ដោយ:គង់ សូរិយា
ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកម្មករ និយោជិតក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ តាមការកំណត់នៅខែមេសាខាងមុខនេះ ខណៈក្រសួងការងារ បានស្នើសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជួយសម្របសម្រួលជាមួយម្ចាស់ ឬនាយករោងចក្រ រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ។

អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោកកាំង ម៉ូនីកាបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ថា តាមការគ្រោងទុក នៅថ្ងៃអង្គារ៍ ទី៣០សប្តាហ៍ក្រោយនេះ ក្រសួងការងារនិងបណ្តុះបណ្តាល ជាមួយក្រសួងសុខាភិបាល នឹងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចាក់វ៉ាក់កូវីដ១៩ ជូនដល់គិលានុបដ្ឋាក គិលានុបដ្ឋាយិកា តាមរយៈប្រព័ន្ធអនឡាញ (Online)។
លោកឲ្យដឹងទៀតថា “ការងារនេះគេបង្កើតជាក្រុមការងារចាស់ មិនមែនរោងចក្រមួយយកគ្រូពេទ្យម្នាក់មកចាក់ទេ គេបង្កើតជាក្រុមផ្សេងៗគ្នា ដោយមួយក្រុមមានប្រមាណ១០០នាក់ ចុះទៅតាមរោងចក្រ ឬតំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្មណាមួយ”។។ លោកបន្តថា “មានកម្មករ និយោជិផ្ញើរមកឈ្មោះគិលានុបដ្ឋាយិកាមកបណ្តើរៗហើយ ដើម្បីចូលរួមជាមួយក្រុមការងាររបស់រដ្ឋាភិបាល ជាមួយក្រសួងការងារ និងក្រសួងសុខាភិបាល យើងទើបផ្ញើរចេញម្សិលមិញ””។
លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈននិងជាអ្នកនាំពាក្យបានឲ្យដឹងផងដែរថា ដូចជាយើងនឹងចាប់ផ្តើមបង្រៀនគាត់ ហើយនៅដើមខែក្រោយនឹង មិនដឹងសប្តាហ៍ណាច្បាស់លាស់ទេវ៉ាក់សាំង នឹងមកដល់ហើយយើងនឹងចាប់ផ្តើមយុទ្ធនាការចាក់។






