ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលតម្លៃប្រេងកំពុងឡើងថ្លៃ និងកំពុងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា សម្តេចនឹងប្រកាសគោលការណ៍តម្លៃប្រេងជាថ្មី នៅថ្ងៃទី២៨ មិថុនា ខាងមុខនេះ។
សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីប្រកាសគោរពងារមន្រ្តីជាន់ខ្ពស់កម្ពុជានៅរាជបណ្ឌិតសភាកម្ពុជានាព្រឹកថ្ងៃទី១៩ មិថុនានេះថា សម្តេចនឹងប្រកាសគោលការណ៍តម្លៃប្រេង ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដោយសារ ការតម្លើងថ្លៃតម្លៃប្រេងរបស់ពិភពលោក។ ទោះជាយ៉ាងណាសម្តេចមិនបញ្ជាក់នូវគោលការណ៍លំអិតនេះទេ ប៉ុន្តែទំនងជាគោលការណ៍ថ្មីនេះ នឹងធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ តាមរយៈការកាត់បន្ថយពន្ឋលើការនាំចូលប្រេងពីបរទេស។
សម្តេចតេជោបានបន្តដោយបង្ហើបថា “កម្ពុជាបាននិងកំពុងរៀបចំគោលនយោបាយសេដ្ឋកិច្ចមួយចំនួន សម្រាប់អនុវត្តន៍នៅអាណត្តិថ្មី”។
បច្ចុប្បន្នកម្ពុជានាំចូលប្រេងពីបណ្តាប្រទេសក្នុងតំបន់ ដែលធ្វើឲ្យតម្លៃប្រេងនៅកម្ពុជាពិបាកក្នុងការគ្រប់គ្រងតម្លៃប្រេងក្នុងស្រុក។
បច្ចុប្បន្នក្រុមហ៊ុន KRISENERGY បាន និងកំពុងចាបផ្តើមធ្វើអាជីវកម្មទាញយកប្រេងឆៅពីតំបន់ប្លុកអេរបស់កម្ពុជា ដែលរំពឹងថាកម្ពុជានឹងទទួលបានដំណក់ប្រេងតំបូងនៅចុងឆ្នាំ២០១៩ខាងមុខនេះ៕