ដោយស៊ីវ ម៉េង
កំពង់ឆ្នាំងៈ ជាអតីតរាជធានីខ្មែរ ដែលបានចាប់ផ្តើមពីឆ្នាំ១៥២៥ ដល់ឆ្នាំ១៥៩៣ រាជធានីខ្មែរមួយនេះ បានរលំរលាយ ដោយសារមនោគមវិជ្ជា និងការឈ្លានពានរបស់សៀម។
រាជធានីដែលមានកិត្យានុភាព និងល្បីសុះសាយក្នុងប្រវត្តិសាស្ត្រ ដោយសារការកសាងកំពែងពីដើមឬស្សីនេះ បានរស់ឡើងវិញហើយ បន្ទាប់ពីមានការបោះបង់ចោលអស់រយៈពេលរាប់រយឆ្នាំ។
បច្ចុប្បន្នអ្នកវិនិយោគក្នុងស្រុក និងអ្នកមាននិន្នាការជាតិនិយមមួយក្រុម បានរៀបចំផែនការម៉ត់ចត់ និងច្បាស់លាស់លើផ្ទៃដីជាង១០០ហិកតា ពិសេសមានការដាំដើមឬស្សី១២ប្រភេទ ប្រមាណ៥០,០០០ដើម ដើម្បីទុកជាការរំលឹកឡើងវិញនូវអតីតកាល និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនា និងបានសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ខ្មែរ កុំឲ្យមកលងម្តងទៀត។
លោកស្រី សៀង ចាន់ហេង ដែលជាអ្នកផ្តួចផ្តើមកសាង គំរោងអភិវឌ្ឍន៍បែបទេសចរណ៍ប្រវត្តិសាស្ត្រ ដោយប្រសិទ្ឋនាមគំរោងនេះថា “រាជនីលង្វែក” លើផ្ទៃដីជាង១០០ហិកតា នៅតំបន់ក្រុងលង្វែកបានមានប្រសាសន៍ថា ក្នុងប្រវត្តិសាស្ត្របានសរសេរពីលោកតាឃ្លាំង មឿងបានសម្លាប់ខ្លួនធ្វើជាទ័ពខ្មោច ដើម្បីសង្គ្រោះប្រទេសជាតិ ហេតុនេះការរៀបចំគំរោងរាជនីលង្វែងកនេះ ខ្ញុំមានមហិច្ឆតាលោភលន់ហួសប្រមាណ ពីការស្មានទុករបស់ខ្លួន ដោយហាក់មានវិញ្ញាណមួយបានជួយខ្ញុំ គិតបែងចែករៀបចំរមណីយដ្ឋាននេះ ដើម្បីរំលឹកដល់អតីតព្រះមហាក្សត្រ ដែលបានពលីជីវិតទៅ។
លោកស្រីបន្តថា “ការដាក់ឈ្មោះរមណីយដ្ឋាននេះ ដោយសារខ្ញុំស្រលាញ់ទឹកដី លង្វែក និងរំលឹកដល់បុត្រីព្រះមហាក្សត្រខ្មែរព្រះបានច័ន្ទរាជា ដែលមានព្រះនាមវលក្ខណ៍” ។ លោកស្រីបន្តថា “ការដាក់ឈ្មោះរាជនីលង្វែកនេះ ពោរពេញដោយព្រៃឬស្សី ដែលខ្ញុំបានប្រមូលឬស្សី១២ប្រភេទ និង៥០០០០ដើមយកមកដាំនៅទីនេះ និងលំអរដោយថ្ម ធម្មជាតិ” ។
តំបន់នេះរៀបចំជាពិសេស គឺពោរពេញដោយព្រៃឬស្សី ព្រោះអតីតរាជធានីលង្វែក ពោរពេញទៅដោយឬស្សីបន្លា ប៉ុន្តែគំរោងនេះបានដាំឬស្សីគ្រប់ប្រភេទ មានទាំងឬស្សីផ្អែម ឬស្សីបន្លា ឬស្សីពីងពង់ ឬស្សីយក្សជាដើម។
លោកស្រីសៀវ ចាន់ហេង បានបន្តថា លើសពីនេះ យើងបានរៀបចំជាថ្ម ដែលជាថ្ម បានដឹកពីបណ្តាខេត្តនានាដូចជា ខេត្តពោធិសាត់ បាត់ដំបង ព្រះវិហារ តាកែវ ក្រចេះជាដើម ដើម្បីរៀបចំជាផ្ទាំងសិលា ជាប្រាសាទ ជាស្ពាន និយាយរួមសំណង់នៅក្នុងគំរោងនេះមិនប្រើបេតុង ព្រោះដើម្បីឲ្យមានភាពទាក់ទាញ និងឲ្យស័ក្តិសមជារមណីយដ្ឋានរាជនីលង្វែក។
លោកស្រីបន្តថា អ្នកជំនាន់ក្រោយនេះ ទាំងខ្ញុំនិងអ្នកសិក្សារៀនសូត្រដទៃទៀត ក៏ធ្លាប់បានលឺថា សម័យលង្វែងពោរពេញទៅដោយព្រៃឬស្សី ហើយក៏មានការនិយាយតៗគ្នាថា យើងបាក់បែកនគរ ដោយសារសៀមបានបាច “ប្រាក់ឌួង” ហើយប្រជាពលរដ្ឋខ្មែរចូលទៅកាប់ព្រៃឬស្សីចោល ប៉ុន្តែធាតុពិតម្នាក់ៗបានភ្លេចគិតពីសម័យលង្វែកថា សម័យនោះមានរាជធានីដ៏ធំ ដែលមានការរៀបចំថ្មភក់ ប្រសាទដូចយើងបានរៀបចំនាពេលនេះ ប៉ុន្តែយើងមិនបានដឹង។
លោកស្រីបន្តថា “អញ្ចឹងដើម្បីឲ្យកូនខ្មែរដឹងថា រាជធានីលង្វែងមានទំហំធំបែបណា ទើបយើងរៀបចំរមណីយដ្ឋាននេះឡើង ដើម្បីឲ្យកូនខ្មែរបានដឹង ព្រោះបើពុំមានសម័យលង្វែក ក៏យើងមិនមានសម័យកាលនេះដែរ” ។
ជាមួយនឹងគំរោងដ៏ធំ និងប្រកបដោយមហិច្ចតានេះ អ្នកវិនិយោគបានដាំសួនស្លា សួនផ្កាជាច្រើន និងការកសាងសំណង់ជាសមិទ្ឋផលបុរាណ និងធ្វើទីប៉មសំរាប់ធ្វើជាកន្លែងផ្សងសំណាងសំរាប់អ្នកទៅកំសាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិ។
លោកស្រីសៀង ចាន់ហេងបានបន្តដោយលើកឡើង ពីការប្តេជ្ញាចិត្តរបស់ខ្លួនថា “ខ្ញុំប្តេជ្ញាខិតខំរៀបចំទីនេះឲ្យមានសោភ័ណភាពស្រស់បំព្រង ពិសេសធ្វើឲ្យមានផ្ទៃទឹកត្រជាក់ល្ហឹម និងកន្លែងកំសាន្ត ដែលភ្ញៀវជាតិ អន្តរជាតិអាចមកកំសាន្តម្តងហើយ មកម្តងទៀត។
ប្រវត្តិរាជធានីលង្វែក
យោងតាមឯកសាររបស់វីគីភីឌៀ បានឲ្យដឹងថា លង្វែក ជាទីតាំងប្រវត្តិសាស្ត្រខ្មែរដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខែត្រកំពង់ឆ្នាំង និងជាកន្លែងយុទ្ធសាស្ត្រមួយមាន ទន្លេ បឹង ជាពិសេស ព្រែក ។ ក្រុមមេការឲ្យគេជីកបុកឫសរៀបថ្ម៦ហត្ថជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ។
មូលហេតុនេះហើយ ទើបព្រះចន្ទរាជាបញ្ជាអោយមន្ត្រី ឧកញ៉ា សេនាបតី អោយកេណ្ឌ រាស្ត្រ កាប់ឈើ ជញ្ចូនថ្ម រែកដី ដើម្បីសង់ បន្ទាយ និង រាជវាំង ទ្រង់បានអោយគេធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំរបង ឫស្សី យ៉ាងក្រាស់កម្រាស់២ សិន (១៦០ ម ) មាន គូទឹក មានទ្វារ៨ ខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែ ទាហាន កាំភ្លើងវែង ។
ក្នុងកំពែងជាន់ទីមួយ ដាក់សុទ្ធតែទាហាន កាំភ្លើងធំ ហើយនៅមុខកំពែងនេះមាន រោងដំរី ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហាកាំភ្លើងធំ ហើយនៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ កំពែងទី២ដាក់សុទ្ធតែទាហានកាំភ្លើងវែង សាលាជំនុំ សាលាដំបូងនិងដំបូង និង សាលាឧទ្ធរណ៍ ។
ក្នុងកំពែងទី៣ដាក់សុទ្ធតែទាហា អាវុធខ្លី មានដាក់ ផ្គាក់ កាំបិត ។ កំពែងទី៤ ដាក់សុទ្ធ តែទាហានរក្សាព្រះអង្គ រោងល្ខោន និង ព្រះពន្លា ទត ល្ខោន ។នៅក្នុងកំពែងទី៥ មាន រោងបញ្ចក្សេត្រ និង ដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យ ក្រុម បាគូ បុរោហិត និង ក្រុមមហាតលិក នៅ។ ក្នុងកំពែងនេះដែរ មានរាជវាំង កំពូលប្រាំបិទមាស និងលាបម្រ័ក្ស៍សម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទិ្ធគឺ ព្រះកែវ ឬព្រះត្រឡែងកែង និង ព្រះគោ ចំនួន១២ ដែលនៅក្នុងពោះព្រះគោទាំងនោះ មានរក្សានូវគម្ពីរក្បួនសាស្ត្រា ដ៏មានតម្លៃលើសលប់។
មានផ្ទះ ស្រីស្នំ ក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗទុក ស្រូវ អង្ករ អំបិល ប្រហុក ត្រីងៀត ត្រីឆ្អើរ និង ឃ្លាំងសាស្ត្រាវុធ ។ ម្យ៉ាងទៀតតាមជំនឿរបស់ខ្មែរ ព្រះគោ និងព្រះកែវជាបងប្អូនបង្កើតនិងគ្នា ដែលអ្នកស្រុកតែងតែគោរពបូជា ទុកជា វត្ថុស័ក្ដិសិទ្ធិ ដោយសារនៅក្នុងបន្ទាយលង្វែកមានរូបព្រះគោ ព្រះកែវ គេមានជំនឿថា នេះជាបន្ទាយ មួយយ៉ាងមាំសម្រាប់ការពារសត្រូវផង និងឃ្លាំង វប្បធម៌ ជាតិបន្ទាប់ពី អង្គរ ។
បន្ទាយលង្វែក មានទទឹងប្រវែង២សហាតិមាត្រ និងបណ្ដោយប្រវែង៣សហាតិមាត្រ ហើយចំណាយពេលសាងសង់ ៣ ឆ្នាំ (១៥២៧ – ១៥២៩) ។
ព្រះរាជា និងព្រឹត្តិការណ៍សម័យលង្វែក
ព្រះបាទចន្ទរាជា(១៥១៦ – ១៥៦៦)
ព្រះបាទ ចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទ ស្រីសុគន្ធបទ ។ នៅក្នុងឱកាសដែល ស្ដេចកន ធ្វើគុតព្រះបាទស្រីសុគន្ធបទ នៅ បន្ទាយស្ទឹងសែន ក្នុងឆ្នាំ ១៥១២នោះ ព្រះអង្គចន្ទរាជា កំពុងគង់នៅ ក្រុងអយុធ្យា ស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។ក្នុងអំឡុងស ង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះនាមសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស ១៥១៦ ។
រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុង មកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។
ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជា បានឲ្យគេសាងសង់ បន្ទាយលង្វែក ។ នៅឆ្នាំ ១៥២៩ ព្រះអង្គយាងទៅគង់នៅ បន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦ ។
ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គ ក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរ មកវិញរហូតដល់ ក្រុងអយុធ្យា ។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រឡែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី … ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជា ទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើ ភ្នំព្រះរាជទ្រព្យ សព្វថ្ងៃ។
ព្រះបាទបរមរាជា (១៥៦៦ – ១៥៧៦)
ព្រះបាទ បរមរាជា ជាបុត្រច្បងរបស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀម ដើម្បីដណ្ដើមយកអាណាខែត្រខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ១៥៧០ ព្រះអង្គបានយាងទៅគង់នៅ រាជធានីអង្គរ ដើម្បីប្រមូលទ័ពទៅរំដោះយក ខែត្រនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។
នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរ វាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្ត ចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ ខែត្រនគររាជសីមា ខេត្តចន្ទបុរី និង ខេត្តបស្ចឹមបុរី ឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថា ស្ដេចសៀមរវល់តែធ្វើចម្បាំងជាមួយលាវ (សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយលាវ)។
ព្រះបាទ បរមរាជា ទ្រង់សោយទិវង្គតនៅ គ.ស ១៥៧។ នៅឆ្នាំ១៥៧១ស្ដេចនគរឡានឆាង បញ្ជូនមន្ត្រី២នាក់និងព១០០០០នាក់ មកបបួលស្ដេចខ្មែរប្រជល់ដំរីភ្នាល់ដាក់នគរ។
ព្រះបាទសត្ថាទី១ (១៥៧៦ – ១៥៨៦)
ព្រះបាទ សត្ថាទី១ ជាបុត្រាទី២របស់ ព្រះបរមរាជា ត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទ ស្រីសុរិយោពណ៌ ជា ឧបរាជ ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជា បាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុង ពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ ១៥៨៦ ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាម ជ័យជេដ្ឋាទី១ ។
ព្រះបាទជ័យជេដ្ឋាទី១ (១៥៨៦ -១៥៩៣)
ព្រះបាទ ជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទ សត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ១១ព្រះវស្សា។ ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម៦ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទ ស្រីសុរិយោពណ៌ ជាមហា ឧភយោរាជ ។
ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រ គ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀម លើកទ័ពមកវាយលុកចូលប្រទេសខ្មែរ ជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែក បន្ទាយលង្វែក ទៅ នៅឆ្នាំ ១៥៩៣ ។
ព្រះរាជាសោយរាជ្យនៅសម័លង្វែក(១៥២៥-១៥៩៣) | |||
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ | រជ្ជកាល |
០១ | ស្រីជេដ្ឋា | កន រឺ កៅ | ១៥០៨-១៥?? |
០២ | បរមរាជាទី២ , អង្គចន្ទទី១ | ចន្ទរាជា | ១៥១៦-១៥៦៦ |
០៣ | បរមរាជាទី៣ , បរមិន្ទរាជា | បរមិន្ទរាជា | ១៥៦៦-១៥៧៦ |
០៤ | បរមរាជាទី៤ រឺ ជ័យជេដ្ឋាទី១ | សត្ថាទី១ | ១៥៧៦-១៥៩៤ |
០៥ | បរមរាជាទី៥ រាជ្យទី១ | ពញាតន់ | ១៥៨៤-១៥៩៤ |
០៦ | ជ័យជេដ្ឋាទី១ (បរមរាជាទី៥) រាជ្យទី១ | ១៥៨៦ – ១៥៩៤ |
ខ្ញុំធ្លាប់បកស្រាយថាផែនទីក្នុងរូបជាផែនទីក្រុងឧដុង្គ https://www.youtube.com/watch?v=J_Oeu1o1fXg