ដោយ:គង់ សូរិយា
ភ្នំពេញៈ អ្នកវិភាគអន្តរជាតិបានលើកឡើងថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ចិនកាន់តែរីកធំឡើងជាពិសេស បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីឆ្នាំ២០២០ ដែលមានប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៥ ចូលរួមក្នុងនោះរួមមានទាំងចិនផងដែរ។
លោក ដាវីដ សេមបូស (David Shambaugh) ជាសាស្ត្រាចារ្យជំនាញផ្នែកសិក្សាតំបន់អាស៊ី និងជានាយកកម្មវិធីគោលនយោបាយចិនមកពីGeorge Washington University បានមានប្រសាសន៍នៅក្នុងវេទិកាមួយរៀបចំឡើងដោយអង្គការ Hinrich Foundationកាលពីដើមខែនេះថា ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងអាស៊ានមានរហូតដល់៦០០ពាន់លានដុល្លារ ឬជិតស្មើនឹងពាក់កណ្ដាលនៃទំហំពាណិជ្ជកម្ម របស់ប្លុកមួយនេះជាមួយចិន ហើយក្រុមហ៊ុនអាមេរិកច្រើនជាង៤,២០០ក្រុមហ៊ុន កំពុងប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបន្តថា ការវិនិយោគសរុបរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មានទំហំធំជាងចិន ជប៉ុន និងកូរ៉េខាងត្បូង រួមបញ្ចូលគ្នាទៅទៀត ដែលមានត្រឹម៣២៩ពាន់លានដុល្លារ ខណៈការវិនិយោគរបស់ចិន មានត្រឹមតែ១៣៨ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ចិនកាន់តែរីកធំឡើងជាពិសេស បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីឆ្នាំ២០២០ ដែលមានប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៥ ចូលរួមក្នុងនោះរួមមានទាំងចិនផងដែរ។
សហរដ្ឋអាមេរិក នៅក្រោមការគ្រប់គ្រងនៃអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន មានទាំងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ក្រោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP ប្រទេសជាសមាជិកចំនួន១១ ដែលនៅសល់បានចុះហត្ថលេខាប្ដូរឈ្មោះ កិច្ចព្រមព្រៀងនេះទៅជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
យ៉ាងណាក៏ដោយ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មិនមានសំណុំគោលនយោបាយច្បាស់លាស់ចំពោះតំបន់អាស៊ីអាគ្នេយ៍ឡើយ ដោយចូលចិត្តធ្វើការ និង ប្រើប្រាស់យុទ្ធសាស្ត្រតាមកាលៈទេសៈ។ ពោលគឺមានន័យថាទាល់តែចិនធ្វើសកម្មភាពប៉ះពាល់ដល់ប្រយោជន៍របស់ខ្លួន ទើបអាមេរិកចេញមុខ ឬបញ្ចេញប្រតិបត្តិកម្មឆ្លើយតប ដែលនេះជាមូលហេតុមួយធ្វើឱ្យប្រទេសអាស៊ានខ្លះចាប់ផ្ដើមមើលឃើញពីនយោបាយមិនច្បាស់លាស់របស់ អាមេរិក។
អវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចព្រមព្រៀងទាំង២នេះ កាន់តែផ្ដល់ឱកាសឱ្យចិនពង្រីកឥទ្ធិពល និងលេចមុខមាត់ឡើងក្នុងនាមជា អ្នកការពារប្រព័ន្ធពហុភាគីនិយមប្រឆាំងនឹងប្រព័ន្ធគាំពារនិយម។ រដ្ឋបាលអាមេរិកថ្មីក្រោមការដឹកនាំដោយលោក ចូ បៃដិន បានសន្យាថានឹង ត្រឡប់ចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីឡើងវិញ។ ក៏ប៉ុន្តែក្រុមមន្ត្រីអាមេរិកមួយចំនួននៅតែមានការសង្ស័យ និងព្រួយបារម្ភខ្លាចក្រែង ការត្រឡប់ចូលកិច្ចព្រមព្រៀងទាំងនោះអាចនឹងជំរុញឱ្យក្រុមហ៊ុនអាមេរិកធំៗ សម្រុកដំឡើងរោងចក្រនៅក្រៅស្រុក ដែលនេះអាចនឹងធ្វើឱ្យ ប៉ះពាល់ដល់កិច្ចខិតខំបង្កើតការងារនៅក្នុងស្រុករបស់លោក ចូ បៃដិន។
ចំណែក លោក វ៉ាង គុនវ៉ូ (Wang Gungwu) ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងជាអ្នកជំនាញលើប្រវត្តិសាស្ត្រចិន និងតំបន់អាស៊ីអាគ្នេយ៍ ក៏យល់ឃើញផងដែរថាចិន សមនឹងទទួលបានទំនាក់ទំនងសេដ្ឋកិច្ចល្អដែលខ្លួន មានជាមួយអាស៊ានបូកបី ដែលបង្កើតឡើងក្នុងគោលដៅលើកកម្ពស់ពាណិជ្ជកម្ម រួមបញ្ចូលទាំងជប៉ុន កូរ៉េខាងត្បូង និងចិន៕