អ្នកជំនាញសេដ្ឋកិច្ចៈសេដ្ឋកិច្ចកម្ពុជានឹងមានការវិវត្តដូចម្តេចបើព្រឹត្តិការណ៍២០កុម្ភៈ បន្តអូសបន្លាយ

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នេះ អាចនឹងមិនបានដល់៤ភាគរយ ដូចដែលការរំពឹងទុករបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច បើព្រឹត្តិការណ៍២០កុម្ភៈនេះនៅតែបន្តអូសបន្លាយយូរ។

លោកបណ្ឌិត ហុង វណ្ណៈអ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា សេដ្ឋកិច្ចកម្ពុជានឹងមិនសម្រេចបាន តាមចក្ខុវិស័យកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១​នោះទេ ប្រសិនវិបត្តិកូវីដ១៩ នៃព្រឹត្តិការណ៍២០ កុម្ភៈនៅបន្តអូសបន្លាយរយៈពេលវែង។

លោកបានថ្លែងថា “អំឡុងពេលពេលនេះ ប្រជាជនចាប់ផ្តើមកាត់បន្ថយការចំណា​យ ដែលធ្វើឱ្យប៉ះពាល់ដល់ចរន្តលំហូរសាច់ប្រាក់ក្នុងទីផ្សារ ហើយប្រជាជនមួយចំនួនបាននិងកំពុងរងផលប៉ះពាល់ពីវិបត្តិនេះ ដោយសារចំណូលរបស់គាត់មានកម្រិត ហើយត្រូវទូទាត់សងមីក្រូហិរញ្ញវត្ថុ និងធនាគារដើម”។

លោកបន្តថា ជាមួយគ្នានេះដែរ វិស័យទេសចរណ៍ នៅតែបន្តរងផលប៉ះពាល់ខ្លាំងជាងគេ ដែលមិនទាន់អាចចូលរួមចំណែក ជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែរំពឹងទុកថា នឹងជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា រួមមានវិស័យឧស្សាហកម្ម វិស័យសំណង់និងអចលនទ្រព្យ និងវិស័យកសិកម្ម ព្រោះថាវិស័យទាំងអស់នេះ មិនសូវជារងផលប៉ះពាល់ពីវិបត្តិនេះទេ ពិសេសវិស័យកសិកម្ម ដែលនៅតែមានរក្សាបាននូវកំណើន និងជួយដល់ជីវកម្មរបស់ប្រជាជន។

លោកបានថ្លែងទៀតថា ជាមួយគ្នានេះដែរ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចមួយផ្នែកទៀត វិស័យទេសចរណ៍ ក៏ត្រូវបានតែយកចិត្តទុកដាក់ផងដែរនិងស្តារឡើងវិញ តា​មរយៈ ការបង្កើនការចាក់វ៉ាក់សាំងដល់ប្រជាជន និងអ្នកទទួលបានវ៉ាក់សាំង ដែលលិខិតបញ្ជាក់ពីទទួលបានវ៉ាក់សាំងរួចហើយ (ភ្ញៀវអន្តរជាតិ) គួរតែស្ថិតក្នុងការធ្វើចតាឡីស័ករយៈពេលខ្លី ឬពេលសមស្របណាមួយ មុននឹងចេញដំណើរទេសចរណ៍។

ទាក់ទងនឹងការទម្លាក់កញ្ចប់ថវិកា៨០០លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ លោកបណ្ឌិតបានថ្លែងថា កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចនេះ គឺផ្នែកមួយដែលនឹងជំរុញកំណើនសេដ្ឋកិច្ចបន្ថែម ប៉ុន្តែត្រូវផ្តោតលើការជំរុញវិស័យអទិភាពដូចជា វិស័យឧស្សាហកម្ម វិស័យសំណង់និងអចលនទ្រព្យ និងវិស័យកសិកម្មជាដើម។

ជាមួយគ្នានេះលោកឆេង គឹមឡុងនាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាព្រឹត្តិការណ៍ឆ្លងសហគមន៍មួយ ធំជាងព្រឹត្តិការណ៍លើកទី១ និងលើកទី២ ហើយព្រឹត្តិការណ៍២០ កុម្ភៈនេះបានធ្វើឱ្យប៉ះពាល់សន្តិសុខ សុវត្ថិភាព និងប៉ះពាល់ដល់វិស័យពាណិជ្ជកម្ម និងធុរកិច្ច។

លោកបានបន្តថា “នៅពេលមានការឆ្លងកាន់តែទ្រង់ទ្រាយធំ និងមានមនុស្សកាន់​តែច្រើនឆ្លងជំងឺនេះ ធ្វើឱ្យហាងទំនិញមួយចំនួនបានបិទទ្វារ កាត់បន្ថយចំនួនបុគ្គលិកធ្វើការ ដែលបង្កឱ្យអាក់ខានផ្នែកធុរកិច្ច បាត់ចំណូលប្រជាពលរដ្ឋ សហគ្រាសធុនតូច និងមធ្យមក៏បាត់ចំណូល”។ លោកបន្តថា “មិនតែប៉ុណ្ណោះ ការបិទអាជីវកម្មជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនោះ ក៏បានធ្វើឱ្យពលរដ្ឋកាន់តែច្រើនបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ”។

លោកបន្ថែមថា នៅពេលមានព្រឹត្តិការណ៍ ឆ្លងក្នុងសហគមន៍ក្នុងឆ្នាំ២០២១នេះ គេមើលឃើញថាវិស័យធំៗ ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា រួមមានវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងវិស័យជាច្រើនទៀតបានប៉ះពាល់ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់កំណើ​នសេដ្ឋកិច្ច។

លោកឆេង គឹមឡូងបានថ្លែងថា “តាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងថា សេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រេចក្នុងកំណើន៤ភាគរយ តែនៅពេលមានព្រឹត្តិការណ៍បែបនេះខ្ញុំយល់ថា សេដ្ឋកិច្ចកម្ពុជានឹងមិនអាចសម្រេច បានតាមផែនការនោះឡើយ ហើយបើសិនជាព្រឹត្តិការណ៍នេះ កាន់តែអូសបន្លាយយូរថែមទៀត វានឹងប៉ះពាល់កាន់តែធ្ងន់ថែមទៀតដល់សកម្មភាពការងាររបស់ពលរដ្ឋកម្ពុជា”។

លោកបន្ថែមថា ដើម្បីទប់សេដ្ឋកិច្ចមិនឱ្យធ្លាក់ចុះបន្ថែមទៀត ប្រជាពលរដ្ឋកម្ពុជាទាំងអស់គឺជាចំណែកធំមួយសម្រាប់ពេលនេះ ដោយត្រូវគោរពតាមវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះ ក្នុងសហកមន៍ និងបញ្ចប់ឱ្យបានឆាប់បំផុត ដើម្បីរុញឱ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការឡើងវិញ។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here