កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងទាក់ទាញក្រុមហ៊ុនអាមេរិក និងចិនចូលមកកម្ពុជាកាន់តែច្រើន

0

ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ: កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន (FTA) ក្រោយពីចុះហត្ថលេខាជាផ្លូវការរួមគ្នាកាលពីពេលកន្លងទៅថ្មីៗនេះ គ្រោងនឹងដាក់ឱ្យអនុវត្តជាធរមានក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីភាគីទាំងពីរបញ្ចប់នីតិវិធីផ្ទៃក្នុងរួចរាល់។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា បច្ចុប្បន្នឯកសារទាំងអស់ត្រូវបានដាក់បញ្ជូនទៅគណៈរដ្ឋមន្ត្រីរួចរាល់ហើយ ដោយត្រៀមនឹងប្រជុំពេញអង្គក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកូវីដ១៩ស្ងប់ទៅ។ តាមពិតសកម្មភាពពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិននៅមានភាពសកម្មជាប្រក្រតី ដោយទិន្និន័យទំហំពាណិជ្ជកម្មមាននិន្នាការកើនឡើងទោះជាក្នុងស្ថានភាពកូវីដ១៩ក៏ដោយ។

លោកបន្តថា “យើងរំពឹងទុកថាក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន សកម្មភាពពាណិជ្ជកម្មនឹងកើនឡើងថែមទៀតពិសេសការនាំចេញកសិផលទៅកាន់ទីផ្សារចិន។ ពិពិធកម្មទំនិញនាំចេញ-នាំចូលនឹងកាន់តែសំបូរបែប អាស្រ័យដោយតំរូវការទីផ្សារ និងអត្រាពន្ធ រួមនឹងលក្ខខណ្ឌសំរួលផ្សេងៗដែលទទួលបានពីកិច្ចព្រមព្រៀង។ ចំពោះការនាំចូលវត្ថុធាតុដើមសំរាប់បំរើវិស័យឧស្សាហកម្មកាត់ដេរក៏នឹងមានភាពប្រសើរឡើងវិញដែរ ដោយសារការអនុវត្តកិច្ចព្រមព្រៀងផង”។

លោកអនុរដ្ឋលេខាធិការបានលើកឡើងថា ទាក់ទងនឹងការចាក់វ៉ាក់សាំងនៅកម្ពុជា បានបង្ហាញពីសញ្ញាណនៃការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចទោះជានៅក្រោមរូបភាពប្រក្រតីភាពនៃទំរង់ថ្មីក៏ដោយ។ ការចាក់វ៉ាកសាំងសម្រាប់មហាជនទូទៅដែលរដ្ឋាភិបាលទើបនឹងប្រកាសអនុវត្តថ្មីៗនេះ នឹងធ្វើឱ្យមជ្ឈដ្ឋានធុរៈជន វិនិយោគិនប្រជាជនទូទៅមានទំនុកចិត្តនិងជំនឿចិត្តកាន់តែខ្លាំងឡើងដល់ការវិលទៅរកប្រក្រតីភាពឡើងវិញក្នុងវិស័យសេដ្ឋកិច្ច ពិសេសសកម្មភាពពាណិជ្ជកម្ម ទាំងពាណិជ្ជកម្មក្នុងស្រុកនិងអន្តរជាតិ។ ទំនុកចិត្តនេះនឹងបង្ករអោយមានការកំរើកឡើងវិញកាន់តែប្រសើរឡើងនូវសកម្មភាពទីផ្សារ ដែលជំរុញដោយកំណើននូវតំរូវការនិងការបញ្ជាទិញកាន់តែសកម្មជាងមុន។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការសាទរចំពោះការគ្រោងដាក់ឱ្យដំណើរការធរមាននៃកិច្ចព្រមព្រៀងខាងលើនេះ។ លោកបញ្ជាក់ថា “វិស័យឯកជនចង់បានគឺកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម មិនមែនតែចិនមួយទេ យើងចង់បានទៅបណ្តាប្រទេសផ្សេងៗទៀត ដូចជាក្រោយប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហគមនអឺរ៉ុប អាចនិយាយថាកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយសហគមនអឺរ៉ុប ឬក៏ជាមួយអាម៉េរិកនៅពេលយើងអស់ GSP ដែលទាំងអស់នឹងគឺជាការជួយអភិវឌ្ឍន៍វិស័យឯកជនក្នុងប្រទេសយើង។

លោកឧកញ៉ាបន្តថា “កម្ពុជា សម្រាប់ដៃគូក្នុងស្រុក យើងត្រូវការអ្នកវិនិយោគមកពីក្រៅ ព្រោះថាអ្នកវិនិយោគមកពីក្រៅគាត់មានទុនច្រើន ហើយមានបច្ចេកទេស ដូច្នេះគាត់នឹងអាចចូលរួមអភិវឌ្ឍន៍យើងបាន។ យើងឃើញស្រាប់ហើយ កាលដែលយើងមិនទាន់បាន EBA យើងមានវាលស្រែ មិនមានរោងចក្រណាជុំវិញភ្នំពេញទេ ពេលដែលយើងមានអនុគ្រោះពន្ធធ្វើឱ្យមានរោងចក្រចូលមក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនក៏ដូចគ្នា ពេលដែលយើងទទួលបានកិច្ចព្រមព្រៀងនេះ ខណៈពេលដែលសហរដ្ឋអាមេរិក ជាមួយចិនកំពុងតែមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ឬតម្លើងពន្ធអីផង ដូច្នេះអាចធ្វើឱ្យបណ្តាក្រុមហ៊ុនជាច្រើនទៅរកប្រទេសណាដែលនាំទៅចិន នាំទៅអាមេរិក មានភាពអនុគ្រោះពន្ធ ដូច្នេះកម្ពុជាអាចនឹងទាក់ទាញវិនិយោគមកកាន់តែច្រើន ពេលវិនិយោគចូលច្រើនហើយ វាជួយសព្វបែបយ៉ាងនៅក្នុងប្រទេសយើង ចំណូលផ្ទៃក្នុង ប្រាក់ពន្ធ ការងារដឹកជញ្ជូន ទេសចរណ៍ ជាពិសេសត្រូវការទីតាំង ដីក៏ឡើងថ្លៃ អគារការិយាល័យស្នាក់នៅ គ្រប់មុខទាំងអស់ធ្វើឱ្យសេដ្ឋកិច្ចយើងកើន ធ្វើឱ្យប្រជាជនយើងធូរធារទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here