ដោយៈ រ៉ាណេត
ភ្នំពេញៈ កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេស ដែលសម្បូរទៅដល់ធនធានធម្មជាតិចម្រុះយ៉ាងសម្បូរបែប ជាក់ស្ដែងគិតត្រឹមដើមឆ្នាំ២០២១នេះ តំបន់ការពារធនធានធម្មជាតិ នៅទូទាំងប្រទេសមានចំនួន៧៣ទីតាំង ស្មើនឹងជិត ៧,៣លានហិកតា។
ដោយៈ រ៉ាណេត
ភ្នំពេញៈ កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេស ដែលសម្បូរទៅដល់ធនធានធម្មជាតិចម្រុះយ៉ាងសម្បូរបែប ជាក់ស្ដែងគិតត្រឹមដើមឆ្នាំ២០២១នេះ តំបន់ការពារធនធានធម្មជាតិ នៅទូទាំងប្រទេសមានចំនួន៧៣ទីតាំង ស្មើនឹងជិត ៧,៣លានហិកតា។
ធនធានធម្មជាតិទាំងនេះ កំពុងបម្រើផលប្រយោជន៍ ដល់វិស័យទេសចរណ៍សង្គមជាតិ មនុស្សជាតិ និងជីវៈចម្រុះ ពិសេសបានទាញចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំ ក្នុងការជួយបង្កើតសេដ្ឋកិច្ចគ្រួសារប្រជាជន ដែលអាស្រ័យផលក៏ដូចជារដ្ឋាភិបាលផងដែរ។
លោកនេត្រ ភក្ត្រារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅក្នុងសប្ដាហ៍នេះថា ពាក់ព័ន្ធនឹងចំនួនតំបន់ការពារធនធានធម្មជាតិនៅកម្ពុជា រហូតមកដល់ឆ្នាំ២០២១នេះ កម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន ៧៣ ដែលមានផ្ទៃដីសរុប ៧ ២៩៧ ៣១៤ ហិកតា ស្មើនឹង៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។
តំបន់ការពារធនធានធម្មជាតិ ដែលជាដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមានដែនដីគោក ឬដែនទឹក ឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ធានាបាននូវការការពារប្រភេទសត្វព្រៃ រុក្ខជាតិសំខាន់ៗ និងសហគមន៍ធម្មជាតិ។
លោកនេត្រ ភក្ត្រាបានបន្តថា តំបន់ការពារធនធានធម្មជាតិចំនួន ៧៣ ទីតាំងស្ថិតនៅក្នុងប្រភេទតំបន់ការពារធំៗចំនួន ៨ រួមមាន៖
ទី១-តំបន់ឧទ្យានជាតិ
តំបន់ឧទ្យានជាតិនេះមានចំនួន១១តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប១,៧១៧ ,៦១៤ហិកតារួមមានឧទ្យានជាតិកែប ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ឧទ្យានជាតិសីហនុរាម ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឧទ្យានជាតិវីរជ័យ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ឧទ្យានជាតិអូរយ៉ាដាវ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ តំបន់ឧទ្យានជាតិទាំងនេះ សម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ និងសម្បត្តិទៅដោយព្រៃស្រោង ព្រៃរបោះ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាបានយ៉ាងច្រើនផងដែរ។
ទី២-តំបន់ដែនជម្រកសត្វព្រៃ
តំបន់ដែនជម្រកសត្វព្រៃនេះ ត្រូវបែងចែកជា១៩តំបន់ផ្សេងៗគ្នា មានផ្ទៃដីសរុប ៣,៤៣៣,៣៣៦ហិកតា រួមមាន ដែនជម្រកសត្វព្រៃឱរ៉ាល់ ដែនជម្រកសត្វព្រៃពាមក្រសោប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។
ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែនជម្រកសត្វព្រៃសំបូរ និងដែនជម្រកសត្វព្រៃសៀមប៉ាង។ តំបន់ដែនជម្រកសត្វព្រៃទាំងនេះសម្បូរទៅដោយប្រភេទសត្វព្រៃជិតផុតពូជ សត្វព្រៃកម្រ សត្វព្រៃរងការគំរាមកំហែង ពពួកមច្ឆាជាតិជិតផុតពូជ និងកម្រ ព្រមទាំងជាជម្រកសត្វព្រៃ និងជីវចម្រុះជាច្រើនប្រភេទ ពិសេសសម្បូរទៅដោយធនធានធម្មជាតិ ព្រៃស្រោង និងព្រៃរបោះជាដើម។
ទី៣-តំបន់ទេសភាព
តំបន់ទេសភាពនេះ ត្រូវបែងចែកជា១៣តំបន់ផ្សេងៗគ្នា មានផ្ទៃដីសរុប១៥៣ ,៦០៤ ហិកតា រួមមានតំបន់រមណីយដ្ឋានអង្គរ តំបន់បន្ទាយឆ្មារ តំបន់ព្រះវិហារ តំបន់អង្លង់ព្រីង តំបន់ទំនាបខាងជើងទន្លេសាប តំបន់បឹងព្រែកល្ពៅ តំបន់អាងត្រពាំងថ្ម តំបន់ប្រាសាទបាកាន «ព្រះខ័នកំពង់ស្វាយ» តំបន់រនាមដូនសំ តំបន់សំបូរព្រៃគុក តំបន់បឹងលំកុដ តំបន់ភ្នំក្រាំងដីមាស និងតំបន់បឹងយ៉ាកអោម-យ៉ាកការ៉ា។ សម្រាប់តំបន់ទេសភាពនេះ គឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ សម្បត្តិបេតិកភណ្ឌវប្បធម៌ ព្រៃឈើ និងធនធានធម្មជាតិជាច្រើនទៀត។
ទី៤-តំបន់ប្រើប្រាស់ច្រើនយ៉ាង
តំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវបែងចែកជា៨តំបន់ផ្សេងៗគ្នា មានផ្ទៃដីសរុប៤១៥, ៧៩៦ ហិកតា រួមមានតំបន់ដងព្រែក តំបន់សំឡូត តំបន់ទន្លេសាប តំបន់ពញាក្រែក តំបន់ព្រែកទឹកសាបក្បាលឆាយ តំបន់ភ្នំនាងកង្រី-ភ្នំទូកមាស តំបន់សសរស្តម្ភសត្វតោ និងតំបន់បឹងយក្ខឡោម។
ទី៥-តំបន់រ៉ាមសារ
តំបន់រ៉ាមសារត្រូវបែងចែកជា៥តំបន់ មានផ្ទៃសរុប៦០,៩៩៥ ហិកតា រួមមានតំបន់ស្ទឹងត្រែង តំបន់កោះកាពិ បឹងទន្លេឆ្មារ តំបន់ព្រែកទាល់ និងតំបន់ស្ទឹងសែន។
ទី៦-តំបន់ស្នូលនៃបឋនីយជីវមណ្ឌល
តំបន់ស្នូលនៃបឋនីយជីវមណ្ឌលនេះ ត្រូវបែងចែកជា៣តំបន់ផ្សេងៗគ្នា មានផ្ទៃសរុប៤២,២៥៧ ហិកតា រួមមាន តំបន់ព្រែកទាល់ តំបន់ស្ទឹងសែន និងតំបន់បឹងទន្លេឆ្មារ។
ទី៧-តំបន់បេតិកភណ្ឌធម្មជាតិ
តំបន់បេតិកភណ្ឌធម្មជាតិនេះ ត្រូវបែងចែកជា១១តំបន់ផ្សេងៗគ្នា មានផ្ទៃដីសរុប ៣៣,៩៥១ ហិកតា រួមមានតំបន់ភ្នំត្បែង តំបន់ភ្នំយ៉ាត តំបន់ភ្នំប្រាំពីរ តំបន់ជញ្ជាំង តំបន់គិរីយង់ តំបន់ភ្នំទាក់ទ្រាំង តំបន់ភ្នំព្រះនេត្រព្រះ តំបន់ភ្នំព្រះ-ភ្នំវែង តំបន់ភ្នំយាយសំ តំបន់ភ្នំបាក់ និងតំបន់ភ្នំស្វាយ។
ទី៨-តំបន់ឧទ្យានសមុទ្រ
តំបន់ឧទ្យានសមុទ្រនេះមានផ្ទៃដីសរុប ៥២,៤៤៨ហិកតា គឺតំបន់សមុទ្រកោះរ៉ុង។ ក្រៅពីនេះ នៅមានតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដែលមានផ្ទៃដីសរុប ១ ៦៣០ ហិកតា និងរបៀងអភិរក្សជីវចម្រុះ ដែលមានផ្ទៃដីសរុប ១៤២,៧៩៤០ហិកតា។
ការបង្កើតឱ្យមានតំបន់ការពារទាំងអស់ របស់រាជរដ្ឋាភិបាលនេះ គឺក្នុងគោលបំណ ងកែប្រែតំបន់នានា ឱ្យក្លាយទៅជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ លើកស្ទួយតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ៕