ជំនាញធ្វើទីផ្សារឌីជីថលមានសារៈសំខាន់សម្រាប់អ្នកដឹកនាំធុរកិច្ចជាស្រ្តីក្នុងប្រទេសកម្ពុជា

0

ដោយៈគង់ ម់ាលីនណា

ភ្នំពេញៈ ជំនាញធ្វើទីផ្សារឌីជីថលមានសារៈសំខាន់ខ្លាំង ដើម្បីតភ្ជាប់គម្លាតយេនឌ័រផ្នែកឌីជីថល និងនាំយកស្រ្តីកាន់តែច្រើនចូលទៅក្នុងពិភពសហគ្រិនភាព។ នេះបើយោងតាមអ្នកដឹកនាំធុរកិច្ចជាស្រ្តី ដែលថ្លែងក្នុងក្រុមពិភាក្សាតាមអនឡាញ ដែលរៀបចំដោយក្រុមហ៊ុន Facebook ដើម្បីរំឭកខួបទិវាសិទ្ធិនារីអន្តរជាតិ។

លោកស្រីហុក ស្រីមុំ ដែលជាសហស្ថាបនិកក្រុមហ៊ុនអប់រំឈ្មោះថា The Khmer Lessonបានមានប្រសាសន៍ក្នុងកិច្ចប្រជុំតាមអនឡាញថា មានគម្លាតដ៏ធំមួយក្នុងអក្ខរកម្មឌីជីថលរវាងបុរស និងស្រ្តី។ មនុស្សជាច្រើននៅតែគិតថា ស្រ្តីមិនអាចគ្រប់គ្រងអាជីវកម្មបាន គួរតែនៅផ្ទះ ហើយបុរសជាអ្នករកប្រាក់។ ជួនកាលស្រ្តីខ្លួនឯងក៏គិតផងដែរថា ពិភព “ឌីជីថល” មានន័យថាបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ដែលពិបាករៀន។ ទាំងអស់នេះបង្កឱ្យមានកង្វះអក្ខរកម្មឌីជីថល”។

កាលពីពេលថ្មីៗនេះ អ្នកនាង ស្រីមុំ បានក្លាយជាគ្រូបណ្តុះបណ្តាលម្នាក់ នៅកម្មវិធី #SheMeansBusiness ដែលជាកម្មវិធីមួយដែលត្រូវបានដំណើរការ ដោយក្រុមហ៊ុន Facebook និងគម្រោងសហគ្រិននារីសកម្មរបស់អង្គការផេកកម្ពុជា ដោយមានការគាំទ្រពីUSAID ដើម្បីផ្តល់ការបណ្តុះបណ្តាលការធ្វើទីផ្សារឌីជីថល ដោយឥតគិតថ្លៃដល់សហគ្រិនជាស្រ្តីចំនួន១៧០០នាក់ នៅទូទាំងប្រទេសកម្ពុជាតាមរយៈសិក្ខាសាលា និងការបណ្តុះបណ្តាលតាមអនឡាញ និងការបណ្តុះបណ្តាលផ្ទាល់។

គំនិតផ្តួចផ្តើមSheMeansusiness ជាឱកាសមួយសម្រាប់សហគ្រិនជាស្រ្តី ដើម្បីទទួលបានជំនាញដែលចាំបាច់ក្នុងការពង្រីក និងកែលម្អអាជីវកម្មរបស់ពួកគេ និងដើម្បីពង្រីកបណ្តាញរបស់ខ្លួន។

ចំណែកអ្នកនាង អាំ វាសនា ដែលជាម្ចាស់ហាងកុំព្យូទ័រ BCS Computer ដែលបានបញ្ចប់ដោយជោគជ័យ នូវការបណ្តុះបណ្តាលអំពីការធ្វើទីផ្សារឌីជីថល ពីកម្មវិធី #SheMeansBusiness បានធ្វើការងារក្នុងផ្នែកលក់ និងធ្វើទីផ្សាររយៈពេល៨ឆ្នាំធ្វើការ​ងារក្នុងការបណ្តុះបណ្តាល និងបង្វឹកអ្នកផ្សេងទៀត ក្នុងនាមជាអ្នកឯកទេសបច្ចេកទេស និងអ្នកគ្រប់គ្រងផលិតផល។

ជាមួយនឹងជំនាញដែលទទួលបាននេះ អ្នកនាងក៏បានសម្រេចចិត្តបើកហាងលក់កុំព្យូទ័រខ្លួនឯង។ដោយសារចំណេះដឹងដែលទទួលបានថ្មីៗរបស់គាត់ អ្នកនាងវាសនាបាននិងកំពុងសម្របខ្លួន ទៅនឹងទីផ្សារអនឡាញ ដើម្បីរក្សាឱ្យអាជីវកម្មរបស់គាត់ដំណើរការបានក្នុងអំឡុងពេលវេលាដ៏លំបាក ដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩។

អ្នកនាង វាសនាបានមានប្រសាសន៍ថា “ខ្ញុំជឿថា ស្រ្តីអាចក្លាយជាអ្នកដឹកនាំ និងសម្រេចបានជោគជ័យ។ នៅពេលមានការរាតត្បាតជំងឺកូវីដ-១៩ អាជីវកម្មរបស់ខ្ញុំបានរងគ្រោះខ្លាំង ប៉ុន្តែដោយសារជំនាញធ្វើទីផ្សារឌីជីថលរបស់ខ្ញុំ ខ្ញុំអាចបង្កើនការលក់អនឡាញ ហើយយើងជួបភាពរុងរឿងម្តងទៀត”។ អ្នកនាងបន្ថែមថា “ភាពជឿជាក់របស់ខ្ញុំគឺថាមិនត្រូវបោះបង់ចោលឡើយ បើទោះជាខ្ញុំមិនមានចំណេះដឹងគ្រប់គ្រាន់ នៅពេលដំបូងក៏ដោយ ក៏ខ្ញុំបានបន្តរៀនសូត្រ និងតស៊ូ ហើយតែងតែព្យាយាមរៀនសូត្រពីបទពិសោធទាំងអស់”។

គិតត្រឹមខែមករា ឆ្នាំ២០២១ សហគ្រិនចំនួន៦០០នាក់ ត្រូវបានបណ្តុះបណ្តាលស្ថិតក្រោមកម្មវិធី #SheMeansBusiness ហើយនៅត្រឹមឆ្នាំ២០២៣ តួលេខនេះនឹងមានចំនួនយ៉ាងហោចណាស់១ ៧០០នាក់។

ជាមួយគ្នានេះលោក ហេង ភក្តី អ្នកគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុនFacebook ដែលបានចូលរួមក្នុងកិច្ចពិភាក្សា តាមអនឡាញនេះផងដែរបានមានប្រសាសន៍ឲ្យដឹងថា នៅក្រុមហ៊ុនFacebook យើងប្តេជ្ញាចិត្តបង្កើតបរិយាកាសដែលជំរុញសហគ្រិនភាពក្នុងចំណោមស្រ្តី។ ក្នុងប្រទេសកម្ពុជា យើងបានចាប់ដៃគូជាមួយគម្រោងសហគ្រិននារី សកម្មរបស់អង្គការផេកកម្ពុជា ដោយគាំទ្រដោយUSAIDដើម្បីផ្តល់ជូនកម្មវិធីបណ្តុះបណ្តាលស្ដីអំពី ការធ្វើទីផ្សារឌីជីថលSheMeansBusinessនិងផ្តល់ជូនសហគ្រិនទាំងនេះ នូវជំនាញដែលចាំបាច់ ដើម្បីដំណើរការ អាជីវកម្មនៅលើផ្លាតហ្វមឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here