភ្នំពេញ នៅក្នុងឆ្នាំ២០២០ មានរោងចក្រចំនួន ៦៧៥រោងចក្រ មានកម្មករចំនួន ៣៦១៤៥២នាក់ ក្នុងនោះស្រីចំនួន២៩៤៤០១នាក់។ ដោយសារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យរោងចក្រ ចំនួន១២៣ បានបង្ខំចិត្តព្យួរការងារ និងបានធ្វើឱ្យកម្មករចំនួន៣៨១៧៧នាក់ព្យួរការងារ។
លោកថា ដោយសារជំងឺកូវីដ១៩ នេះដែរ ក៏បានធ្វើឱ្យរោងចក្រចំនួន៧៦ បានបិទទ្វារនឹងបានធ្វើឱ្យកម្មករចំនួន៣៥៤៧១នាក់ អត់ការងារធ្វើផងដែរ។ ប៉ុន្តែទោះបីជា យ៉ាងណាក្តី ក្នុងដំណាក់កាលកូវីដ-១៩នេះ នៅក្នុងរាជធានីភ្នំពេញក៏បានបង្កើត រោងចក្រថ្មី ចំនួន៤៦រោងចក្រ ដែលបានឱ្យកម្មករចំនួន៨៥៤២នាក់ មានការងារធ្វើផងដែរ។ ពាក់ព័ន្ធនឹង កម្មករដែលអត់ការងារធ្វើ គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាបានឱ្យដឹងថា កម្មករ ដែលអត់ការងារធ្វើដោយសារតែការបិទរោងចក្រ បណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩នោះ គឺកម្មករទាំងនោះទទួលបានផលប្រយោជន៍ចំនួន៣ពីខាងរោងចក្រ ក្នុងនោះទទួល បាននូវប្រាក់បំណាច់អតីតភាពការងារ ទទួលបានប្រាក់បៀវត្សរ៍ចុងក្រោយ និងទទួលបាន ប្រាក់ថ្លៃឈប់សម្រាកដែលនៅសេសសល់។

LEAVE A REPLY

Please enter your comment!
Please enter your name here