ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសប្រាប់ពិភពលោកថា នឹងធ្វើការចាក់សាំងជូនដល់ជនបរទេសទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញដោយប្រាប់ទៅកាន់ទូតបរទេសទាំងអស់ និងអង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងចាក់វ៉ាក់សាំងកូវីដដល់ជនបរទេសទាំងអស់ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា។ ការចាក់វ៉ាក់សាំងនេះ មិនគិតថ្លៃ តាមគម្រោងនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា។
នៅក្នុងលិខិតដដែលនេះ ក្រសួងការបរទេសបានលើកឡើងថា ដំណើរការចាក់វ៉ាក់សាំងកូវីដដល់ជនបរទេសនៅកម្ពុជានឹងត្រូវជូនដំណឹងជាក់លាក់នៅពេលក្រោយ។
ដំណឹងនៃការចាក់វ៉ាក់សាំងដល់ជនបរទេសនេះ ត្រូវបានស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្រកាសតាមហ្វេសប៊ុកផ្លូវការកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ។
ជុំវិញគម្រោងចាក់វ៉ាក់សាំងដល់ជនបរទេសនេះផងដែរ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមិនបានបញ្ជាក់លម្អិតនោះទេ ដោយលោកជំរុញឱ្យសួរទៅខាងក្រសួងសុខាភិបាល ខណៈដែលក្រសួងសុខាភិបាលក៏នៅមិនទាន់បានបកស្រាយបញ្ជាក់ឱ្យបានច្បាស់ពីគម្រោងផែនការមួយនេះនៅឡើយ៕