ដោយ ដែន ចែងចាំង
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានសហការរួមគ្នាបញ្ជ្រាបចំណេះដឹង លើការជួញដូរឧបករណ៍និស្សន្ទក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាដល់សាធារណជន ដើម្បីបង្កើនចំណេះដឹង សក្ដានុពលនៃទីផ្សារឧបករណ៍និស្សន្ទឲ្យបានកាន់តែទូលំទូលាយ។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន CDX ថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន CDX ក្នុងការបន្តគាំទ្របេសកកម្មរបស់ គ.ម.ក ដោយផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន និងការនាំយកអ្នកចូលរួមទីផ្សារអន្តរជាតិ មកប្រទេសកម្ពុជាជាបន្តបន្ទាប់ ដែលបង្កើតនូវយុគសម័យដ៏រុងរឿង ក្នុងទីផ្សារឧបករណ៍និស្សន្ទ។លោកបន្តថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងផ្តល់នូវចំណេះដឹងស្តីពីទីផ្សារឧបករណ៍និស្សន្ទ និងលើកកម្ពស់ការយល់ដឹង ពីសក្ដានុពលនៃទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសកម្ពុជា និងបង្ហាញពីឱកាសវិនិយោគដល់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិផងដែរ។
ប្រធានគណកម្មការមូលបត្រកម្ពុជាលោក ស៊ូ សុជាតិ បានថ្លែងឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង បង្កើតការយល់ដឹងដល់សាធារណជន វិនិយោគិន ព្រមទាំង បង្ហាញពីសក្ដានុពល នៃទីផ្សារឧបករនិស្សន្ទនៅកម្ពុជាផងដែរ។ ទីផ្សារនៃឧបករណ៍និស្សន្ទកម្ពុជា បានលេចរូបរាងឡើងបន្ទាប់ពីការអនុម័តនៅ បទបញ្ញត្តិស្ដីពី ការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សន្ទ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥កន្លងមកនេះ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការពិភាក្សាស្ដីពី «កាលានុវត្តភាពក្នុង ស្រុកសម្រាប់អ្នកចូលរួមអន្តរជាតិ» ដោយមានអ្នកវិនិយោគជំនាញៗចំនួន៦រូប មកពីក្រុមហ៊ុនធំៗទាំង ក្នុងប្រទេសកម្ពុជា និងអន្ដរជាតិ។ កិច្ចពិភាក្សានេះបាននាំមកនូវការវិភាគដ៏ស៊ីជម្រៅ អំពីអនាគតនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ជាមួយគ្នានោះក៏ការមានការបង្ហាញពីឱកាសវិនិយោគដ៏ធំពាក់ព័ន្ធនឹង ស្ថានភាពហិរញ្ញវត្ថុកម្ពុជា ដែលកំពុងបង្ហាញពីកំណើនវិជ្ជមាន និងការអភិវឌ្ឍន៍ជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនជាបន្តបន្ទាប់ផងដែរ៕