ធនាគារពិភពលោកនៅតែអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ៤ភាគរយ នៅឆ្នាំនេះ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ សេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះ ដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ តែមានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងវិញហើយ ហើយធនាគារពិភពលោក (World Bank) នៅតែព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើឡើងវិញនៅឆ្នាំនេះ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា បានដក៣,១ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញហើយលូតលាស់បានប្រមាណ៤ភាគរយ ក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក របស់ធនាគារពិភពចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

របាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងថា កម្ពុជាស្ថិតនៅគឺជាប្រទេសមួយស្ថិតចំណោមបណ្តាប្រទេស ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ដែលត្រូវបានព្យាករថា នឹងមានកំណើនឡើងវិញនៅឆ្នាំនេះ។

ជាមួយគ្នានេះដែរ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ចុងក្រោយរបស់ធនាគារពិភពចេញផ្សាយនៅថ្ងៃនេះនិយាយថា ទូទាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច នៅតែមានភាពខុសគ្នាខ្លាំងនៅឡើយ ជាងមួយឆ្នាំក្រោយពីមានការរាតត្បាតជំងឺកូវីដ១៩។

មានតែប្រទេសចិន និងវៀតណាមទេ ដែលសេដ្ឋកិច្ចដាំក្បាលចុះហើយងើបឡើងវិញក្នុងទម្រង់ជាអក្សរV ពិសេសកំនើនសេដ្ឋកិច្ចបានកើនឡើងលើស កម្រិតមុនពេលមានការរាតត្បាតជំងឺនេះ។ នៅក្នុងប្រទេសផ្សេងទៀត ទិន្នផលផលសេដ្ឋកិច្ចនៅមានជាមធ្យមប្រហែល៥ភាគរយ គឺទាបជាងកម្រិតមុនគ្រាផ្ទុះការរាតត្បាត។

អ្នករងការប៉ះទង្គិចខ្លាំងបំផុត គឺបណ្តាប្រទេសនៅតាមកោះប៉ាស៊ីហ្វិក។ សកម្មភាពរបស់សេដ្ឋកិច្ច បានពឹងផ្អែកលើប្រសិទ្ធភាពនៃការទប់ស្កាត់វីរុស លើសមត្ថភាពទាញយកអត្ថប្រយោជន៍ពីការងើបឡើងវិញ នៃពាណិជ្ជកម្មអន្តរជាតិ និងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រផ្នែកសារពើពន្ធនិងរូបិយវត្ថុ។

លោកស្រី វិកតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកបាននិយាយថា  “វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាតវីរុសកូវីដ១៩នេះ បានបង្អាក់ការកាត់បន្ថយភាពក្រីក្រ ហើយបង្កើនវិសមភាពវិញ”។

លោកស្រីបានថ្លែងថា ក្នុងគ្រាដែលប្រទេសនានា ចាប់ផ្តើមងើបឡើងវិញ នៅឆ្នាំ២០២១ គេចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារប្រជាជនងាយរងគ្រោះនិងធានាឱ្យមានការងើបឡើងវិញ នៃសេដ្ឋកិច្ចដែលមានបរិយាបន្ន មានភាពបៃតង និងភាពធន់។

របាយការណ៍នេះ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការផលិត និងការអនុម័តវ៉ាក់សាំង ក៏ដូចជា ការបែងចែកវ៉ាក់សាំងដោយផ្អែកលើតម្រូវការ ដើម្បីជួយទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ ។ ការសម្របសម្រួលផ្នែកសារពើពន្ធនឹងជួយបង្កើនឥទ្ធិពលរបស់កម្មភាពរួមគ្នានេះ ពីព្រោះរដ្ឋាភិបាលខ្លះហាក់ ដូចជា ធ្វើអន្តរាគមន៍ជួយផ្នែកសេដ្ឋកិច្ចតិចតួចស្តួចស្តើងណាស់។

ក្រៅពីកិច្ចសហប្រតិបត្តិការ កាត់បន្ថយការបំភាយឧស្ម័ន ជំនួយអន្តរជាតិនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ក្រីក្រ ឱ្យមានលទ្ធភាពចាត់វិធានការអាកាសធាតុ កាន់តែស៊ីជម្រៅថែមទៀត។

របាយការណ៍ក្រោមចំណងជើងថា Uneven Recovery ដែលផ្តោតលើគោលនយោបាយចាក់វ៉ាក់សាំង សារពើពន្ធ និងការប្រែប្រួលអាកាសធាតុ ជាការបន្តពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចំនួនពីរលើកមុនរួចមកហើយ សម្រាប់តំបន់នេះក្នុងឆ្នាំ២០២០ ដែលបានពិនិត្យ ទៅលើទិដ្ឋភាពគោលនយោបាយចំនួន៦ ពាក់ព័ន្ធការងើបឡើងវិញពីជំងឺរាតត្បាតរបស់កូវីដ១៩ ក្នុងនោះរួមមានការទប់ស្កាត់ដោយឆ្លាតវៃ ការរៀនសូត្រដោយឆ្លាតវៃ ការបង្កើនកិច្ចគាំពារសង្គម ការគាំទ្រដល់ក្រុមហ៊ុន គោលនយោបាយមានតុល្យភាពសម្រាប់វិស័យហិរញ្ញវត្ថុ និងកំណែទម្រង់ពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here