ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានព្យាករណ៍ថា ការផ្គត់ផ្គង់អចលនទ្រព្យភស្តុភារថ្មីនៅក្នុងទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីនឹងកើនឡើងដល់ទំហំ៣,២លានម៉ែត្រការ៉េនៅឆ្នាំ២០២៥។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន JLL បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូនេសុីត្រូវដោះស្រាយឧបសគ្គជាច្រើនដើម្បីជំរុញលើកកម្ពស់សមត្ថភាពនៃការប្រកួតប្រជែងជាសកល និងនិរន្តរភាពនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI)។
ចំនួនជាង៥០ភាគរយនៃការសាកសួរព័ត៌មានសរុបមានប្រភពមកពីបណ្តាក្រុមហ៊ុនចិន ដែលស្វែងរកជួលឃ្លាំង និងរោងចក្រ។ ក្នុងនោះ បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងគ្រឿងអេឡិចត្រូនិកបានរួមចំណែកដល់តម្រូវការជួលឃ្លាំងទំនើប។
តម្រូវការជួលអចលនទ្រព្យភស្តុភារនៅទីក្រុងហ្សាការតានៅតែមានភាពរឹងមាំក្នុងរង្វង់ជាង១០០.០០០ម៉ែត្រការ៉េកាលពីត្រីមាសទី២។ ការជួលភាគច្រើនមានទីតាំងនៅក្នុងតំបន់ឧស្សាហកម្ម Cikarang ក្នុងរដ្ឋធានីហ្សាការតា។
អត្រាអចលនទ្រព្យភស្តុភារទំនេរ(Vacancy Rate) បានថយចុះពី៩,៥ភាគរយមកនៅត្រឹម៥,៩ភាគរយ ដោយសារភាពរឹងមាំនៃតម្រូវការខ្លាំង និងអវត្តមាននៃការផ្គត់ផ្គង់ថ្មីនៅត្រីមាសទី២។ គម្រោងថ្មីមួយចំនួនត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅត្រីមាសទី៣ ដែលមានទំហំប្រហែល២៤២.៦០០ម៉ែត្រការ៉េ។
តំបន់ Cikarang និងតំបន់ Karawang ដែលជាច្រករបៀងឧស្សាហកម្មនៅភាគខាងកើតនៃទីក្រុងហ្សាការតា នឹងទទួលបានគម្រោងអចលនទ្រព្យថ្មីសរុបទំហំ១០២.៤០០ម៉ែត្រការ៉េ នៅឆមាសទី២ ឆ្នាំ២០២៥។ តំបន់ទាំងនេះបានទាក់ទាញក្រុមហ៊ុនផលិតកម្មបរទេសចូលមកកាន់ទីផ្សារឥណ្ឌូនេស៊ី៕ប្រភព: JLL៕