ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Pestech International Bhd (PSB) របស់ម៉ាឡេស៊ី ជាមួយនឹងដៃគូវិនិយោគរបស់ខ្លួនក្រុមហ៊ុន Furukawa Electric Co Ltd ដែលមូលដ្ឋានៅជប៉ុន ទទួលបានកិច្ចសន្យាការងារចំនួន២ លើគម្រោងបណ្តាញបញ្ជូន និងចែកចាយខ្សែអគ្គិសនីក្រោមដី ដែលមានតម្លៃ១៦៥លានរីងហ្គីត (ជាង៤០,៨លានដុល្លារ) នៅកម្ពុជា។
ក្រុមហ៊ុន Pestech បានឱ្យដឹងថា នេះគឺជាការវិនិយោគរួមគ្នាជោគជ័យដំបូងបង្អស់របស់ក្រុមហ៊ុន ក្នុងការធ្វើការងារលើខ្សែកាបក្រោមដី ដែលមានតង់ស្យុងខ្ពស់ និងបង្ហាញសមត្ថភាពនៅក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star របស់ប្រទេសម៉ាឡេស៊ី កាលពីម្សិលម៉ិញ។
ក្រុមហ៊ុន Pestech បានឱ្យដឹងនៅក្នុងឯកសារមួយដែលបានជូនផ្សារហ៊ុនម៉ាឡេស៊ី ថា អគ្គិសនីកម្ពុជា (EDC) តបានផ្តល់កិច្ចសន្យាការងារដល់ក្រុមហ៊ុននៅថ្ងៃនេះ សម្រាប់គម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញដំណាក់កាលទី២ លទ្ធកម្មការងារបណ្តាញបញ្ជូន និងចែកចាយខ្សែក្រោមដី។
តម្លៃកិច្ចសន្យាសរុបមានទំហំទឹកប្រាក់២,២២ពាន់លានយ៉េន (៨៨,៨លានរីងហ្គីត) ឬប្រមាណ២០,៩លានដុល្លារ និង ១៩,៩៤លានដុល្លារអាមេរិក សម្រាប់កិច្ចសន្យាការងារនេះ។
ក្រុមហ៊ុន Pestech បានបញ្ជាក់ថា នេះគឺជាគម្រោងខ្សែកាបក្រោមដី ដែលមានថាមពល២៣០គីឡូវ៉ុលដំបូងបង្អស់ ដែលអនុវត្តដោយអគ្គិសនីកម្ពុជានៅកម្ពុជា។
ក្រុមហ៊ុនបានឱ្យដឹងថា “នេះក៏ជាការបណ្តាក់ទុនដ៏ជោគជ័យដំបូងបង្អស់របស់ PSB ក្នុងការងារលើការឌីសាញខ្សែកាបក្រោមដីតង់ស្យុងខ្ពស់ និងបញ្ចេញសមត្ថភាពនៅក្រៅប្រទេស”៕