ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាល តាមយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងថ្មីៗចំនួន៤០គម្រោង ដែលបោះទុនវិនិយោគ២.១១៥,៥លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ និងបង្កើតការងាររាប់ម៉ឺនកន្លែង សម្រាប់ប្រជាជននៅក្នុងស្រុក បើទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ។
លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate បានឱ្យដឹងថា នៅក្នុងដំណាក់កាលនេះ យើងបានមើលឃើញថា ការវិនិយោគទៅលើរោងចក្រ ដូចជា ការទិញដីសម្រាប់សង់រោងចក្រ និងការសង់ឃ្លាំងសម្រាប់ជួលបម្រើ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅតែមានកំណើនជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញប្រកាសជាហូរហែពីការវិនិយោគលើវិស័យរោងចក្រនេះ។
លោកបានឱ្យដឹងទៀតថា “នៅក្នុងពេលនេះ វិស័យ ដែលសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា គឺនៅតែជាវិស័យឧស្សាហកម្មកាត់ដេរ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងសម្រួលដល់ការវិនិយោគសម្រាប់វិស័យនេះ និងវិស័យផ្សេងៗជាច្រើនទៀត”។
CDC ក្នុងខែមីនា ឆ្នាំ២០២១ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន១៣ ដែលបោះទុនវិនិយោគ១.៣៦៩,២លានដុល្លារ ឬជាង១,៣៦ពាន់លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែងដល់ប្រជាជនក្នុងស្រុក ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
គម្រោងវិនិយោគថ្មីទាំង១៣ រួមមានដូចជា គម្រោងបង្កើតរោងចក្រសម្លៀកបំពាក់ រោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិក រោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ គម្រោងបង្កើតវារីវប្បកម្ម រោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយាន រោងចក្រផលិតឱសថ រោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម និងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្មជាដើម។
ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ គម្រោងវិនិយោគចំនួន១៦ ដែលមានទឹកប្រាក់សរុបជាង៧០០លានដុល្លារ ត្រូវបានអនុម័ត ដោយបានបង្កើតការងារថ្មីជាង១ម៉ឺនកន្លែង បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែតាមយាយីសេដ្ឋកិច្ចកម្ពុជាក្នុងតំបន់ និងពិភពលោកក្តី។
របាយការណ៍របស់CDC បានឱ្យដឹងថា CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១៦ ដែលមានទុនវិនិយោគចំនួន ៧០២,៥ លានដុល្លារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្រាប់គម្រោងវិនិយោគថ្មីទាំង១៦នោះ គឺទៅលើការបង្កើតរោងចក្រក្នុងវិស័យកាត់ដេរ វាយនភណ្ឌ កាបូប រោងចក្រផលិតសម្បកកង់យានយន្ត រោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ បង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ គម្រោងបង្កើតរោងចក្រផលិតសម្ភារបរិក្ខារ សម្រាប់ចង្ក្រាន BBQ, ផ្គុំដំឡើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស និងគម្រោងបង្កើតរោងចក្រផលិតក្រដាស។
យោងតាមទិន្នន័យកត់ត្រា ដោយ CDC បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១១ ដែលមានទុនវិនិយោគចំនួន៤៣.៨លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។
ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់សកលលោកក្តី ក៏កម្ពុជា នៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតបានផងដែរ។
គម្រោងវិនិយោគថ្មីទាំង១១នោះរួមមាន បង្កើតរោងចក្រផលិតបង់ស្អិត គ្រប់ប្រភេទ រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតស្បែកជើង រោងចក្រផលិតប្រអប់ក្រដាសកាតុង និងផលិតផលវេចខ្ចប់ពីក្រដាសគ្រប់ប្រភេទ រោងចក្រផលិតកាបូប និងរោងចក្រផលិតធុងទឹកកកជាដើម៕