ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Union Gas Holdings ដែលមូលដ្ឋាននៅសិង្ហបុរីបានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីបំណងដោយមិនចងភ្ជាប់កាតព្វកិច្ច (Non-Binding Letter of Intent) មួយក្រុមហ៊ុន Worldbridge Industrial Development (WBID) ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (JVCo) សម្រាប់ការចែកចាយនិងផ្គត់ផ្គង់ឧស្ម័ន LPG នៅក្នុងប្រទេសកម្ពុជា។
សកម្មភាពអាជីវកម្ម និងប្រតិបត្តិការផ្គត់ផ្គង់ LPG នៅកម្ពុជាត្រូវបានរំពឹងថានឹងកើតឡើងនៅចុងឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Singapore នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ភាពជាដៃគូយុទ្ធសាស្រ្តនេះគឺជាការពង្រីកដំបូងបង្អស់នៅក្រៅប្រទេស សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសដ៏ធំមួយរបស់សិង្ហបុរីី ហើយនឹងជួយដល់ក្រុមហ៊ុននេះ ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្រៅប្រទេស។
ក្រុមហ៊ុន Union Gas និង WBID ត្រូវបានរាយការណ៍ថា កំពុងពិភាក្សាដើម្បីស្វែងរកភាពជាដៃគូយុទ្ធសាស្រ្ត ដែលមានសក្តានុពលពីមុឆ្នាំន ប៉ុន្តែត្រូវបានបញ្ឈប់វិញ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ នៅឆ្នាំ២០២០។
យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Union Gas នឹងកាន់កាប់ភាគហ៊ុនចំនួន៥៥ភាគរយ នៅក្នុង JVCo ហើយនឹងបញ្ជូនបុគ្គលិកមានបទពិសោធពីការិយាល័យរបស់ខ្លួននៅប្រទេសសិង្ហបុរី ដើម្បីគាំទ្រដល់បុគ្គលិកកម្ពុជាក្នុងស្រុក។
ភាគហ៊ុនចំនួន៤៥ភាគរយនៅសល់នឹងត្រូវកាន់កាប់ដោយក្រុមហ៊ុន WBID ដែលនឹងធ្វើឱ្យក្រុមហ៊ុនបណ្តាក់ទុនរួមនេះ ពង្រីកបណ្តាញអាជីវកម្មក្នុងស្រុក និងបណ្តាញតភ្ជាប់នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន WBID គឺជាផ្នែកមួយនៃក្រុមហ៊ុន WorldBridge International Group ដែលជាក្រុមហ៊ុនធំមួយ ដែលធ្វើការយ៉ាងសកម្មក្នុងការវិនិយោគនៅក្នុងឧស្សាហកម្មជាតិនៅក្នុងប្រទេសកម្ពុជា។
យោងតាមក្រុមហ៊ុន Union Gas ក្រុមហ៊ុនបណ្តាក់ទុនរួមខាងលើ ដែលបានស្នើឡើង បង្ហាញពីឱកាសដ៏ធំមួយ…ដើម្បីចាប់ដៃគូជាមួយសហគ្រាសក្នុងស្រុកនៅកម្ពុជាជាមួយនឹងផលប័ត្រអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននៅថ្ងៃទី១០ ខែមីនា បានបន្ថែមថា “ការធ្វើដូចនេះ ក្រុមហ៊ុននឹងមានឱកាសផ្តល់ជំនាញ និងបទពិសោធន៍របស់ខ្លួនក្នុងការផ្គត់ផ្គង់ និងចែកចាយហ្គាស LPG ដល់អ្នកទិញអចលនទ្រព្យដែលអភិវឌ្ឍដោយក្រុមហ៊ុន World Bridge International Group”។
ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនមានបំណងប្រកាន់យក “វិធីសាស្រ្តប្រុងប្រយ័ត្ន” ជាមួយនឹងការវិនិយោគដំបូងមុនពេលពង្រីកអាជីវកម្មនៅក្រៅប្រទេស ព្រោះនេះជាការវិនិយោគដំបូង និងពង្រីកទៅក្នុងទឹកដីភូមិសាស្ត្រផ្សេងគ្នា។
លោក Teo Hark Piang នាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន Union Gas មានប្រសាសន៍ថា “ការអភិវឌ្ឍនេះគឺជាការសំរេចគោលដៅរយៈពេលវែងរបស់ក្រុមយើងក្នុងការបណ្តាក់ទុននៅបរទេស។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានរកឃើញក្រុមហ៊ុនដៃគូ WBID ជំរុញការបោះជំហានដំបូងរបស់យើងក្នុងប្រទេសកំពុងរីកចម្រើនមួយននេះ”។
លោកបានថ្លែងទៀតថា “ទោះយ៉ាងណាយើងនៅតែគិតថា យើងនឹងត្រូវការពេលវេលា ដើម្បីស្វែងយល់ពីបទប្បញ្ញត្តិក្នុងស្រុក និងបរិយាកាសទីផ្សារ ដូច្នេះយើងបានខិតជិតការបណ្តាក់ទុននេះ ដោយប្រយ័ត្នប្រយែង រួមទាំងការចាប់ផ្តើមជាមួយនឹងការវិនិយោគដំបូង និងការជ្រើសរើសអាជីវកម្ម LPG ដែលជាការងារស្នូលរបស់យើង”៕