IMFបង្ហាញថា ក្រុមហ៊ុនធំៗជាច្រើនកាន់តែកាក់កបខ្លាំងអំឡុងពេលឆ្លងរាត ត្បាតវីរុសកូវីដ-១៩

0

ដោយៈ សុខុម

វ៉ាស៊ីនតោន:យើងសុទ្ធតែដឹងថាការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ច​ពិភពលោកដាំក្បាលចុះ ហើយក្រុមហ៊ុនតូចធំ រួមទាំងអាជីវកម្មលក្ខណៈគ្រួសាររបស់ពលរដ្ឋផង រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយខ្លះត្រូវកាត់បន្ថយបុគ្គលិក ខ្លះត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន ខ្លះទៀតបានក្ស័យទុន ដោយសារវិធានការទប់ស្កាត់ការឆ្លងរាតត្បាត។

ទោះជាយ៉ាងណា វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី១៥ មីនា តាមរយៈរបាយការណ៍ស្រាវជ្រាវថ្មីមួយថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនដ៏មានឥទ្ធិពលនានា កាក់កបខ្លាំង ដែលអាចបន្តទទួលបានកំណើនរយៈពេលមធ្យម។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៦ មីនា។

របាយការណ៍សិក្សារបស់IMFបានបញ្ជាក់ថា សូចនាករសំខាន់ៗបង្ហាញថា អំណា​ចទីផ្សារ (Market power)កំពុងកើនឡើង ហើយប្រាក់ចំណូលបានកើនឡើងក្នុងចំណោ​មក្រុមហ៊ុនធំបំផុតចំនួន៤ក្នុងវិស័យមួយ។ មួយផ្នែកនៃស្ថានភាពនេះដោយសារការក្ស័យធនកើនឡើង នៅពេលការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យការប្រកួតប្រជែងធ្លាក់ចុះ។

ទោះជាយ៉ាងណា របាយការណ៍នេះមិនបានបញ្ជាក់ពីឈ្មោះ ក្រុមហ៊ុនជាក់លាក់នោះទេ ដោយគ្រាន់បង្ហើបថា ក្រុមហ៊ុនទាំងនោះស្ថិតក្នុងវិស័យបច្ចេកវិទ្យាប៉ុណ្ណោះ។

កត្តាដ៏ធំមួយដែលជំរុញឱ្យអំណាចទីផ្សារកើនឡើង គឺសកម្មភាពច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា និងការទិញយកភាគហ៊ុន ហើយស្ថាប័នIMF បានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរជាតិនានា ដែលទទួលបន្ទុកគ្រប់គ្រងការប្រកួតប្រជែង បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលពង្រឹងការគ្រប់គ្រងការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា។

IMF និយាយថា ការវាយតម្លៃអំពីសេចក្ដី សម្រេចច្របាច់ក្រុមហ៊ុនបញ្ចូលគ្នាកន្លងមក ក៏អាចរួមចំណែកដល់ការអនុវត្តច្បាប់ស្ដីពី ការប្រកួតប្រជែងឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ ស្ថាប័ននេះក៏បានផ្ដល់អនុសាសន៍ឱ្យរដ្ឋាភិបាលនានា ធ្វើការហាមប្រាមកិច្ចព្រមព្រៀង “មិនប្រកួតប្រជែងគ្នា” ក្នុងចំណោមបណ្ដាក្រុមហ៊ុនកំពូលៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here