ដោយៈសុខុម
ប៉េកាំង:ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងរៀបចំព្រឹត្តិការណ៍រួមគ្នា ដើម្បីប្រារព្ធខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាដៃគូសន្ទនា។ នេះបើយោងតាមសារព័ត៌មាន Ecns.cn ចុះផ្សាយកាលពីថ្ងៃទី១១ មីនា។
ព្រឹត្តិការណ៍នេះ នឹងគ្រប់ដណ្ដប់លើប្រធានបទសំខាន់ៗ រួមមាន កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធ ទី១០ មីនា លោក ចាវ លីជៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា “ថ្នាក់ដឹកនាំនៃភាគីទាំង២ នឹងបញ្ជូនសារអបអរសាទរឱ្យគ្នាទៅវិញទៅមក។ កិច្ចប្រជុំរំឭកខួបមួយ នឹងត្រូវធ្វើឡើងរួមជាមួយពិធីទទួលស្វាគមន៍ សិក្ខាសាលា ការតាំងពិព័រណ៍ដែលបង្ហាញ ពីលទ្ធផលនៃទំនាក់ទំនងជាដៃគូសន្ទនា និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លើសពីនេះទៀតភាគីទាំង២ នឹងធ្វើការបង្ហាញស៊ុមរូបថតអនុស្សាវរីយ៍ និងស្រោមសំបុត្រអនុស្សាវរីយ៍ រៀបចំការប្រកួតផលិតវីដេអូខ្លី និងរៀបចំការបោះតង់យុវជនផងដែរ” ។
អ្នកនាំពាក្យដដែលបានលើកឡើងបន្ថែមទៀតថា ប្រទេសចិន ទន្ទឹងរង់ចាំសហការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីធានារៀបចំព្រឹត្តិការណ៍ទាំងនេះ ដោយជោគជ័យ ក្នុងបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។
លោកចាវ លីជៀន គូសបញ្ជាក់ថា “ឈរលើចំណុចចាប់ផ្ដើមថ្មី ជាប្រវត្តិសាស្ត្រ ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃទំនាក់ទំនងជាដៃគូសន្ទនា ជាមួយនឹងគោលបំណងបង្កើន ការជឿទុកចិត្តគ្នាទៅវិញទៅមក” ។ លោកបន្តថា “យើងនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យសុខាភិបាលសាធារណៈ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងវិស័យសន្តិសុខ ជំរុញការងើបឡើងនៃសេដ្ឋកិច្ច ក្រោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងការអភិវឌ្ឍយូរអង្វែង” ។
លោកបានបន្តថា ប្រទេសចិន នឹងធ្វើការជាមួយអាស៊ាន ដើម្បីចាប់យកឱកាសដៃគូសហការជាយុទ្ធសាស្ត្រ ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ និងដើម្បីកសាងសហគមន៍មួយ ដែលមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយអនាគតរួមតែមួយ ធ្វើយ៉ាងណាឱ្យបណ្តាប្រទេស និងប្រជាជនក្នុងតំបន់ ទទួលបានអត្ថប្រយោជន៍កាន់តែល្អប្រសើរ៕