ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពជាបានស្នើឲ្យអគ្គនាយកស៊ីម៉ាក់ និងក្រសួងសុខាភិបាល ពិភាក្សាគ្នាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិត រកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ ពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះមកពិនិត្យការងារសុនខ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។
ការចុះពិនិត្យការងារសុនខរបស់លោក ហេង រតនា ដើម្បីរៀបចំត្រៀមលក្ខណៈ ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។
លោកហេង រតនា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានFresh News ថា ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ យើងមានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូវីដ១៩បាន។
អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់ បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការ ជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាល។
មានប្រទេសមួយចំនួនដូចជា៖ អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ី ជាដើម បាននិងកំពុងប្រើប្រាស់សុនខ ជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាផងដែរ។
ពីមុនមកប្រទេសកម្ពុជា ធ្លាប់តែទិញសត្វសុនខពីប្រទេសគេ ក្នុងមួយក្បាលតម្លៃរាប់ម៉ឺនដុល្លារ ប៉ុន្ដែដល់ពេលឥលូវនេះ កម្ពុជាអាចបង្កាត់សត្វសុនខ ឲ្យខ្លួនឯងបាន និងអាចនាំចេញទៅក្រៅបានថែមទៀត។
បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់ មាន “សុនខ”” ដែលមានសមត្ថភាពក្នុងការគាំទ្រដល់សកម្មភាពប្រឆាំងភេរវកម្ម ការងារបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារបរិស្ថានផងដែរ៕