សម្តេចតេជោ៖ ខេត្តតាកែវ មានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានចាត់ទុកខេត្តតាកែវ ជា​ខេត្តមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ហើយសម្តេចរំពឹងថា ក្រោយពេលផ្លូវជាតិលេខ២ស្ថាបនា និងពង្រីករួចនឹងមានរោងចក្រកាន់តែច្រើនវិនិយោគក្នុងខេត្តនេះ។

សម្តេចបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតជាង១៧,០០០នាក់ មកពីបណ្តារោងចក្រនានាក្នុងខេត្តនេះ នាព្រឹកថ្ងៃទី២០ មិថុនានេះថា ខេត្តតាកែវមាន​សក្តានុពលវិនិយោគខ្ពស់ ហើយមានដីទំនេរច្រើនសម្រាប់បង្កើតរោងចក្រ សហគ្រាសនា​នា។ សម្តេចបានកត់សំគាល់ផងដែរថា ខេត្តតាកែវបច្ចុប្បន្នមានភាពខុសប្លែកពីខេត្តនេះ​កាលពីទសវត្សរ៍ទី៨០ ហើយជំនួបជាមួយកម្មករ និយោជិតនាព្រឹកថ្ងៃនេះ ជាការបង្ហាញពី​ការរីកចម្រើនរបស់ខេត្ត។

សម្តេចបានបន្តទៀតថា “សម្តេចពិតជាសប្បាយរីករាយ ដែលគោលនយោបាយពង្រាយរោងចក្រ មកតាមបណ្តាខេត្តកំពុងដំណើរការយ៉ាងល្អប្រសើរ”។

រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងសិក្សាពង្រីកផ្លូវជាតិលេខ២ ចាប់ពីពីរគន្លងរថយន្ត ទៅ៤គន្លងរថយន្តនាពេលអនាគត ប៉ុន្តែការសិក្សាបញ្ចប់នៅពេលណា និងបើកការ​ដ្ឋានសាងសង់ផ្លូវការមិនទាន់ចាប់ផ្តើមនៅឡើយទេ។

អភិបាលខេត្តតាកែវលោកអ៊ូច ភាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីនេះថា ខេត្តតាកែវកំពុងមានការរីកចម្រើនផ្នែកឧស្សាហកម្ម ដោយបច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសប្រមាណ១៤០ ផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តជាង៤០,០០០នាក់ និងផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត ប្រមាណ៨លានដុល្លារអាមេរិកក្នុងមួយខែ។

លោកបន្តថា “តាមរយៈការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋនានា និងគោលនយោបាយរបស់រដ្ឋាភិបាល លោកសង្ឃឹមថាខេត្តនេះនឹងមានភាពរីកចម្រើន និងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៀត”។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងផ្លាស់ប្តូរទីផ្សារពលកម្មពី អតិពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់កំលាំងពលកម្មជំនាញ ដែលទាញទាញនិបង្កើតតម្លៃបន្ថែមបានកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here