ផ្លូវសំខាន់ៗចំនួន៣បានក្លាយជាកន្លែងទាក់ទាញរោងចក្រឧស្សាហកម្មនិងលំនៅដ្ឋាន

0

ដោយ៖ ប៊ី

ភ្នំពេញ៖ តម្រូវការដីជួលបែបឧស្សាហកម្មត្រូវបានមើលឃើញថាមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងនេះ ដែលធ្វើឱ្យផ្លូវចំនួន៣ ប្រែក្លាយទៅជាបណ្តុំមជ្ឈមណ្ឌលសម្រាប់ការវិនិយោគអចលនទ្រព្យបែបឧស្សាហកម្ម និងដឹកជញ្ជួន និងលំនៅដ្ឋាន។

តម្លៃដីបាននិងកំពុងកើនឡើងក្នុងទីក្រុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ តម្លៃដីនៅដងផ្លូវ២០០៤ និងវេងស្រេងមានកើនឡើងខ្លាំងពេក សម្រាប់ការសាងសង់រោចចក្រសម្រាប់ជួល។ នេះបើយោងតាមរបាយការចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

ដូច្នេះ ទីតាំងឧស្សាហកម្មត្រូវបានផ្លាស់ប្តូរទៅខាងក្រៅក្រុងវិញ ខណៈការអភិវឌ្ឍលំនៅដ្ឋានក៏ត្រូវបានមើលឃើញថា បង្វែទិសទៅតាមផ្លូវសំខាន់ៗចំនួន៣នេះផងដែរ។

របាយការណ៍ បានឱ្យដឹងថា “ទីតាំង ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវក្រវ៉ាត់ទី៣ បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការវិនិយោគអចលនទ្រព្យបែបឧស្សាហកម្ម និងដឹកជញ្ជួន។ ផ្លូវទាំងនេះផ្តល់ការតភ្ជាប់យ៉ាងល្អទៅកាន់មជ្ឈមណ្ឌលនាំចេញ និងនាំចូលក្នុងប្រទេស”។

ជាមួយគ្នានេះដែរ អ្នកជំនាញបានលើកឡើងថា តម្លៃជួលខ្ពស់បំផុតនៅតំបន់សេដ្ឋកិច្ចពិសេស ដែលតម្លៃចាប់ពី២.៨០ដុល្លារ ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈតម្លៃជួលទាបបំផុតអាចរកជួលបានចាប់១.៨០ ទៅ២.៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃឃ្លាំងជួលអាចរកជួលបានក្នុងតម្លៃ១.៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃជួលរោចចក្រ ដែលមានគុណភាពលក្ខណៈអន្តរជាតិ អាចរកបានក្នុងតម្លៃ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សរុបមក តម្លៃដីនៅទីក្រុងភ្នំពេញនៅតែមានតម្លៃថេរក្នុងត្រីមាសដើមឆ្នាំនេះ ខណៈការទិញលក់ដីធ្លីនៅក្នុងត្រីមាសនេះ មិនសូវមានជាចលនា ដោយសារកង្វះខាតនៃទីទំនេរនៅទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here