ធនាគារ ហត្ថា បរិច្ចាគគ្រែពេទ្យដល់មន្ទីរពេទ្យបង្អែកឧដុង្គដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការព្យាបាលគ្រប់គ្រាន់ និងមានផាសុកភាព

0

ដោយៈសហការី

កំពង់ស្ពឺៈ ធនាគារហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាងគេលំដាប់ទី២ក្នុង​ប្រទេសកម្ពុជា បានបរិច្ចាគគ្រែពេទ្យចំនួន១០ ជូនដល់មន្ទីរពេទ្យបង្អែកឧដុង្គ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ការចូលរួមបរិច្ចាគនេះផងដែរ គឺធ្វើឡើងក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ នៅក្នុងសហគមន៍ទាំងមូល ទទួលបានសេវាថែទាំសុខភាព និងការថែទាំជំងឺពេញលេញប្រកដោយផាសុកភាពបំផុត ជាពិសេសស្របពេលដែរមន្ទីរពេទ្យ កំពុងតែត្រូវការគ្រែជាចាំបាច់សម្រាប់ត្រៀមថែរទាំ អ្នកជំងឺក្នុងកំឡុកពេលដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។

ការឧបត្ថម្ភគ្រែពេទ្យនេះ មិនមែនជាសកម្មភាពការងារសង្គមលើកទីមួយរបស់ ធនាគារ ហត្ថានោះទេ។  កន្លងមក ធនាគារ បានផ្តួចផ្តើម និងចូលរួមការងារសង្គមផ្សេងៗទៀតយ៉ាងសកម្មបំផុត​ និងបានឧបត្ថម្ភគ្រែពេទ្យជាច្រើន ដល់មន្ទីរពេទ្យបង្អែកនៅតាមទីជនបទ ដើម្បីឱ្យមន្ទីរពេទ្យមានគ្រែគ្រប់គ្រាន់ សម្រាប់អ្នកជំងឺសំរាកព្យាបាល និងប្រាកដថាប្រជាពលរដ្ឋ នឹងទទួលបានសេវាថែទាំសុខភាពបានយ៉ាងល្អ ពីសំណាក់លោកគ្រូអ្នកគ្រូពេទ្យរបស់យើង។

ទន្ទឹមនឹងនេះផងដែរ គណៈគ្រប់គ្រង​  ព្រមទាំងបុគ្គលិកទាំងអស់ នៃធនាគារ ហត្ថា តែងតែផ្តោតសំខាន់ និងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមសហគមន៍ ឱ្យទទួលបានសេវាថែទាំសុខភាពស្មើៗគ្នា និងប្រកបដោយគុណភាពខ្ពស់។

ការឧបត្ថម្ភមួយនេះ មិនត្រឹមតែជួយលើកកម្ពស់សុខុមាលភាព តែមួយមុខនោះទេ តែនេះគឺជាទង្វើដ៏ល្អប្រពៃមួយ ដែរបញ្ជាក់ពីការជួយគ្នាក្នុងគ្រាខ្វះខាត ជាពិសេសជាការឆ្លើយតប ខណៈពេលដែលប្រទេសជាតិយើង កំពុងតែជួបទុក្ខលំបាកដោយសារជំងឺកូវីដ១៩។

អំពីធនាគារហត្ថា

ធនាគារហត្ថា បានកម្លាយខ្លួនជាផ្លូវការ ទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង២៦ឆ្នាំ។ គិតត្រឹមខែមីនា ឆ្នាំ២០២១  ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប៨២២លានដុល្លារអាមេរិក និងផលប័ត្រឥណទានសម្រេចបាន១,៤១២លានដុល្លារអាមេរិក។

នាពេលបច្ចុប្បន្ននេះ ធនាគារហត្ថា ផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជន ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់​ឆ្លង​ធនាគារ​ក្នុង​ស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំង​ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង។

ធនាគារហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here