ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថានភាពអាក្រក់បំផុតសម្រាប់វិស័យអចលនទ្រព្យរបស់ទីក្រុងហុងកុង នៃប្រទេសចិនកំពុងឈានដល់ទីបញ្ចប់ ខណៈក្រុមអ្នកវិនិយោគជាច្រើនអាចនឹងសម្រុកទិញអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយការលក់ផ្ទះនឹងបន្តមានភាពប្រសើរឡើង។
លោក Karl Chan ប្រធានផ្នែកស្រាវជ្រាវលើទីផ្សារអចលនទ្រព្យហុងកុងនៅធនាគារ JPMorgan បានអះអាងថា កន្លងទៅ វិស័យអចលនទ្រព្យហុងកុងបានរងផលប៉ះពាល់យ៉ាងខ្លាំង ខណៈបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកំពុងចរចាឡើងវិញនូវលក្ខខណ្ឌនៃការទូទាត់សងបំណុល។
លោកបានបន្តថា ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យហុងកុងនឹងស្ទុះងើបឡើងវិញ ហើយតម្លៃផ្ទះ និងតម្លៃជួលការិយាល័យ និងហាងលក់រាយនឹងស្ទុះងើបឡើងថ្លៃវិញជាប្រវត្តិសាស្ត្រ។
លោកបានលើកឡើងថា “ប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសចិនទទួលបានភាពរីកចម្រើនខ្លាំងឡើងវិញ នោះខ្ញុំនឹងមិនមានការភ្ញាក់ផ្អើលទេ ប្រសិនបើទីផ្សារអចលនទ្រព្យហុងកុងស្ទុះងើបឡើងថ្លៃដល់កម្រិតកំពូលវិញ”។
ធនាគារកណ្តាលអាមេរិកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមអនុវត្តន៍គោលនយោបាយបន្ធូរបន្ថយអត្រាការប្រាក់ឡើងវិញ តាមរយៈការកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញានេះ។
ជាមួយគ្នានេះ អាជ្ញាធររូបិយវត្ថុរបស់ទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងដើរតាមគន្លងរបស់ធនាគារកណ្តាលអាមេរិក(Fed) ដោយអាចជួយបន្ធូរបន្ថយសម្ពាធលើម្ចាស់អចលនទ្រព្យពាណិជ្ជកម្ម និងជំរុញលើកទឹកចិត្តដល់អ្នកទិញផ្ទះ៕ប្រភព: SCMP៕