ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខុសប្លែកពីបណ្តាប្រទេសក្នុងតំបន់មួយចំនួន សម្រាប់ប្រទេសកម្ពុជាទោះជាកំពុងជួបប្រទះបញ្ហាប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដយ៉ាងណា ប៉ុន្តែចំពោះការនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅស្រុកនៅតែមានភាពវិជ្ជមាន ជាពិសេសផលិតផលក្នុងវិស័យកសិកម្មទៅកាន់ទីផ្សារប្រទេសចិន បានក្លាយជាវិស័យឧត្តមភាពមួយសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា កម្ពុជាមានវិស័យឧត្តមភាពមួយដែលជាស្នូលនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យមួយនេះមានចំណុចចំនួន២ដែលកំពុងបន្ទុចបង្អាក់ក្នុងការទាញយកប្រយោជន៍ពីវិស័យមួយនេះ រួមមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចំណេះដឹងជំនាញក្នុងការផលិត។
លោកបណ្ឌិតបានបញ្ជាក់ថា “កម្ពុជាយើងមានវិស័យមួយដែលមានឧត្តមភាពខ្ពស់អាចឈរជាសរសរទ្រូងសេដ្ឋកិច្ចជាតិបានល្អនោះគឺវិស័យកសិកម្ម ប៉ុន្តែអ្វីដែលយើងនៅខ្វះខាតគឺចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចំណេះដឹងលើការធ្វើកសិកម្ម ជាពិសេសបច្ចេកទេសកែច្នៃគឺយើងនៅមានកម្រិត ដែលចាំបាច់ត្រូវតែមានការជំរុញ និងបង្កើនលទ្ធភាពផ្នែកខ្វះខាតទាំងនេះឱ្យមានភាពល្អប្រសើរឡើងវិញ”។
លោកបន្តថា “តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺយើងមានទីផ្សារធំទូលាយ ប៉ុន្តែអ្វីដែលសំខាន់គឺការពង្រឹងលទ្ធភាព និងគុណភាពក្នុងការផលិតសម្រាប់នាំចេញ ដែលធ្វើយ៉ាងឱ្យមានស្ដង់ដារតាមការកំណត់របស់គេ ដូច្នេះប្រសិនបើយើងគ្មានបច្ចេកទេស គ្មានចំណេះដឹងក្នុងការផលិត ដូច្នេះទោះជាយើងមានទីផ្សារធំទូលាយយ៉ាងណា ក៏ការទទួលបានប្រយោជន៍ពីការនាំចេញនៅតែមានចំនួនតិចតួចដដែល”។
ជាមួយគ្នានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ក៏បានលើកឡើងផងដែរថា នៅក្នុងប្រទេសកម្ពុជាយើងមានវិស័យធំៗចំនួន៣ជាអាទិភាពក្នុងការជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ រួមមានវិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ និងសំណង់ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្នុងចំណោមវិស័យទាំង៣ មានវិស័យចំនួន២កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នោះគឺវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ ដែលយើងត្រូវការពេលវេលាយូរបន្តិចក្នុងការស្ដារឱ្យវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ។
បើទោះបីជាជំងឺកូវីដចូលរាតត្បាតយ៉ាងក្តី ប៉ុន្តែកសិផលកម្ពុជា នៅតែបន្តការនាំចេញ គ្រាន់តែរយៈពេល២ខែដើមឆ្នាំ២០២១នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តជាតិសរុប ៧៦ ២២២តោន។ ដោយឡែកការនាំចេញស្រូវទៅលក់ប្រទេសវៀតណាម តាមខេត្តព្រៃវែង បានជាង៤០ម៉ឺនតោន ដែលគិតជាទឹកប្រាក់នៃការនាំចេញទាំង២ប្រភេទនេះសរុបជិត១៨០លានដុល្លារ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងអនុវត្តផែនការ និងគោលនយោបាយធ្វើពិពិធកម្មនៅក្នុងវិស័យកសិកម្មឱ្យកាន់តែមានឧត្តមភាពសម្រាប់បង្កើនការនាំចេញ៕