តើបិតាស្ថាបត្យកម្មកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណបន្សល់ទុកបណ្តាំអ្វីខ្លះលើផែនការអភិវឌ្ឍន៍ក្រុងភ្នំពេញនាពេលអនាគត?

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញស្ថាបត្យករ និងមានតួនាទីជាអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា បានលើកឡើងពីបណ្តាំរបស់អតីតបិតាស្ថាបត្យករខ្មែរលោក វណ្ណ មូលីវណ្ណ ទៅលើផែនការ និងទិសដៅដែលគួរធ្វើការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយភាពត្រឹមត្រូវ និងបញ្ចៀសហានិភ័យទៅថ្ងៃអនាគត។

អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា លោកសាស្ត្រាចារ្យទួស សាភឿន បានលើកឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់តំបន់ចាំបាច់បំផុត ត្រូវមានផែនការមេប្រកបដោយភាពត្រឹមត្រូវ និងក្រោមការសិក្សាលម្អិតដើម្បីបញ្ចៀសផលប៉ះពាល់ ដែលអាចកើតមានក្រោយការអភិវឌ្ឍ។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យបានលើក យកពីបណ្តាំរបស់អតីតបិតាស្ថាបត្យករខ្មែរ លោកបណ្ឌិតវណ្ណ មូលីវណ្ណពីតំបន់ដែលគួរ និងមិនគួរអភិវឌ្ឍន៍នៃរាជធានីភ្នំពេញលើចំណុចមួយចំនួន ដូចជា ទី១ ទីក្រុងភ្នំពេញ ត្រូវតែរីកទៅទិសខាងត្បូង ព្រោះជាដីតំបន់ខ្ពស់ ងាយស្រួលរៀបបណ្តាញទឹកស្អុយ រំដោះទឹកជំនន់ ជាទីទួលខ្ពស់ស្រាប់ចាក់លុបតិច ដីមានជីវជាតិសម្រាប់កសិកម្មផងដែរ។

ទី២ ប្រយ័ត្នតំបន់ខាងជើង ព្រោះជាតំបន់វាលទំនាប ងាយប្រឈមទឹកជំនន់ ជាតំបន់រង្វង់ស្នែងក្របី ដីទាប មានជំនន់ធំកើតឡើងជារៀងរាល់២៥ឆ្នាំម្តង កើតចេញពីជួរភ្នំក្រវាញ និងភ្នំដងរែក។

ទី៣ ទិសខាងកើត គួរក្សាទុកជាតំបន់បៃតងទុកផ្គត់ផ្គង់បន្លែបៃតង មិនត្រូវអនុ      ​ញ្ញាតឱ្យមានការរីកក្រុងទៅទិសនោះទេ ព្រោះខ្សែទឹកខាងល ទន្លេមេគង្គ ជាប្រភពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ឱ្យអ្នកក្រុងទាំងមូល ម្យ៉ាងវិញទៀតគ្មានប្រភពទទួលទឹកស្អុយ លំបាករៀបបណ្តាញលូទឹកស្អុយបញ្ចេញចោល។

ទី៤. ទិសខាងលិច ត្រូវរៀបចំជាតំបន់ឧស្សាហកម្ម សិប្បកម្ម ព្រោះងាយស្រួលដឹកជញ្ជូន ភ្ជាប់ទៅកាន់ តំបន់កំពង់ផែដឹកជញ្ជូន ។ល។

ក្រុងស្អាតទៅបាន រឺទីក្រុងអេកូឡូស៊ី វាអាស្រ័យទៅលើការប៉ិនប្រសប់រៀបឱ្យមាន តុល្យភាពនៃការរក្សាឱ្យមានតំបន់ខៀវ(ទឹក) និងបៃតង (សួន) ប្រភពបឹង មិនមែនដើម្បីលុបទេ ស្គាល់សាវតាតំបន់ គោរពអតីតកាលឱ្យតម្លៃអតីកាល បានធ្វើឱ្យក្រុងរៀបថ្មីមានអនាគតល្អ។

អ្នកដឹកនាំក្រុងល្អ ជាមនុស្សមិនមែនជាអ្នកនយោបាយទេ គឺជាមនុស្សបច្ចេក​ទេសយល់ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងសេដ្ឋកិច្ចច្បាស់លាស់ ជាមនុស្សមានផែនការ និងយល់ស្ថានការល្អឥតខ្ចោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here