ដោយៈ រ៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នូវវិធានការក្ដៅរឹតបន្ដឹងចំពោះបុគ្គលទាំងឡាយណា ដ៏ដូចជាទីតាំងដែលមិនសហការពាក់ព័ន្ធ ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងគំរាមនៅក្នុងសហគមន៍យ៉ាងខ្លាំងក្លាយគួរឱ្យព្រួយបារម្ភនៅពេលនេះ ជាមួយនឹងច្បាប់ដែលបានចែងជាធរមាន។
តាមរយៈលិខិតជូនដំណឹងដែលចេញផ្សាយ ដោយទីស្ដីការគណៈរដ្ឋមន្ត្រីដែលទើបទទួលបាននៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះបុគ្គលមិនអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក។ បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ២៧ អនក្រ.បក។
-->
នៅក្នុងក្នុងលិខិតដដែលនេះ បានកំណត់នូវចំណុចសំខាន់ៗចំនួន៣ដែលជាវិធានការរឹតបន្ដឹងបន្ថែមពីលើអ្វីដែលបានកំណត់ក្នុងច្បាប់រួមមាន ទី១ ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ទី២ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងទី៣ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។
កាលពីពេលកន្លងមកថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យបណ្តេញចេញពីកម្ពុជា និងលែងឲ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។
ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។
សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុង ផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស៕